ថ្ងៃទី២០ ខែធ្នូ ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញផ្សាយសៀវភៅសស្តីពី«ការអភិវឌ្ឍនៃលទ្ធិប្រជាធិបតេយ្យរបស់តំបន់ហុងកុងក្រោមគោលនយោបាយ “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ”» ដោយបានរំលឹកឡើងវិញទាំងស្រុងនៃដំណើរបង្កើតឡើងនិងការវិវឌ្ឍរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យនៃតំបន់រដ្ឋបាលពិសេសហុងកុង និងធ្វើការអធិប្បាយបន្ថែមអំពីគោលការណ៍និងគោលជំហររបស់រដ្ឋាភិបាលចិនអំពីការអភិវឌ្ឍនៃលទ្ធិប្រជាធិតេយ្យរបស់តំបន់រដ្ឋបាលពិសេសហុងកុង ។
សូមបញ្ជាក់ថា សៀវភៅសបានលើកឡើងថា ការអភិវឌ្ឍនិងធ្វើឱ្យមានសុក្រឹតភាពនូវលទ្ធិប្រជាធិបតេយ្យនៃតំបន់រដ្ឋបាលពិសេសហុងកុង មានសារៈសំខាន់ក្នុងការធានាដល់សិទ្ធិប្រជាធិបតេយ្យរបស់អ្នកក្រុងហុងកុង សម្រេចអភិបាលកិច្ចល្អក្រោមគោលនយោបាយល្អ និងធានាវិបុលភាព ស្ថិរភាព និងសុវត្ថិភាពរយៈពេលយូរនៃតំបន់ហុងកុង ។ គោលនយោបាយ “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ” បានផ្តល់ការធានាជាមូលដ្ឋានដល់ការអភិវឌ្ឍនៃលទ្ធិប្រជាធិបតេយ្យរបស់តំបន់រដ្ឋបាលពិសេសហុងកុង ។ ការធានាការអនុវត្តគោលនយោបាយ “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ” ឱ្យមានសិ្ថរភាពរយៈពេលយូរ ព្រមនិងបន្តជំរុញការអភិវឌ្ឍនៃលទ្ធិប្រជាធិបតេយ្យនៅតំបន់ហុងកុង ចាំបាច់ត្រូវតែអនុវត្តតាមគោលការណ៍ “អ្នកស្នេហាហុងកុងគ្រប់គ្រងហុងកុង”យ៉ាងមុតមាំ ចាំបាច់ត្រូវតែអនុលោមតាមគោលការណ៍ “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ”និងច្បាប់មូលដ្ឋាន ព្រមទាំងសមស្របទៅតាមលក្ខខណ្ឌរបស់តំបន់ហុងកុងលើវិស័យនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌និងប្រវត្តិសាស្រ្តជាដើម ដើម្បីស្វែងរកផ្លូវអភិវឌ្ឍន៍លទ្ធិប្រជាធិបតេយ្យដែលប្រកបដោយលក្ខណៈពិសេសហុងកុង៕