ថ្ងៃទី១០ ខែធ្នូ វេទិកាសន្ទនាជាមួយចិនជាសកលលើកទី៧ បានប្រារព្ធធ្វើនៅបណិ្ឌត្យសភាវិទ្យាសាស្ត្រសង្គមប្រទេសអង់គ្លេស អ្នកជំនាញនិងបញ្ញវន្តនៃប្រទេសជាច្រើនបានចូលរួមវេទិកានៅកន្លែងផ្ទាល់ឬក៏តាមអនឡាញ ដែលបានធ្វើកិច្ចសន្ទនានិងការផ្លាស់ប្តូរអំពីប្រធានបទ “កំណែទម្រង់អភិបាលកិច្ចសកល” ។
ថ្លែងក្នុងសុន្ទរកថាតាមប្រព័ន្ធវីដេអូ លោក Yang Xiaoguang កុងស៊ុលចិនប្រចាំនៅអង់គ្លេសបានលើកឡើងថា ប្រឈមនឹងបម្រែបម្រួលស្ថានការណ៍ដ៏ខ្លាំងដែលពុំធ្លាប់មាននៅលើពិភពលោកក្នុងរយៈពេលមួយសតវត្សរ៍កន្លងមក និងប្រឈមបញ្ហាក្នុងប្រព័ន្ធអភិបាលកិច្ចសកល ប្រទេសចិនផ្តួចផ្តើមឱ្យអនុវត្តពហុភាគីនិយមពិតប្រាកដ ធ្វើឱ្យប្រព័ន្ធអភិបាលកិច្ចសកលមានសុក្រឹតភាពជាបន្តបន្ទាប់ ផ្សព្វផ្សាយគុណតម្លៃរួមរបស់មនុស្សជាតិទាំងមូល ដូចជាសន្តិភាព វឌ្ឍនភាព សមភាព យុត្តិធម៌ ប្រជាធិបតេយ្យនិងសេរីភាព ផ្តោតសំខាន់លើកិច្ចសហប្រតិបតិ្តការនិងប្រតិបត្តិការរួម និងអនុវត្តឱ្យកាន់តែស៊ីជម្រៅនូវរបៀបវារៈកិច្ចសហប្រតិបតិ្តការសកល ។ លោកបានថ្លែងទៀតថា ចិននិងអង់គ្លេសសុទ្ធតែជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអង្គភាពសេដ្ឋកិច្ចដ៏សំខាន់នៅលើពិភពលោក គួរតែរក្សាការប្រាស្រ័យទាក់ទងដ៏ល្អប្រសើរ បង្កើនកិច្ចសន្ទនានិងកិច្ចសហប្រតិបតិ្តការ ដើម្បីរួមចំណែកដល់ពិភពលោកក្នុងការយកឈ្នះលើជំងឺកូវីដ១៩ ក្នុងពេលឆាប់ៗ ធ្វើឱ្យប្រព័ន្ធអភិបាលកិច្ចសកលមានសុក្រឹតភាព ក៏ដូចជាសម្រេចបាននូវអភិវឌ្ឃនិងវិបុលភាពផងដែរ ។
លោក Martin Albrow បញ្ញវន្តសង្គមវិទ្យាដ៏ល្បីឈ្មោះរបស់អង់គ្លេសបានថ្លែងថា អភិបាលកិច្ចសកលបានគ្របដណ្តប់សណ្តាប់ធ្នាប់សង្គមជាសកល បើនិយាយជាទូទៅ នឹងធ្វើឱ្យប្រជាជននៃបណ្តាប្រទេសនានាលើពិភពលោកអាចទប់ទល់នឹងការប្រឈមក្នុងការរស់នៅ ក៏ដូចជានាំមកនូវឱកាសដែលធ្វើឱ្យមនុស្សជាតិមានជីវភាពរស់នៅដ៏ធូធារ ។ រីឯគំនិតផ្តួចផ្តើមស្តីពីការបង្កើតសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិដែលប្រទេសចិនបានលើកឡើងនោះ បានផ្តល់ទស្សនទានប្រហាក់ប្រហែលគ្នាដល់ពិភពលោក ៕