សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា ”ខ្ញុំចង់បន្ថែមឈ្មោះពីលើឈ្មោះ ស្ពានមិត្តភាពកម្ពុជា-ចិនបន្ដិច ខ្ញុំចង់ហៅស្ពាននេះថាជា ស្ពានភ្ជាប់និស្ស័យ។ ស្ពានភ្ជាប់និស្ស័យនេះ គឺមានន័យទូលំទូលាយភ្ជាប់និស្ស័យម្ខាង រវាងកម្ពុជានិងចិន ដែលនេះជាន័យទូលំទូលាយ ហើយក៏វាបម្រើឲ្យគោលដៅនៃមិត្តភាពកម្ពុជា-ចិន”។ បន្ថែមពីការភ្ជាប់និស្ស័យរវាងកម្ពុជា-ចិនហើយនោះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា “ស្ពាននេះក៏ភ្ជាប់និស្ស័យរវាងខ្ញុំ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។ ”
នាថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២១ ពិធីសម្ពោធស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ដែលសាងសង់ដោយក្រុមហ៊ុនចិនត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្នុងពិធីបើកសម្ពោធ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ចុងសងខាងស្ពាននេះគឺជាស្រុកកំណើតរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត គឺតភ្ជាប់ស្រុកស្ទឹងត្រង់របស់ខេត្តកំពង់ចាម និងស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “កាលខ្ញុំនៅក្មេង ខ្ញុំពិបាកនឹងស្រមៃថានឹងមានស្ពានឆ្លងកាត់ទន្លេមេគង្គដ៏ធំបែបនេះណាស់ ។”
លោក ស៊ី គោសៀន អគ្គនាយករងរបស់សាខាក្រុមហ៊ុនកម្ពុជានៃក្រុមហ៊ុនស្ថាបត្យកម្មសៀងហៃបានបញ្ជាក់ថា គម្រោងនេះជាគម្រោងដំណាក់កាលទី ១ នៃផ្លូវជាតិលេខ ៧១C ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រទេសចិនបានផ្តល់ប្រាក់កម្ចីសម្បទានដល់ប្រទេសកម្ពុជា ហើយបានជួយប្រទេសកម្ពុជាជួសជុលស្ពាន បង្កើតផ្លូវ និងអភិវឌ្ឍន៍ថាមពលអគ្គិសនី ។ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារមិនគ្រាន់តែជាស្ពានដែលតភ្ជាប់ខេត្តកំពង់ចាមនិងខេត្តត្បូងឃ្មុំប៉ុណ្ណោះទេ ហើយក៏ក្លាយជាស្ពានមិត្តភាពរបស់ប្រជាជនចិន និងប្រជាជនកម្ពុជា ។
លោក សុវណ្ណ ជាអ្នកស្រុករបស់ក្រូចឆ្មារខេត្តត្បូងឃ្មុំ លោកបានថ្លែងអំណារគុណដល់រដ្ឋាភិបាលចិន និងក្រុមហ៊ុនចិន លោកបានបញ្ជាក់ថា “យើងខ្ញុំជាអ្នកប្រើប្រាស់ស្ពាននេះ ពីមុន យើងពិបាកឆ្លងទន្លេមេគង្គ មានតែផ្អែកលើទូក និងឆ្លងតាមផ្លូវផ្សេងៗ ត្រូវយ៉ាងហោចណាស់ចាយជាង ១ ម៉ោង ហើយនៅរដូវវស្សា ការជិះទូកមានហានិភ័យផងដែរ ។ សព្វថ្ងៃ យើងទៅទល់មុខទន្លេមេគង្គចំណាយត្រឹមតែ ១០ នាទី ។”
លោក គុន ហ៊ា អភិបាលរងស្រុករបស់ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមបានបញ្ជាក់ថា ស្ពាននេះកែលម្អបណ្តាញចរាចរណ៍របស់ស្រុកស្ទឹងត្រង់ ដែលសន្សំសំចៃថវិកា និងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋទៅវិញទៅមកទាំងសងខាងទន្លេមេគង្គ កម្រិតការរស់នៅរបស់ប្រជាពលរដ្ឋកាន់តែខ្ពស់ពីគម្រោងនេះ ប្រជាពលរដ្ឋសម្តែងក្តីរំភើបយ៉ាងខ្លាំងចំពោះជំនួយរបស់ប្រទេសចិនក្នុងការសាងសង់ស្ពាននេះ។
លោក ដាណារិទ្ធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំរៀបរាប់ថា គម្រោងនេះដើរតួនាទីសំខាន់ក្នុងការភ្ជាប់ភាគខាងលិច និងភាគខាងកើតរបស់ប្រទេសកម្ពុជា ជាពិសេសអាចនាំការអភិវឌ្ឍក្នុងភាគខាងកើតរបស់ប្រទេសកម្ពុជា ដូចជា ខេត្តក្រចេះ ខេត្តស្ទឹងត្រែ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ស្ពាននេះបានផ្តល់ការងាយស្រួលក្នុងការដឹកជញ្ជូនដំណាំ និងទំនិញដល់ខេត្តខាងលើ ។
ទន្ទឹមនេះដែរ ភាគខាងជើងរបស់ខេត្តត្បូងឃ្មុំមានតំបន់ច្រើនជាតំបន់ទឹកជំនន់តាមរដូវ ក្នុងរដូវវស្សាមានបញ្ហាពិបាកធ្វើដំណើរការ ដែលបានរារាំងស្ថានភាពចរាចរណ៍ក្នុងតំបន់ ។ លោក ស៊ី គោសៀន បានរៀបរាប់ថា ស្ពាននេះឆ្លងកាត់តំបន់ទឹកជំនន់ ដែលអាចធានាការប្រើប្រាស់ពេញមួយឆ្នាំ ។
ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជាបានបញ្ជាក់ថា “ប្រទេសចិនមានសុភាសិតមួយហៅថា បើចង់ឆ្លងកាត់ស្ពានត្រូវបង្កើតស្ពានសិន ស្ពានមួយបន្តមួយមិនគ្រាន់តែតភ្ជាប់គ្រប់តំបន់នៃប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងតភ្ជាប់ដួងចិត្តរបស់ប្រជាជនចិន និងកម្ពុជា ដែលបានក្លាយជាស្ពានមិត្តភាពចិននិងកម្ពុជាជាក់ស្តែង ។ “
អ្នកបកប្រែ៖刘蓉