ពិធីប្រគល់សម្ភារៈរដូវរងាជាលើកទី ២ ក្រោមគម្រោងជំនួយមនុស្សធម៌បន្ទាន់របស់រដ្ឋាភិបាលចិនដល់ប្រទេសអាហ្វហ្គានីស្ថានត្រូវបានធ្វើឡើងនៅក្រុងកាប៊ុលរដ្ឋធានីនៃប្រទេសអាហ្វហ្កានីស្ថាននៅថ្ងៃទី១៣ ខែធ្នូនេះ ។
លោក Wang Yu ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអាហ្វហ្គានីស្ថានបានថ្លែងក្នុងពិធីប្រគល់និងទទួលលើកនេះថា ប្រទេសអាហ្វហ្កានីស្ថានកំពុងស្ថិតក្នុងដំណាក់កាលនៃឱកាសប្រវត្តិសាស្ត្រដែលបន្តូរពីចលាចលទៅរកស្ថិរភាព ទន្ទឹមនឹងនេះ ក៏កំពុងប្រឈមមុខនឹងបញ្ហាជាច្រើនទាំងផ្នែកសេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅរបស់ប្រជាជនផងដែរ ។ ក្នុងនាមជាអ្នកជិតខាងល្អ បងប្អូនល្អនិងដៃគូដ៏ល្អ ប្រទេសចិនបានយកចិត្តទុកដាក់ខ្ពស់ចំពោះការវិវត្តនៃស្ថានការណ៍នៅក្នុងប្រទេសអាហ្វហ្គានីស្ថានក្នុងរយៈពេលជាយូរមក ។ នៅពេលនេះ រដូវរងាខ្លាំងបានចូលមកដល់ហើយ ប្រជាជនចិនបានផ្ដល់ភាពកក់ក្តៅជូនដល់ប្រជាជនអាហ្វហ្គានីស្ថានតាមរយៈការផ្តល់សម្ភារដូវរងាដែលបង្កប់នូវក្តីស្រឡាញ់ដ៏កក់ក្តៅចំពោះប្រជាជនអាហ្វហ្គានីស្ថានហើយ ក៏ជាកម្លាំងចិត្តដ៏រឹងមាំនិងជាសក្ខីភាពនៃចំណងមិត្តភាពរវាងចិននិងអាហ្វហ្កានីស្ថានផងដែរ ។
អនុរដ្ឋមន្ត្រីស្តីទីនៃក្រសួងកិច្ចការជនភៀសខ្លួននៃរដ្ឋាភិបាលបណ្តោះអាសន្នអាហ្វហ្គានីស្ថានបានថ្លែងអរគុណប្រទេសចិនដែលបានផ្តល់ជំនួយជាច្រើនដល់អាហ្វហ្កានីស្ថាន ហើយសង្ឃឹមថា សហគមន៍អន្តរជាតិនឹងផ្តល់ជំនួយដល់អាហ្វហ្កានីស្ថានដូចប្រទេសចិនដែរ ៕