ថ្ងៃទី៩ ខែធ្នូ ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ប្រទេសចិននឹងផ្តល់ការគាំទ្រយ៉ាងមុតមាំដល់ប្រទេសកម្ពុជាក្នុងការគាំពារអធិបតេយ្យភាពជាតិនិងសេចកី្តថ្លៃថ្នូរជនជាតិ ហើយនឹងឈរនៅជាមួយប្រជាជនកម្ពុជាយ៉ាងមុតមាំជារៀងរហូត ។
តាមដឹងការផ្សាយដំណឹងឱ្យដឹងថា នៅថ្ងៃទី៨ ខែធ្នូ ក្រសួងពាណិជ្ជកម្មអាមេរិកបានប្រកាសថា នឹងអនុវត្តវិធានការដាក់កំហិតថ្មីចំពោះទំនិញរបស់កម្ពុជាដែលនាំចេញទៅកាន់អាមេរិកដោយផ្ទាល់ឬដោយប្រយោល ដោយយកបញ្ហារំលោភសិទ្ធិមនុស្ស អំពើពុករលួយ និងអនុញ្ញាតឱ្យប្រទេសចិនពង្រីកវត្តមានយោធានៅកម្ពុជាធ្វើជាលេស ហើយបានប្រកាសទៀតថា នឹងហាមឃាត់ការដឹកជញ្ជូនអាវុធទៅកាន់កម្ពុជា ។
ពេលឆ្លើយតបនឹងសំណួរពាក់ព័ន្ធ លោក Wang Wenbin បានថ្លែងថា ក្នុងមួយរយៈពេលកន្លងមក អាមេរិកបានឃោសនាបំប៉ោងនិងលាបពណ៌ជាបន្តបន្ទាប់ចំពោះការប្រាស្រ័យទាក់ទងនិងកិច្ចសហប្រតិបតិ្តការជាប្រក្រតីរវាងចិននិងកម្ពុជា ដោយបានធ្វើការគំរាមកំហែង ដាក់សម្ពាធនិងដាក់ទណ្ឌកម្មទៅលើកម្ពុជា នេះជាទង្វើអនុត្តរភាពនិយមសុទ្ធសាធ ដែលបានផ្ទុយនឹងក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ដូច្នេះប្រទេសចិនសម្តែងការប្រឆាំងយ៉ាងដាច់ខាត ។
លោក Wang Wenbin បានថ្លែងទៀតថា “ចិននិងកម្ពុជាជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមិត្តដែកថែបនិងជាសហគមន៍រួមវាសនា ចំណងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរបានឆ្លងកាត់ការប្រឈមគ្រប់បែបយ៉ាង មានភាពរឹងមាំមិនអាចបំបែកបំបាក់បានទេ ។ ចេតនាអាក្រក់របស់អាមេរិកដែលប៉ុនប៉ងចង់ញុះញង់បំបែកបំបាក់ទំនាក់ទំនងរវាងចិននិងកម្ពុជាពិតជានឹងទទួលបរាជ័យជាមិនខាន ។ ប្រទេសចិននឹងផ្តល់ការគាំទ្រយ៉ាងមុតមាំដល់ប្រទេសកម្ពុជាក្នុងការគាំពារអធិបតេយ្យភាពជាតិនិងសេចកី្តថ្លៃថ្នូរជនជាតិ ហើយនឹងឈរនៅជាមួយប្រជាជនកម្ពុជាយ៉ាងមុតមាំជារៀងរហូត ៕”