នៅថ្ងៃទី ២៧ ខែធ្នូ លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូក្នុងទិវាអន្តរជាតិបង្ការជំងឺឆ្លងលើកទី ២ ដោយអំពាវនាវឱ្យសហគមន៍អន្តរជាតិបង្កើនសាមគ្គីភាពដើម្បីរួមគ្នាទប់ស្កាត់ជំងឺឆ្លងគ្រប់ប្រភេទ ។
ថ្លែងក្នុងសុន្ទរកថាតាមប្រព័ន្ធវីដេអូ លោក António Guterres បានលើកឡើងថា ការរីករាលដាលនៃជំងឺកូវីដ ១៩ បានបង្ហាញឱ្យឃើញថា ជំងឺឆ្លងមួយប្រភេទអាច"ឆ្លងរាលដាលនៅទូទាំងពិភពលោកយ៉ាងឆាប់រហ័ស" ហើយបាន"រុញច្រានឱ្យប្រព័ន្ធសុខាភិបាលទៅក្បែរជ្រោះមរណៈ" ក៏ដូចជាធ្វើឱ្យជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក្រឡាប់ចក្រផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះទេ អ្នកផងទាំងពួងមិនបានដកយកបទពិសោធន៍ជាមេរៀនពីករណីបន្ទាន់ខាងសុខាភិបាលដែលបានកើតឡើងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះទេ ហើយពេលប្រឈមមុខនឹងការទប់ស្កាត់ជំងឺរាតត្បាតដែលមានលក្ខណៈរាយបាយកើតឡើងក្នុងតំបន់មួយចំនួនបានរីករាលដាលឆ្លងដែនព្រមទាំងវិវត្តន៍ទៅជាការរាតត្បាតជាសកល សហគមន៍អន្តរជាតិនៅតែមិនទាន់បានត្រៀមខ្លួនរួចរាល់ឡើយ ។
លោក António Guterres បានថ្លែងទៀតថា ជំងឺឆ្លងនៅតែជា"គ្រោះថ្នាក់ដ៏លេចធ្លោនិងជាក់ស្តែង"ដែលបណ្តាប្រទេសទាំងអស់បាននិងកំពុងប្រឈមមុខ ។ ជំងឺកូវីដ ១៩ មិនមែនជាការរីករាលដាលនៃជំងឺឆ្លងលើកចុងក្រោយដែលមនុស្សជាតិបាននិងកំពុងជួបប្រទះនោះទេ ហើយសហគមន៍អន្តរជាតិចាំបាច់ត្រូវត្រៀមខ្លួនឱ្យបានល្អសម្រាប់ឆ្លើយតបវិបត្តិសុខាភិបាលលើកក្រោយទៀត ៕