នៅថ្ងៃទី ៦ ខែមករា លោក Xi Jinping ប្រធានរដ្ឋចិននិងលោក Berdimuhamedovប្រធានាធិបតីប្រទេសតួកម៉េនីស្ថានបានផ្ញើសារលិខិតទៅវិញទៅមកដើម្បីអបអរសាទរខួបទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិននិងតួកម៉េនីស្ថាន ។
ថ្លែងក្នុងសារលិខិត លោក Xi Jinping បានបញ្ជាក់ថា បន្ទាបពីបានបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិននិងតួកម៉េនីស្ថានរយៈពេល ៣០ ឆ្នាំកន្លងមក ទំនាក់ទំនងរវាងប្រទេសទាំងពីរសម្រេចបាននូវការអភិវឌ្ឍបែបលោតផ្លោះដែលមិនត្រឹមតែនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រទេសទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការគាំពារសន្តិភាព និងស្ថិរភាពក្នុងតំបន់ផងដែរ។ ខ្ញុំរីករាយបន្តរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយលោកប្រធានាធិបតី និងចាត់ទុកខួបទី៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរជាឱកាសមួយ ដើម្បីបន្តធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ក៏ដូចជារួមគ្នាជំរុញឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសចិននិងតួកម៉េនីស្ថានឱ្យឈានឡើងដល់កម្រិតថ្មីជាបន្តបន្ទាប់ ក្នុងន័យផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។
ដោយឡែក លោក Berdimuhamedov បានថ្លែងក្នុងសារលិខិតថា ប្រទេសតួកម៉េនីស្ថានយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសតួកម៉េនីស្ថាននិងចិន ហើយនឹងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រទេសចិនដោយឈរលើមូលដ្ឋាននៃគោលការណ៍សមភាព គោរពគ្នាទៅវិញទៅមក និងគិតគូរដល់ផលប្រយោជន៍របស់គូភាគី ធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញឱ្យទំនាក់ទំនងរវាងប្រទេសតួកម៉េនីស្ថាននិងចិនឡើងដល់កម្រិតកាន់តែខ្ពស់ថែមទៀត ។