ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ ២០២២ គឺជាព្រឹត្តិការណ៍អន្តរជាតិដ៏ឱឡារិកសម្រាប់អត្តពលិកកីឡានៃអូឡាំពិករដូវរងានិងអ្នកនិយមចូលចិត្តកីឡាលើទឹកកកនៅទូទាំងពិភពលោក ហើយប្រជាជននៃបណ្តាប្រទេសនានាលើពិភពលោកបានទន្ទឹមរង់ចាំដោយភាពកក់ក្តៅជាយូរមកហើយចំពោះព្រឹត្តិការណ៍នេះ ។ យ៉ាងណាមិញ រដ្ឋាភិបាលអាមេរិកបែរជាលេងល្បែងនយោបាយម្តងហើយម្តងទៀតដោយយកការប្រកួតកីឡាអូឡាំពិករដូវរងានិងយកអ្វីដែលហៅថា "បញ្ហាសិទ្ធិមនុស្សនៅស៊ីនជាំង"ធ្វើជាលេស ហើយបានប្រកាសថា ខ្លួននឹងមិនចាត់បញ្ជូនមន្រ្តីការទូតឬតំណាងផ្លូវការណាមួយឱ្យចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងនោះទេ ។ ការដែលរដ្ឋាភិបាលអាមេរិកបានទទូចធ្វើឱ្យកីឡាទៅជារឿងនយោបាយ គឺជាទង្វើធ្វើផ្ទុយយ៉ាងធ្ងន់ធ្ងរនឹងស្មារតីនៃធម្មនុញ្ញកីឡាអូឡាំពិក ហើយក៏ជាការបង្កហេតុខាងនយោបាយសុទ្ធសាធផងដែរ វានឹងធ្វើឱ្យប្រជាជនទូទាំងពិភពលោកមើលយ៉ាងច្បាស់ពីធាតុពិតនៃការប្រឆាំងប្រទេសចិននិងមុខមាត់លាក់ពុតរបស់រដ្ឋាភិបាលអាមេរិក ។
អ្វីដែលហៅថា "សកម្មភាពប្រល័យពូជសាសន៍"នៅស៊ីនជាំង គឺជាពាក្យភូតកុហកប្រចាំសតវត្សរ៍ដែលបានប្រឌិតឡើងដោយសហរដ្ឋអាមេរិកតែប៉ុណ្ណោះដែលត្រូវបានលាតត្រដាងដោយការពិតជាក់ស្តែងរួចមកហើយ ។ ក្រោមការណែនាំពីគោលនយោបាយអភិបាលកិច្ចភូមិភាគស៊ីនជាំងដ៏ត្រឹមត្រូវនិងខ្លាំងក្លារបស់រដ្ឋាភិបាលចិន បច្ចុប្បន្ននេះ នៅភូមិភាគស៊ីនជាំង សេដ្ឋកិច្ចមានការរីកចម្រើនជាបន្តបន្ទាប់ សង្គមមានភាពចុះសម្រុងគ្នានិងមានស្ថិរភាព បាននិងកំពុងឋិតក្នុងដំណាក់កាលល្អបំផុតក្នុងប្រវត្តិសាស្ត្រ ។ សិទ្ធិមនុស្សរបស់ប្រជាជនគ្រប់ជនជាតិនៅតំបន់ស៊ីនជាំងទទួលបានការគោរពនិងការពារយ៉ាងពេញលេញ ។ គួរបញ្ជាក់ថា ទង្វើរបស់អាមេរិកបែបនេះមិនអាចបំភាន់ភ្នែករបស់អ្នកផងទាំងពួងនោះទេ ហើយនឹងលាតត្រដាងម្តងទៀតនូវពុតត្បុតពិតរបស់ខ្លួនដែលប៉ុនប៉ងវាយប្រហារនិងលាបពណ៌ប្រទេសចិនព្រមទាំងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនដោយយកបញ្ហា"សិទ្ធិមនុស្ស"ធ្វើជាលេស ។
ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងគឺជានិមិត្តរូបនៃការរួមសាមគ្គីគ្នានិងមិត្តភាពរបស់មនុស្សជាតិ ។ នាពេលបច្ចុប្បន្ននេះ ការងារត្រៀមរៀបចំទាំងអស់នៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងបាននិងកំពុងដំណើរការទៅមុខយ៉ាងប្រាកដប្រជានិងប្រកបដោយភាពរលូនតាមគោលដៅកំណត់ទុក សហគមន៍អន្តរជាតិបូករួមទាំងគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិសុទ្ធតែទទួលស្គាល់និងវាយតម្លៃខ្ពស់ចំពោះការងារត្រៀមរៀបចំពាក់ព័ន្ធរបស់ប្រទេសចិន ហើយអត្តពលិកបរទេសកំពុងសម្តែងពីក្តីរំពឹងយ៉ាងកក់ក្តៅដើម្បីចូលរួមការប្រកួតនៅប្រទេសចិន ។
រដ្ឋាភិបាលចិនមានជំនឿចិត្តនិងសមត្ថភាពគ្រប់គ្រាន់ក្នុងការរៀបចំឱ្យបានល្អនូវការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ ២០២២ ប្រកបដោយ"ភាពបៃតង សុវត្ថិភាពនិងភាពទាក់ទាញ"ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍនៃបុព្វហេតុកីឡាអូឡាំពិកអន្តរជាតិប្រកបដោយភាពរឹងមាំ ៕