កាលពីថ្ងៃទី ៨ ខែមករា លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទសចិនបានរួមជាមួយលោក Shaheed រដ្ឋមន្ត្រីការបរទេសម៉ាល់ឌីវ ជួបជាមួយអ្នកសារព័ត៌មាននៅក្រុង Male ។
ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានបញ្ជាក់ថា បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារយៈពេល ៥០ ឆ្នាំកន្លងមក ទំនាក់ទំនងចិន-ម៉ាល់ឌីវបានក្លាយទៅជាគំរូរវាងប្រទេសនិងប្រទេសក្នុងការប្រាស្រ័យទាក់ទងគ្នាមេត្រីភាព ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ។ លោក Wang Yi បានថ្លែងថា ក្នុងនាមជាដៃគូសហប្រតិបត្តិការមិត្តភាពគ្រប់ជ្រុងជ្រោយ ប្រទេសចិនសូមគាំទ្រប្រទេសម៉ាល់ឌីវក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជំរុញគម្រោងនៃការជួសជុលឡើងវិញនិងពង្រីកអាកាសយានដ្ឋានអន្តរជាតិ Velana ក៏ដូចជាបានជួយសាងសង់ស្ពានមិត្តភាពចិន-ម៉ាល់ឌីវ និងចាត់វិធានការយ៉ាងសកម្មដើម្បីកាត់បន្ថយបំណុលរបស់ម៉ាល់ឌីវក្នុងក្របខ័ណ្ឌ G20 ។ ក្នុងដំណើរទស្សនកិច្ចលើកនេះ ភាគីចិនបានសម្រេចចិត្តចាប់ដំណើរការនូវគម្រោងជំនួយនិងកិច្ចសហប្រតិបត្តិការថ្មីមួយចំនួនជាមួយភាគីម៉ាល់ឌីវ ដើម្បីបំពេញបន្ថែមកម្លាំងចលករដល់ការស្តារសេដ្ឋកិច្ចម៉ាល់ឌីវឡើងវិញ។ ការពិតជាក់ស្តែងបានបង្ហាញថា ការរួមគ្នាកសាងផ្លូវសូត្រលើសមុទ្ររវាងចិននិងម៉ាល់ឌីវ គឺសមស្របនឹងផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរ ភាគីទាំងពីរកំពុងរួមគ្នាដើរតាមផ្លូវនៃក្តីសង្ឃឹម ភាពរុងរឿង និងសុភមង្គល។