សូមកុំឱ្យភាពបរិសុទ្ធនៃកីឡាត្រូវល្អក់កករដោយសារឆាកល្ខោននយោបាយ

2021-12-28 16:35:07 |ប្រភព:CRI

  កីឡានាំមកនូវសុខភាព មិត្តភាព សាមគ្គីភាពនិងសន្តិភាព នេះជាគំនិតឯកភាពរួមរបស់មនុស្សជាតិទាំងមូល ហើយក៏ជាគោលបំណងដើមនៃការបង្កើតការប្រកួតកីឡាគ្រប់ប្រភេទផងដែរ ។

  ដូចអ្វីដែលយើងទាំងអស់គ្នាបានដឹងហើយថា កម្មវត្ថុនៃការបង្កើតការប្រកួតកីឡាអូឡាំពិកគឺ«សន្តិភាព មិត្តភាព វឌ្ឍនភាព» ដូច្នេះហើយបានជាអាចទទួលបានការគាំទ្រយ៉ាងពេញទំហឹងនិងការចូលរួមយ៉ាងសកម្មពីបណ្តាប្រទេសលើសកលលោក ។ តែអ្វីដែលគួរឱ្យសោកស្តាយគឺថា មួយរយៈកាលកន្លងទៅនេះ អ្នកនយោបាយមួយចំនួននៃបស្ចិមប្រទេសបែរជាបានលាបពណ៌លើ«ភាពបរិសុទ្ធ»នៃកីឡាជាបន្តបន្ទាប់ ដោយយកកីឡាធ្វើជាឧបករណ៍កំដរឆាកល្ខោននយោបាយរបស់ខ្លួនដោយមិនខ្វល់ពីគុណតម្លៃរួមរបស់មនុស្សជាតិនិងការប្រឆាំងរបស់សហគមន៍អន្តរជាតិនោះឡើយ ។

  ជាការពិតណាស់ កីឡាអូឡាំពិកជាវេទិកាប្រកួតប្រជែងលំដាប់អន្តរជាតិសម្រាប់អត្តពលិកនៃបណ្តាប្រទេសនានាសម្រេចក្តីសុបិនរបស់ខ្លួន ។ សុភាសិតចិនមួយឃ្លាបានពោលថា ៖ «លើឆាក១០នាទី ក្រោមឆាក១០ឆ្នាំ» គឺមានន័យថា ដើម្បីបានឡើងសម្តែងលើឆាក សិល្បករត្រូវលត់ដំហ្វឹកហាត់ខ្លួនយ៉ាងលំបាកលំបិននិងចំណាយពេលយ៉ាងយូរ ។ យ៉ាងណាមិញ អត្តពលិកនៃបណ្តាប្រទេសដែលបានខិតខំហ្វឹកហាត់ទាំងថ្ងៃទាំងយប់និងចំណាយពេលយូរខែយូរឆ្នាំគឺក្នុងគោលបំណងបង្ហាញពីសមត្ថភាពរបស់ខ្លួន ដើម្បីប្រកួតប្រជែងដោយយុត្តិធម៌ជាមួយអត្តពលិកនៃប្រទេសនានាក្នុងព្រឹត្តិការណ៍ប្រកួតកីឡាលំដាប់ពិភពលោក នេះជាក្តីសុបិនរបស់ពួកគេ ហើយក៏ជាកម្លាំងចលករសម្រាប់ជំរុញឱ្យពួកគេស៊ូទ្រាំអត់ធ្មត់ក្នុងការហ្វឹកហាត់ដ៏លំបាកនិងហត់នឿយផងដែរ ។

  កន្លងមក ការធ្វើនយោបាយធូបនីយកម្មបានក្លាយជាឧបករណ៍សម្រាប់អ្នកនយោបាយមួយចំនួនតូចរបស់បស្ចិមប្រទេសប្រើសម្រាប់ជាលេសជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃឬឃោសនាបំប៉ោងដើម្បីទម្លាក់កំហុសដល់អ្នកដទៃមកបិទបាំងពីភាពអសមត្ថភាព ភាពមិនទទួលខុសត្រូវឬបទឧក្រិដ្ឋរបស់ខ្លួន អមជាមួយការដាក់ទណ្ឌកម្មអ្នកនេះអ្នកនោះដោយគ្មានហេតុផល ដូចជាបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងជំងឺកូវីដ-១៩ជាដើម ដែលជារឿយៗពួកគេតែងបានប្រើនូវអ្វីដែលជា«ស្តង់ដា»របស់ខ្លួនទៅដាក់កំហិតនិងគាបសង្កត់លើអ្នកដទៃ ។

