កាលពីសៀលថ្ងៃទី ២២ ខែធ្នូ នៅទីស្តីការរដ្ឋ Zhongnanhai លោក Xi Jinping ប្រធានរដ្ឋចិនបានជួបជាមួយលោកស្រី Carrie Lam ប្រធានរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង ដើម្បីស្តាប់របាយការណ៍របស់លោកស្រីអំពីបច្ចុប្បន្នភាពនៅហុងកុងនិងការងាររបស់រដ្ឋបាលតំបន់រដ្ឋបាលពិសេសហុងកុង ។
លោក Xi Jinping បានគូសបញ្ជាក់ថា ក្នុងឆ្នាំកន្លងទៅ ស្ថានការណ៍របស់ហុងកុងបានប្រែកពីភាពច្របូកច្របល់ទៅរកនីតិរដ្ឋហើយត្រូវបានពង្រឹងនិងពង្រីកជាបន្តបន្ទាប់ ក៏ដូចជាមាននិន្នាការវិឌ្ឍន៍ដ៏ល្អប្រសើរ ។ ការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ទទួលបានប្រសិទ្ធភាពគួរឲ្យកត់សម្គាល់ សេដ្ឋកិច្ចបានស្តារឡើងវិញជាបណ្តើរៗ ហើយសង្គមមានសន្តិសុខល្អផងដែរ ។ រដ្ឋាភិបាលមជ្ឈិមទទួលស្គាល់យ៉ាងពេញលេញចំពោះការងាររបស់លោកស្រី Carrie Lam និងរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង។
លោក Xi Jinping បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា ទន្ទឹមនឹងការអនុវត្តកាន់តែស៊ីជម្រៅនិង មានសុក្រឹតភាពជាបន្តបន្ទាប់នូវប្រព័ន្ធអភិបាលកិច្ច ឧត្តមភាពនៃគោលនយោបាយ “ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ” នឹងត្រូវបានរំលេចឡើងថែមមួយកម្រិតទៀត។ ជនរួមជាតិហុងកុងពិតជានឹងអាចអនុវត្តនិងផ្សព្វផ្សាយនូវទំនៀមទម្លាប់ប្រពៃណីស្នេហាជាតិនិងស្នេហាក្រុងហុងកុង ហើយពួតដៃជាមួយប្រជាជនគ្រប់ជនជាតិទូទាំងប្រទេស ដើម្បីសម្រេចបាននូវការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញជាមិនខាន ។