កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការបើកដំណើរការជាធម្មតាឡើងវិញសម្រាប់ជើងហោះហើរត្រង់រវាងចិន-កម្ពុជានាពេលខាងមុខ

2021-12-14 17:55:22 |ប្រភព:វិទ្យុជាតិកម្ពុជា

ភ្នំពេញ ៖ ប្រទេសកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការបើកដំណើរការជាធម្មតាឡើងវិញ សម្រាប់ជើងហោះហើរត្រង់ រវាងចិន-កម្ពុជា នាពេលខាងមុខ ខណៈដែលភាគីចិនបាននិងកំពុងពិចារណាចំពោះការបើកទូលាយ ក៏ដូចជាបន្ធូរបន្ថយវិធានការប្រយុទ្ធ ប្រឆាំងជំងឺកូវីដ-១៩ក្នុងប្រទេសរបស់ខ្លួន ។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានមានប្រសាសន៍ថា នៅតាមប្រទេសនីមួយៗ មានការ ដាក់ចេញនូវវិធានការនិងគោលការណ៍ផ្សេងៗគ្នា ក្នុងការទប់ស្កាត់និងកាត់បន្ថយការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩   យ៉ាងណាមិញប្រទេស ចិន ក៏មានគោលការណ៍ក្នុងការគ្រប់គ្រង ក៏ដូចជាវិធានការរឹតបណ្តឹងនូវការហោះហើរចេញចូលប្រទេសរបស់ខ្លួនដែរ ។ ប៉ុន្តែបន្ទាប់ពីមានការឯកភាពក៏ដូចជាជជែកគ្នាពីថ្នាក់ដឹកនាំកំពូលការទូតរវាងប្រទេសទាំងពីរ កម្ពុជា-ចិន មកនោះ  ភាគីចិនបានផ្តល់នូវ សញ្ញាវិជ្ជមានដល់កម្ពុជា ដោយភាគីចិនបានបង្ហើបថា ខ្លួននឹងពិចារណាក្នុងការអនុញ្ញាត ឱ្យមានការហោះហើរចេញចូលប្រទេសចិន និង ប្រទេសកម្ពុជា ហើយនឹងមានចំណាត់ការ ក៏ដូចជាវិធានការដោយឡែកសម្រាប់ការហោះហើរចេញចូលនេះផងដែរ ។

ឯកឧត្តមបានបន្តថា ពាក់ព័ន្ធនឹងការជជែកគ្នានេះដែរ ក៏មិនទាន់មានការកំណត់ពេលវេលាជាក់លាក់ណាមួយនៅឡើយទេ ដោយភាគីចិន ត្រូវការពេលវេលាបន្ថែមទៀត ក្នុងការសិក្សានិងពិចារណាឱ្យបានល្អិតល្អន់ ដើម្បីធានាពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។ យ៉ាងណាកម្ពុជា បានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការទទួលអ្នកដំណើរមកពីចិន និងការបើកដំណើរការឡើងវិញនៃជើងហោះហើរត្រង់ ពីចិនមកកម្ពុជា បន្ថែមទៀត ។

សំឡេង ៖ « ប៉ុន្តែវិធានការនេះគឺត្រូវការពេលវេលាបន្ថែម ដោយមកដល់បច្ចុប្បន្ននេះ មិនទាន់មានការរីកចម្រើនអ្វីទេ ដោយភាគីចិនបើកនៅ កម្រិតណា បន្ធូរបន្ថយដល់កម្រិតណា សម្រាប់អ្នកដំណើរតាមផ្លូវអាកាសរបស់គាត់ចេញចូលប្រទេសកម្ពុជា តែនេះមិនសំដៅលើប្រទេសកម្ពុជា តែមួយនោះទេ គឺមានប្រទេសផ្សេងៗទៀត អ៊ីចឹងគឺភាគីកម្ពុជាមិនមានបញ្ហាអ្វីទេ ដូចដែលដឹងស្រាប់ហើយ គឺកម្ពុជាបានបើកទូលាយ ដោយមានការកាត់បន្ថយវិធានការចត្តាឡីស័កជាច្រើន គឺនៅសល់តែនីតិវិធីបន្តិចបន្តួចប៉ុណ្ណោះ ដើម្បីធានាថា កម្ពុជាអាចគ្រប់គ្រងនូវការនាំចូល ឬការរីករាលដាលនៃជំងឺកូវីដ១៩នេះ ហើយភាគីកម្ពុជាបានត្រៀមខ្លួនរួចហើយសម្រាប់ការទទួលស្វាគមន៍ភ្ញៀវទេសចរ » ។

សូមបញ្ជាក់ថា កំណើននៃអ្នកដំណើរតាមផ្លូវអាកាសនិងជើងហោះហើរ នឹងមិនមានការចាប់អារម្មណ៍ដល់ទីផ្សារអាកាសចរណ៍ និងទេសចរណ៍ ខ្លាំងក្លានោះទេ ប្រសិនបើការដឹកជញ្ជូនតាមផ្លូវអាកាសរវាងប្រទេសទាំងពីរកម្ពុជា-ចិននៅមានកម្រិត ខណៈដែលកាលពីឆ្នាំ២០១៨និង២០១៩ ទីផ្សារធំសម្រាប់ការហោះហើរចេញចូលមកកម្ពុជានេះ គឺប្រទេសចិន ៕