កីឡាអូឡាំពិករដូវរងា២០២២រួមចំណែកកសាងសហគមន៍ជោគវាសនារួ

2021-12-31 14:44:12 |ប្រភព:CRI

  ដូចដែលឆ្នាំថ្មីកំពុងឈានចូលមកដល់ អ្វីៗគ្រប់យ៉ាងបានប្រែក្លាយរូបរាងថ្មី ហើយវាក៏ផ្តល់ឲ្យពិភពលោកនូវក្តីសោមនស្សរីករាយយ៉ាងខ្លាំងក្នុងការជជែកនិងរួមគ្នាកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ដែលជាតម្រូវការរបស់មនុស្សជាតិនាពេលនេះ។ នៅពេលប៉ុន្មានថ្ងៃខាងមុខនេះ ឆ្នាំ២០២២នឹងឈានមកដល់ ហើយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ ប្រជាជាតិចិននៅទូទាំងពិភពលោកសាទរនឹងអំណរឆ្នាំថ្មី ឆ្នាំខាលដែលនឹងមកដល់ផងដែរ ហើយវាក៏ជាការចាប់ផ្តើមនៃពិធីដ៏មហោឡារិកដែលប្រទេសចិនទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកីឡាអូឡាំពិករដូវ រងាឆ្នាំ២០២២ (៤-២០ កុម្ភៈ ២០២២)។ ពិតណាស់ដែលថា ការរៀបចំកម្មវិធីដ៏មហាមានន័យជាប្រវត្តិសាស្រ្តសម្រាប់មនុស្សជាតិក្នុងពេលដែលពិភពលោកទាំងមូលកំពុងប្រឈមមុខនឹងវិបត្តិនៃការរីករាតត្បាតជាសកលជំងឺCovid-19 ប្រទេសចិនកំពុងស្ថិតនៅក្នុងដំណាក់កាលថ្មីមួយទៀតក្នុងការធានាទាំងសុវត្ថិភាពសន្តិសុខ ទាំង      សុវត្ថិភាពសុខាភិបាលសាធារណៈសម្រាប់គណៈប្រតិភូកីឡា និងសម្រាប់វេទិកាកីឡាអន្តរជាតិនេះ។

  កំណាព្យចិនបុរាណមួយពោលថា «ត្រសក់ផ្អែមមានធាងល្វីង ពុទ្រាឆ្ងាញ់ដុះលើបន្លា» សម្រាប់រូបខ្ញុំដែលជាអ្នកសិក្សាផ្នែកទស្សនវិជ្ជា យល់ថា ជាការពិត ការរឹតត្បិត និងការរឹតបន្ថឹងផ្នែកសន្តិសុខ និងការត្រួតពិនិត្យសុខភាព ឬការអនុវត្តតាមក្បួនវិទ្យាសាស្រ្តសុខាភិបាលដែលប្រទេសចិនបាននិងកំពុងអនុវត្តគឺជាការឆ្លើយតបបានទៅនឹងការធានាបាននូវសុវត្ថិភាព១០០%ដើម្បីឱ្យដំណើរការនៃការរៀបចំកីឡាអូឡាំពិករដូវរងាឆ្នាំ២០២២បានទទួលជោគជ័យ និងជាការធានាបាននូវការរួមចំណែកកសាងជោគវាសនារួមរបស់មនុស្សជាតិ។

  បើយើងងាកត្រឡប់មកមើលឆ្នាំ២០២១ យើងច្បាស់ជាគ្មានអ្វីសង្ស័យទៀតទេថា ប្រទេសចិនគឺជាទីកន្លែងសុវត្ថិភាពក្នុងការធានាបាននូវការទប់ស្កាត់ការរីករាលដាលនៃជំងឺCovid-19  ដែលនេះជាសក្ខីភាពបញ្ជាក់កាន់តែច្បាស់ប្រកបដោយនិយាមវិទ្យាសាស្រ្តវេជ្ជសាស្រ្តពីវិធានការនានាដែលបានដាក់ចេញដោយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនក្នុងការធានាបាននូវសុវត្ថិភាពកាន់តែប្រសើរលើការទប់ស្កាត់Covid-19ក្នុងពេលដែលប្រទេសចិនត្រៀមខ្លួនរួចជាស្រេចក្នុងការរៀបចំពិធីកីឡាអូឡាំពិករដូវរងាឆ្នាំ២០២២។ យើងពិតជាមិនអាចរកបានទីតាំងណាដែលមានសុវត្ថិភាពល្អប្រសើរបំផុតដូចទៅនឹងរដ្ឋធានីប៉េកាំងដែលជាទីតាំងទទួលរៀបចំកីឡាអូឡាំពិករដូវរងាឆ្នាំ២០២២នេះទៀតបានឡើយ។

