ថ្ងៃទី៨ខែធ្នូ លោកស៊ីជីនភីងប្រធានរដ្ឋចិនបានផ្ញើសារលិខិតជូនចំពោះលោកScholz ដើម្បីអបអរសាទរចំពោះលោកដែលបានជាប់ឆ្នោតជានាយករដ្ឋមន្រ្តីអាល្លឺម៉ង់។
ថ្លែងក្នុងសារលិខិត លោកស៊ីជីនភីងបានលើកឡើងថា ចិននិងអាល្លឺម៉ង់បានចាត់ទុកគូភាគីជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ជាច្រើនឆ្នាំកន្លងមក ប្រទេសទាំងពីរបានប្រកាន់ខ្ជាប់ការគោរពគ្នាទៅវិញទៅមក ការស្វែងរកចំណុចឯកភាពគ្នានិងរក្សាទុកគំនិតមិនស្របគ្នា ក៏ដូចជាធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដែលសម្រេចបាននូវរឿងធំៗជាច្រើនក្នុងការបង្កើតសុខសុភមង្គលជូនចំពោះប្រជាជននិងប្រទេសទាំងពីរ ក៏ដូចជាពិភពលោកទាំងមូលផងដែរ។ ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះការពង្រីកទំនាក់ទំនងរវាងចិននិងអាល្លឺម៉ង់ ហើយរីករាយរួមសហការជាមួយលោកនាយករដ្ឋមន្រ្តី ចាត់ទុកការអបអរសាទរខួបទី៥០នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងប្រទេសទាំងពីរនៅឆ្នាំក្រោយជាកាលានុវត្តភាព ដើម្បីពង្រឹងនិងធ្វើឱ្យស៊ីជម្រៅនូវការកសាងទំនុកចិត្តនយោបាយរវាងគ្នានិងគ្នា ត្រួសត្រាយការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក៏ដូចជាជំរុញទំនាក់ទំនងរវាងចិននិងអាល្លឺម៉ង់ឱ្យឡើងដល់កម្រិតថ្មីថែមទៀត។
នៅថ្ងៃដដែល លោកលីខឺឈាងនាយករដ្ឋមន្រ្តីចិនក៏បានផ្ញើសារលិខិតសាទរជូនចំពោះ លោកScholz ដោយបានលើកឡើងថា ទំនាក់ទំនងរវាងចិននិងអាល្លឺម៉ង់បានក្លាយជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតមួយលើពិភពលោក ៕