លោក Li Keqiang នាយករដ្ឋមន្ត្រីចិន៖ប្រទេសចិននឹងបន្តពង្រីកការបើកទូលាយចំពោះបរទេសប្រកបដោយកម្រិតខ្ពស់ ក្នុងន័យធ្វើឱ្យពិភពលោកអាចចែករំលែកកាលានុវត្តភាពថ្មីនៃការអភិវឌ្ឍរបស់ប្រទេសចិន

2021-12-07 16:56:25 |ប្រភព:CRI

យប់​ថ្ងៃទី​៦ ខែ​ធ្នូ ​ខណៈពេល​ចូល​រួម​កិច្ច​សន្ទនា​តុមូល “១បូក​៦” លើក​ទី​៦​​តាម​ប្រព័ន្ធវីដេអូលោក Li Keqiang នាយករដ្ឋមន្ត្រីចិនបាន​ថ្លែង​ទៅកាន់​អ្នក​ទទួល​ខុស​ត្រូវ​នៃអង្គការ​សេដ្ឋកិច្ច​អន្តរជាតិ​សំខាន់ៗ​ប្រចាំ​នៅក្រុង​ប៉េកាំងថា សេដ្ឋកិច្ច​ចិន​បានរួម​បញ្ចូល​ជា​មួយ​សេដ្ឋកិច្ច​ពិភពលោក​យ៉ាង​ស៊ីជម្រៅ ការ​បើក​ទូលាយ​ជា​ជម្រើស​ដ៏​ម្ចាស់ការ​ដើម្បី​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ ដូច្នេះ ទ្វារ​នៃការ​បើក​ទូលាយរបស់ចិន​នឹង​មាន​ភាពកាន់​តែ​ទូលំទូលាយ ។

លោក Li Keqiang បាន​លើក​ឡើង​ថា ឆ្នាំនេះ ជា​ខួប​ទី​២០​នៃ​ការ​ដែល​ប្រទេស​ចិន​ចូល​ជា​សមាជិក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ។ ក្នុង​រយៈពេល​២០​ឆ្នាំ​កន្លង​មក​ ប្រទេស​ចិន​បាន​គោរព​តាម​​ច្បាប់កំណត់ពាក់ព័ន្ធ​យ៉ាង​ម៉ឺងម៉ាត់ បាន​បំពេញ​តាមពាក្យ​សន្យារបស់ខ្លួន​​យ៉ាង​ហ្មត់ចត់ ដែលទទួល​បាន​ការ​អភិវឌ្ឍ​របស់​ខ្លួនឯង​ផង​ ហើយ​ក៏បាន​នាំ​មក​នូវ​ផល​ប្រយោជន៍​ដល់​ពិភពលោក​ផង​ ។ ប្រទេស​ចិន​ប្រកាន់ខ្ជាប់ការ​​អភិវឌ្ឍ​ការនាំចេញ​​នាំ​ចូល​ដោយ​តុល្យភាព​ គ្មាន​ចេតនា​​ស្វែង​រក​អតិរេកពាណិជ្ជកម្ម​ទេ ទំហំ​នាំ​ចូល​បាន​បង្កើន​ឡើង​ពីមួយ​ឆ្នាំ​ទៅមួយ​ឆ្នាំ ប្រទេស​ចិន​បាន​ក្លាយ​ជា​ទីផ្សារ​នាំ​ចូល​ធំទីពីរ​នៅលើ​ពិភពលោក​រយៈពេល​១២​ឆ្នាំ​ជាប់ៗ​គ្នា ។ ប្រទេ​សចិនបាន​​បន្ត​បន្ធូរ​បន្ថយ​នូវ​ការដាក់​កំហិត​ចំពោះ​​ការ​អនុញ្ញាត​ឱ្យទុន​បរទេស​​​​ចូល​ទី​ផ្សារ​របស់​ប្រទេស​ចិន​ ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ បញ្ជីអវិជ្ជមាននៃការអនុញ្ញាត​ឱ្យទុន​បរទេស​​​ចូលក្នុង​ទីផ្សារ​ចិន​បាន​កាត់​បន្ថយ​២ភាគ៣ ដោយ​ឡែក​នៅមុន​ចុង​ឆ្នាំ​នេះ ចិន​នឹង​ដាក់​ចេញ​បញ្ជីអវិជ្ជមាន​​ថ្មីនៃការអនុញ្ញាត​ឱ្យទុន​បរទេស​​​ចូលក្នុង​ទីផ្សារ​ចិន ។ ប្រទេស​ចិន​​ចូល​រួមយ៉ាង​សកម្ម​នូវ​កិច្ច​សហប្រតិបតិ្តការ​សេដ្ឋកិច្ច​ក្នុ​ងតំបន់ ជំរុញ​ឱ្យ​​កិច្ច​ព្រម​ព្រៀង​ស្តីពី​ទំនាក់​ទំនង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​ក្នុង​តំបន់ (ហៅ​កាត់ RCEP)អាច​ចូល​ជា​ធរមាន​នៅដើម​ឆ្នាំ​ក្រោយ ។ ប្រទេសចិន​បាន​លើក​កម្ពស់​ស្តង់ដារ​របស់ខ្លួន​ឱ្យ​ស្រប​នឹង​​ស្តង់ដារ​ខ្ពស់របស់​អន្តរជាតិ​លើវិស័យ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ ស្នើ​សុំ​​ចូល​ជា​សមាជិក​នៃ​កិច្ច​ព្រម​ព្រៀងស្តីពីទំនាក់ទំនង​​ភាព​ជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​គ្រប់​ជ្រុង​ជ្រោយ​និង​វឌ្ឍនភាព និង​កិច្ច​ព្រម​ព្រៀង​ស្តីពីទំនាក់ទំនង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ឌីជីថល​ ។ ប្រទេស​ចិន​នឹង​បន្ត​ពង្រីក​ការ​បើក​ទូលាយចំពោះ​បរទេស​ប្រកប​ដោយ​កម្រិត​ខ្ពស់ ក្នុ​ងន័យធ្វើ​​ឱ្យ​ពិភពលោកអាច​​ចែករំលែក​កាលានុវត្តភា​ព​ថ្មីនៃ​ការ​អភិវឌ្ឍរបស់​ប្រទេស​ចិន​ ៕