  គុណតម្លៃទាំងបីនៃកីឡាអូឡាំពិក គឺឧត្តមភាព មិត្តភាព និងការគោរព ដែលនេះជាមូលដ្ឋានគ្រឹះរបស់ចលនាអូឡាំពិកក្នុងការបង្កើតសកម្មភាពរបស់ខ្លួនដើម្បីលើកកម្ពស់វិស័យកីឡា វប្បធម៌ និងការអប់រំ និងក្នុងគោលបំណងកសាងពិភពលោកឱ្យកាន់តែប្រសើរឡើង។ គុណតម្លៃទាំងបីនេះត្រូវបានប្រទេសចិនគោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួន​ ដើម្បីលើកកម្ពស់តម្លៃរួមរបស់មនុស្សជាតិ ដែលជាពិសេសកីឡាអូឡាំពិករដូវរងា២០២២នេះគឺជាតឹកតាងបញ្ជាក់កាន់តែប្រត្យក្សបន្ថែមទៀតថានេះជាវេទិកាកីឡាដែលបានចូលរួមចំណែកយ៉ាងសកម្មដល់ការកសាងសហគមន៍រួមជោគវាសនាមនុស្សជាតិ។ ក្នុងន័យនេះ កីឡាមិនត្រូវបម្រើដល់មហិច្ឆិតារបស់នយោបាយ ឬអ្នកនយោបាយនោះឡើយ ហើយបណ្តាប្រទេសទាំងអស់ត្រូវចូលរួមគោរពតាមគុណតម្លៃរបស់កីឡាអូឡាំពិកដូចទៅនឹងអ្វីដែលប្រទេសចិនកំពុងបាននិងកំពុងអនុវត្ត។

  ឆ្លងកាត់ពន្លឺនៃសន្តិភាពពីមួយជំនាន់ទៅមួយជំនាន់ ការអភិវឌ្ឍប្រកបដោយចីរភាព និងការធានាឲ្យមានការរីកចម្រើនផ្នែកអរិយធម៌ គឺជាអ្វីដែលប្រជាជនគ្រប់ប្រទេសទាំងអស់ចង់បាន ហើយវាក៏ជាការទទួលខុសត្រូវ ដែលរដ្ឋបុរសក្នុងជំនាន់របស់យើងទាំងអស់គ្នាគួរតែរែកពុន។ កីឡាអូឡាំពិករដូវរងាឆ្នាំ២០២២នៅប្រទេសចិនគឺជាមូលដ្ឋាននៃការគាំទ្របន្ថែមទៀតរបស់ចិននិងបណ្តាប្រទេសទាំងអស់នៅលើពិភពលោកដល់ការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិមួយ និងសម្រេចឲ្យបាននូវការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងការអភិវឌ្ឍឈ្នះ-  ឈ្នះ។

   ដូចដែលជនជាតិចិនធ្លាប់បាននិយាយថា «មហាសមុទ្រធំល្វឹងល្វើយ ពីព្រោះវាទទួលទឹកមកពីគ្រប់ទន្លេទាំងអស់»។ ការបើកចំហគំនិតពហុភាគីនិយម និងការគោរពគុណតម្លៃអូឡាំពិក បានធ្វើឲ្យរដ្ឋធានីប៉េកាំងនឹងក្លាយទៅជាមជ្ឈមណ្ឌលសន្តិភាពសម្រាប់មនុស្សជាតិ។ យើងគួរតែជំរុញលើកកម្ពស់ស្មារតីកីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ ដោយទាំងអស់គ្នាសម្រាប់កីឡាអូឡាំពិក ឬកីឡាអូឡាំពិកសម្រាប់ទាំងអស់គ្នា។

   ពិភពលោករួមជាមួយប្រទេសចិនកំពុងសាទរពិធីចូលឆ្នាំប្រពៃណីជនជាតិចិនឆ្នាំខាល ហើយបើតាម      វប្បធម៌ចិន សត្វខ្លាគឺជានិមិត្តរូបដែលនឹងនាំមកនូវការស្ញប់ស្ញែង ភាពក្លាហាន និងភាពសុខដុមរមនា។ ខ្លាពោរពេញដោយឋាមភាព ឧត្តមភាព ឫស្សរភាព និងឫទ្ធានុភាពដែលបានបង្កប់នូវស្មារតី និងមហិច្ឆិតានៃការជំរុញឱ្យសម្រេចបានជោគជ័យ និងវឌ្ឍនភាព។ ជាមួយនឹងអត្ថន័យនេះ យើងសូមជូនពរដល់កីឡាករ អ្នកការទូត និងមនុស្សជាតិទាំងអស់ទទួលបានពរជ័យដ៏ល្អប្រសើរ និងភាពសប្បាយរីករាយបំផុតនៅក្នុងកំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជនជាតិចិនឆ្នាំខាល ឆ្នាំ២០២២ដែលប្រទេសចិនគឺជាម្ចាស់ផ្ទះនៃការរៀបចំកីឡាអូឡាំពិករដូវរងា ហើយជាទីប្រកបដោយសុវត្ថិភាពខ្ពស់បំផុតនៃការទប់ស្កាត់បានទាំងស្រុងនូវការឆ្លងជំងឺCovid-19ក្នុងចំណោមទីកន្លែងទាំងអស់នៅលើពិភពលោក។