កាលពីថ្ងៃទី ២ ខែធ្នូ លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាការងារជាមួយលោក Bui Thanh Son រដ្ឋមន្ត្រីការបរទេសវៀតណាមនៅទីក្រុង Anji ខេត្ត Zhejiang ប្រទេសចិន ។ លោក Wang Yi បានបញ្ជាក់ថា ប្រទេសចិននិងវៀតណាមជាប្រទេសសង្គមនិយមទាំងពីរដែលដឹកនាំដោយបក្សកុម្មុយនិស្តបានដើរតាមមាគ៌ាអភិវឌ្ឍន៍ដែលសមស្របនឹងសភាពការណ៍ជាតិរបស់ខ្លួន។ យើងគួរតែចងចាំពីគោលបំណងដើមនិងមានជំនឿចិត្តយ៉ាងមុតមាំ រួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីរួមចំណែករបស់ខ្លួនក្នុងការគាំពារបុព្វហេតុសង្គមនិយមរបស់ប្រទេសទាំងពីរនិងបុព្វហេតុវិវឌ្ឍន៍រីកចម្រើននៃមនុស្សជាតិ ។
ជាការឆ្លើយតប លោក Bui Thanh Son បានជូនពរដោយស្មោះអស់ពីដួងចិត្តឱ្យប្រទេសចិនទទួលបានភាពជោគជ័យក្នុងព្រឹត្តិការណ៍សំខាន់ៗក្នុងស្រុកនិងអន្តរជាតិ ដូចជាការបើកធ្វើសមាជបក្សកុម្មុយនិស្តចិនលើកទី២០ និងការរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងនៅឆ្នាំ២០២២ខាងមុខ ។លោកបានថ្លែងថា ប្រទេសចិនជាប្រទេសដែលផ្តល់វ៉ាក់សាំងច្រើនបំផុតដល់ប្រទេសវៀតណាម វៀតណាមសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តចិន។ ក្នុងនាមជាសមមិត្តនិងជាអ្នកជិតខាងដ៏ជិតស្និទ្ធនិងស្មោះត្រង់ ជានិច្ចកាល វៀតណាមតែងតែគាំទ្រប្រទេសចិនឱ្យទទួលបានការវិវឌ្ឍរីកចម្រើនយ៉ាងខ្លាំងក្លា និងគាំទ្រប្រទេសចិនដើរតួនាទីកាន់តែសំខាន់លើឆាកអន្តរជាតិផងដែរ ។