សំដៅចំពោះ “កិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ”ដែលអាមេរិកជិតនឹងរៀបចំធ្វើ បញ្ញវន្តចិននិងអន្តរជាតិបានរៀបចំធ្វើកិច្ចសន្ទនាជាន់ខ្ពស់ស្តីពី “បញ្ញវន្តចិននិងអន្តរជាតិនិយាយអំពីប្រជាធិបតេយ្យ”នាពេលថ្មីៗកន្លងទៅនេះ ដែលបានសម្គាល់ឃើញថា អាមេរិកមានបញ្ហាខាងប្រជាធិបតេយ្យជាច្រើន និងប្រឈមនឹងបញ្ហាយ៉ាងធំ ប៉ុន្តែបែរជាត្រៀមបើកធ្វើនូវអ្វីដែលហៅថា “កិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ”ទៅវិញ វាគឺជារឿងគួរឱ្យអស់សំណើចណាស់ ។ ព្រមពេលជាមួយគ្នានេះ បញ្ញវន្តទាំងឡាយក៏បានអំពាវនាវថា វិធីសាស្ត្របច្ចុប្បន្នដែលប្រើសម្រាប់វាយតម្លៃពីប្រជាធិបតេយ្យគួរតែធ្វើការកែប្រែនិងធ្វើឱ្យមានសុក្រឹតភាព ។
លោក Li Shimo អនុប្រធានក្រុមប្រឹក្សានៃវេទិកាចិនរបស់មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវយុទ្ធសាស្ត្រនិងសន្តិសុខនៃសកលវិទ្យាល័យTsinghuaប្រទេសចិនបានថ្លែងថា យើងមិនត្រូវវាយតម្លៃពីប្រជាធិបតេយ្យតាមតែរបៀបវារៈទេ ត្រូវគិតពិចារណាពីការវាយតម្លៃតាមរយៈលទ្ធផល ។ និយាយចំពោះប្រទេសកំពុងអភិវឌ្ឍន៍ ស្តង់ដារវាយតម្លៃថ្មីនេះជារឿងល្អមួយ ដោយសារក្នុងរយៈពេលរាប់សិនឆ្នាំកន្លងមក ប្រទេសទាំងនេះសុទ្ធតែរងការដាក់កំហិតពីសេរីភាពនិយម ហើយគ្មានមធ្យោបាយពង្រីកសក្តានុភាពប្រជាធិបតេយ្យរបស់ខ្លួន ។
លោក Martin Jacques អតីតអ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់ផ្នែកនយោបាយនិងអន្តរជាតិរបស់សកលវិទ្យាល័យ Cambridge នៃប្រទេសអង់គ្លេសបានលើកឡើងថា និយាយសរុបទៅ មិនថាប្រទេសមួយអនុវត្តប្រព័ន្ធរបបនយោបាយណាមួយក្តី ក៏សុទ្ធតែត្រូវស្វែងរកផលប្រយោជន៍ជូនដល់ប្រជាជន បើសិនជាមិនអាចធ្វើបាន នោះក៏ត្រូវគេជំនួស នេះជាបញ្ហាធំបំផុតដែលប្រជាធិបតេយ្យលោកខាងលិចបានប្រឈមក្នុងសម័យទំនើប ពោលគឺគ្មានសមត្ថភាពធ្វើឱ្យប្រជាជនមានជីវភាពរស់នៅកាន់តែល្អ ។ ប៉ុន្តែផ្ទុយទៅវិញ ក្នុងរយៈពេល៤០ឆ្នាំកន្លងមក ប្រទេសចិនបានលើកកម្ពស់យ៉ាងខ្លាំងនូវកម្រិតជីវភាពរស់នៅរបស់ប្រជាជន ៕