ថ្ងៃទី២៨ខែធ្នូ គណៈកម្មាធិការមេត្រីភាព សន្តិភាពនិងអភិវឌ្ឍន៍រវាងចិននិងរុស្ស៊ីបានបើកធ្វើកិច្ចប្រជុំពេញអង្គលើកទី១៣តាមប្រព័ន្ធវីដេអូ។លោកXiaBaolongប្រធានគណៈកម្មាធិការភាគីចិននិងជាអនុប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន និងលោកTitovប្រធានភាគីរុស្ស៊ីបានអញ្ជើញចូលរួមកិច្ចប្រជុំនៅក្រុងប៉េកាំងនិងម៉ូស្គូដោយឡែកពីគ្នា។
កិច្ចប្រជុំលើកនេះបានបូកសរុបដោយគ្រប់ជ្រុងជ្រោយ ព្រមទាំងវាយតម្លៃយ៉ាងសកម្មនូវសមិទ្ធផលដែលគណៈកម្មាធិការនេះទទួលបានក្នុងរយៈពេល២ឆ្នាំកន្លងទៅ បានផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅអំពីការពន្លឿនការអនុវត្តគំនិតឯកភាពរួមនៃប្រមុខរដ្ឋប្រទេសទាំងពីរចិននិងរុស្ស៊ី ធ្វើឱ្យស៊ីជម្រៅនូវភាពសុខដុមរមនានិងចំណងមេត្រីភាព ក៏ដូចជាជំរុញការប្រាស្រ័យទាក់ទងរវាងសង្គមស៊ីវិលនៃប្រទេសទាំងពីរ ហើយបានកំណត់ជាក់លាក់នូវទិសដៅការងារសំខាន់នៅពេលអនាគត។
លោកXiaBaolongបានគូសបញ្ជាក់ថា នៅក្រោមការដឹកនាំរបស់លោកស៊ីជីនភីងប្រធានរដ្ឋចិននិងលោកភូទីនប្រធានាធិបតីរុស្ស៊ី ទំនាក់ទំនងភាពជាដៃគូសម្របសម្រួលនិងសហការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មីរវាងចិននិងរុស្ស៊ីបានរក្សានិន្នាការអភិវឌ្ឍន៍ដ៏ល្អប្រសើរ។គណៈកម្មាធិការនឹងបំពេញកិច្ចការទូតសង្គមស៊ីវិលរវាងចិននិងរុស្ស៊ីឱ្យបានល្អដោយភាពទទួលខុសត្រូវកាន់តែខ្លាំងក្លា ដើម្បីរួមវិភាគទានដល់ ការរឹតចំណងមេត្រីភាពរវាងចិននិងរុស្ស៊ីបន្តទៅគ្រប់ជំនាន់និងការអភិវឌ្ឍប្រកបដោយកម្រិតខ្ពស់ជាបន្តបន្ទាប់នៃទំនាក់ទំនងរវាងចិននិងរុស្ស៊ី។
ជាការឆ្លើយតប លោកTitovបានថ្លែងថា ភាគីរុស្ស៊ីរីករាយចាត់ទុកឆ្នាំ២០២២ដែលជាខួបទី២៥នៃការបង្កើតគណៈកម្មាធិការនេះនិងឆ្នាំផ្លាស់ប្តូរកីឡារវាងរុស្ស៊ីនិងចិនជាកាលានុវត្តភាព ដើម្បីជំរុញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការសង្គមស៊ីវិលនៃប្រទេសទាំងពីរឱ្យទទួលបានការវិវឌ្ឍរីកចម្រើនថ្មី៕