ថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ លោក XiJinping ប្រធានរដ្ឋចិនបានចុះពិនិត្យ មជ្ឈមណ្ឌលប្រព័ន្ធសារព័ត៌មាននៃការប្រកួតកីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង(Beijing2022) និងមូលដ្ឋានហ្វឹកហាត់កីឡាព្រិលទឹកកកដែលកែច្នៃចេញពីរោងចក្រចាស់ ដើម្បីស្វែងយល់ពីការងារត្រៀមរៀបចំការប្រកួតកីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង2022 ។លោកបានសួរសុខទុក្ខនិងសំណេះសំណាលជាមួយអត្តពលិក គ្រូបង្វឹក បុគ្គលិកគ្រប់គ្រងការងារដំណើរការ បុគ្គលិកផ្តល់សេវាកម្ម បុគ្គលិកស្រាវជ្រាវផ្នែកបច្ចេកវិទ្យា អ្នកសារព័ត៌មាន និងអ្នកស្ម័គ្រចិត្តជាដើម ព្រមទាំងសម្តែងការជូនពរឆ្នាំថ្មីទៅកាន់ពួកគេ។
ប្រព័ន្ធសារព័ត៌មានរួមមានមុខងារសំខាន់២ គឺមជ្ឈមណ្ឌលសារព័ត៌មានសំខាន់និងមជ្ឈមណ្ឌលវិទ្យុអន្តរជាតិ មានទំហំប្រហែល២១,៦ម៉ឺនម៉ែត្រការ៉េ ហើយនឹងទទួលអ្នកសារព័ត៌មានប្រហែល១១៦០០នាក់ពេលប្រកួតតាមការប៉ាន់ប្រមាណ។
ខែសីហា ឆ្នាំ២០១៨ ដើម្បីត្រៀមខ្លួនចូលក្នុងព្រឹត្ដិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២ រដ្ឋបាលជាតិកីឡាចិនបានចាប់ផ្តើមសាងសង់ឡើងវិញនូវមូលដ្ឋានហ្វឹកហាត់កីឡាព្រិលទឹកកកដោយប្រើប្រាស់រោងចក្រចាស់មួយចំនួនរបស់ក្រុមហ៊ុនErqi Locomotive កែច្នៃឱ្យក្លាយទៅជាសំណង់ដ៏សំខាន់ ដើម្បីបំពេញតម្រូវការនៃការបណ្តុះបណ្តាលកីឡាករកីឡាការិនី ការស្រាវជ្រាវវិទ្យាសាស្ត្រនិងសម្ភារៈគាំទ្រសម្រាប់កីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំងឆ្នាំ២០២២។
មូលដ្ឋានហ្វឹកហាត់កីឡាព្រិលទឹកកកមានទំហំផ្ទៃដីលើសពី៧០០០០ម៉ែត្រការ៉េ ជាមូលដ្ឋានហ្វឹកហាត់ចម្រុះដែលមានមុខងារគ្រប់ជ្រុងជ្រោយ មានបច្ចេកវិទ្យាខ្ពស់បំផុតក្នុងប្រទេសចិ ហើយឈានមុខគេនៅលើឆាកអន្តរជាតិ៕