  យ៉ាងណាមិញ ការធ្វើពហិការការទូតចំពោះការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងគ្រាន់តែជាឆាកល្ខោននយោបាយដែលសម្តែងដោយតួត្លុកមួយក្តាប់តូចតែប៉ុណ្ណោះ វាមិនអាចបំពុលបរិយាកាសប្រកបដោយសន្តិភាព មិត្តភាពនិងសាមគ្គីភាពរបស់មហាគ្រួសារអូឡាំពិកនោះឡើយ ពោលគឺបានត្រឹមតែត្រូវអ្នកផងសើចចំអកនិងទុកជារឿងកំប្លែងមួយតែប៉ុណ្ណោះ ព្រោះថាប្រទេសចិនមានសមត្ថភាពពេញលេញក្នុងការរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាដ៏អស្ចារ្យមួយលើក នេះជារឿងដែលសហគមន៍អន្តរជាតិទទួលស្គាល់ជាទូទៅ ។

  អ្វីដែលគួររំលឹកគឺថា ស្ថិតក្រោមដំបូលសន្តិភាព ថ្នាក់ដឹកនាំនៃប្រទេសចិននិងកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍវិស័យកីឡា ពិសេសគឺកីឡាមហាជន ពោលគឺជានិច្ចកាលតែងតែបានជំរុញនិងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមលេងកីឡានិងហាត់ប្រាណទាំងអស់គ្នា ដើម្បីពង្រឹងសុខភាពទាំងផ្លូវកាយនិងផ្លូវចិត្ត និងនាំមកនូវចំណងសាមគ្គីភាព និងភាតរភាព ។

  ជាការកត់សម្គាល់ បន្ទាប់ពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២ ប្រទេសកម្ពុជាដែលជាមិត្តដែកថែបរបស់ប្រទេសចិននឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួត SEA Game & Asean PARA Game ក្នុងឆ្នាំ ២០២៣ ។ ចំណែកឯពហុកីឡដ្ឋានជាតិមរតកតេជោដែលជាទីតាំងសំខាន់សម្រាប់រៀបចំព្រឹត្តិការណ៍ប្រកួតនេះក៏បានលេចចេញជារូបរាងដ៏ខ្ពស់សន្លឹមឈរជង្គ្រឹងបង្អួតសម្រស់ដ៏ល្អផូរផង់ក្នុងរចនាបថប្រពៃណីខ្មែរនិងទំនើបទាន់សម័យ ប្រណមដៃរង់ចាំស្វាគមន៍អត្តពលិកជាតិសាសន៍ចម្រុះនិងភ្ញៀវកិត្តិយសគ្រប់មជ្ឈដ្ឋាន ។

  ការថែរក្សាការពារភាពបរិសុទ្ធនៃកីឡាដើម្បីកុំឱ្យត្រូវប្រឡាក់ប្រឡូកដោយភាពស្មោកគ្រោកនៃឆាកល្ខោននយោបាយជាកាតព្វកិច្ចរួមរបស់យើងទាំងអស់គ្នា ។ ជាពិសេសគឺក្នុង​បរិបទ​ជំងឺ​កូវីដ-​១៩​ ព្រឹត្តិការណ៍​ប្រកួត​កីឡា​អន្តរជាតិ​គឺ​ហាក់​បី​ដូច​ជា​គ្រឿង​ផ្សំ​សម្រាប់​បន្ថែម​រសជាតិ​ជីវិត​របស់​យើង​គ្រប់​គ្នា​ ។ យ៉ាងណា​មិញ​ ជាការឆ្លើយតប​នឹង​ការ​ទន្ទឹង​រង់ចាំ​របស់​ប្រជា​ជន​លើសកលលោកជាពិសេស​គឺអត្តពលិក​នៃ​ជាតិ​សាសន៍​នានា​ ប្រទេស​ចិន​និង​កម្ពុជា​អាច​ប្រកាស​យ៉ាង​ឱឡារិក​និងពោរពេញដោយ​មោទនភាព​ថា​៖

  អូឡាំពិករដូវរងាឆ្នាំ២០២២ , ក្រុងប៉េកាំងបានត្រៀមរួចហើយ !

  ស៊ីហ្គេមឆ្នាំ២០២៣ , ក្រុងភ្នំពេញបានត្រៀមរួចហើយ !