ក្រសួង​ការបរទេស​ចិន​បង្ហាញថា​ ការ​ចូល​ជា​ធរមាន​និង​ការ​អនុវត្ត​នូវ​កិច្ច​ព្រម​ព្រៀង​ភាព​ជាដៃ​គូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​ក្នុង​តំបន់​គឺជាជោគជ័យដ៏សំខាន់នៃពហុភាគីនិយម និងពាណិជ្ជកម្មសេរី

2022-01-05 15:26:53 |ប្រភព:CRI

  លោក ​Wang Wenbin អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ជាប្រចាំ​កាលពី​ថ្ងៃ​ទី​៤​ខែ​មករា​ថា ការ​ចូល​ជា​ធរមានជាផ្លូវការ​​នៃ​កិច្ច​ព្រម​ព្រៀង​ភាព​ជាដៃ​គូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​ក្នុង​តំបន់​ហៅ​កាត់ថា RCEP គឺជាជោគជ័យដ៏សំខាន់នៃពហុភាគីនិយមនិងពាណិជ្ជកម្មសេរី។

  លោក ​Wang Wenbin បាន​ថ្លែងក្នុងពេល​ឆ្លើយ​សំណួរ​ពាក់​ព័ន្ធ​ថា​ ស្រប​នឹង​ការ​​ចូល​ជា​ធរមាន​និង​ការ​អនុវត្ត​ជាផ្លូវការ​នៃ​RCEP អត្រា​នៃ​ផលិតផលលើក​លែង​ពន្ធ​រវាង​​ប្រទេស​ចិន​និង​ប្រទេស​ជាសមាជិក​ដូចជា​ ប្រទេស​អាស៊ាន​ អូស្ត្រាលី​ នូវែលសេឡង់ជាដើម​ត្រូវបាន​លើក​កម្ពស់​យ៉ាង​ខ្លាំង​ ព្រម​ទាំង​ឆ្ពោះ​ទៅ​កាន់​គោល​ដៅ​ដែល​ទំនិញ​ពាណិជ្ជកម្ម​លើសពី​៩០​% ​នឹង​សម្រេច​ពន្ធគយ​សូន្យ​នៅ​ទី​បំផុត​​ ​ដែល​វា​នឹង​បញ្ចេញសក្តានុពល​កំណើន​ផ្នែក​ពាណិជ្ជកម្ម​យ៉ាង​ខ្លាំងក្លា​ក្នុង​តំបន់​ គឺ​ជា​ជំហានដ៏​សំខាន់សម្រាប់​ជំរុញការ​ធ្វើ​សេរីភាវូបនីយកម្ម​និង​​កិច្ចសម្រួល​ពាណិជ្ជកម្ម​និង​ការ​វិនិយោគ​លើ​ទូទាំង​ពិភពលោក​។

  លោក​ ​Wang Wenbin បាន​ថ្លែងទៀតថា ជំហាន​បន្ទាប់​​ ប្រទេស​ចិន​នឹង​រួម​ជាមួយ​បណ្តា​ប្រទេស​នានា ចូល​រួម​ការ​កសាង​យន្តការ​RCEPយ៉ាង​សកម្ម​ដើម្បី​រួមចំណែក​ដ៏​វិជ្ជមានក្នុង​ការ​ជំរុញ​វិបុលភាព​ក្នុង​តំបន់​និង​ការស្តារ​សេដ្ឋកិច្ច​ពិភពលោក​ឡើង​វិញ៕