ខណៈពេលឆ្នាំ២០២២បានចូលមកដល់ ប្រជាជនជាច្រើនបានចាត់ទុកការយកឈ្នះលើការរីករាលដាលនៃជំងឺកូវីដ១៩ ជាបំណងប្រាថ្នាក្នុងឆ្នាំថ្មី ។ លោក Tedros អគ្គនាយកនៃអង្គការសុខភាពពិភពលោកក៏បានចេញផ្សាយសារលិខិតជូនពរឆ្នាំថ្មីឆ្នាំសកលដែរថា បើសិនជាបណ្តាប្រទេសនានាធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នោះមនុស្សជាតិយើងនឹងយកឈ្នះលើជំងឺកូវីដ១៩នៅឆ្នាំ២០២២ ។
ប៉ុន្តែ ខណៈពេលឆ្នាំ២០២២បានមកដល់ វីរុសបម្លែងថ្មីដែលតានៅមិនទាន់កាត់ផ្តាច់នៅឡើយ ជាងនេះទៅទៀត វីរុសបម្លែងថ្មីអូមីក្រុងក៏បានរាតត្បាតនៅទូទាំងពិភពលោកយ៉ាងឆាប់រហ័សផងដែរ បណ្តាលឱ្យប្រព័ន្ធសុខាភិបាលនៃប្រទេសជាច្រើនជិតនឹងដួលរលំ ។ ឆ្នាំ២០២២ ជាឆ្នាំគន្លឹះសម្រាប់មនុស្សជាតិយើង ដើម្បីយកឈ្នះលើជំងឺកូវីដ១៩ រីឯចំណុចគន្លឹះក្នុងការយកឈ្នះលើជំងឺកូវីដ១៩ គឺបណ្តាប្រទេសនានាចាំបាច់ត្រូវសាមគ្គីគ្នា រួមគ្នាទប់ស្កាត់ការរីករាលដាលនៃវីរុស រួមគ្នាចាត់វិធានការបង្ការនិងគ្រប់គ្រងប្រកបដោយមានប្រសិទ្ធភាព មិនត្រូវគិតតែផលប្រយោជន៍ផ្ទាល់ខ្លួនទេ ។ គួរធ្វើការងារបង្ការនិងគ្រប់គ្រងដ៏មានប្រសិទ្ធភាពផង និងគួរកាត់បន្ថយផលប៉ះពាល់ទៅលើសេដ្ឋកិច្ចនិងសង្គមដែលបណ្តាលមកពីជំងឺកូវីដ១៩ ឱ្យនៅត្រឹមកម្រិតអប្បបរមាផង រដ្ឋាភិបាលបណ្តាប្រទេសនានាបាននិងកំពុងខិតខំប្រឹងប្រែងស្វែងរកតុល្យភាពបែបនេះ ។
ទីមួយ សហគមន៍អន្តរជាតិត្រូវលើកកម្ពស់អត្រាចាក់វ៉ាក់សាំង សម្រេចបាននូវការចាក់វ៉ាក់សាំងឱ្យអស់ពីសមត្ថភាព ដើម្បីបង្កើតរបាំងដ៏មានប្រសិទ្ធភាពសម្រាប់ភាពស៊ាំរោគជាសមូហភាព ។ នៅឆ្នាំ២០២១ អង្គការសុខភាពពិភពលោកធ្លាប់តម្រូវឱ្យបណ្តាប្រទេសនានាគួរតែធានាសម្រេចបាននូវអត្រាប្រជាជនចាក់វ៉ាក់សាំងដល់៤០ភាគរយមុនដាច់ឆ្នាំ២០២១ ប៉ុន្តែឆ្នាំ២០២១បានកន្លងផុតទៅហើយ នៅតែមានរដ្ឋសមាជិកចំនួន៩២ ក្នុងរដ្ឋសមាជិកអង្គកាសុខភាពពិភពលោកចំនួន១៩៤ មិនទាន់ឈានដល់គោលដៅនេះនៅឡើយទេ ។ ដូច្នេះ អង្គការសុខភាពពិភពលោកបានអំពាវនាវប្រទេសមាននិងពាណិជ្ជករផលិតឱ្យរួមគ្នាធ្វើការខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវអត្រា៧០ភាគរយមុនខែកក្កដាឆ្នាំ២០២២ ។ដើម្បីសម្រេចបាននូវគោលដៅនេះ បណ្តាប្រទេសនានាចាំបាច់ត្រូវប្រឆាំងយ៉ាងដាច់ខាតនូវ “វ៉ាក់សាំងជាតិនិយម” និងលើកទឹកចិត្តការចែកចាយវ៉ាក់សាំងដោយសមភាព ត្រឹមត្រូវនិងមានតុល្យភាព ។ ជំងឺកូវីដ១៩បានរីករាលដាលជាសកលដោយមិនបែងចែកជាតិសាសន៍ឡើយ នេះបានបញ្ជាក់ពីការរួមវាសនាតែមួយរបស់មនុស្សជាតិ។ ការសម្រេចបាននូវការចែកចាយវ៉ាក់សាំងដោយស្មើភាពគ្នា គីជាផលប្រយោជន៍រួមរបស់ប្រទេសនីមួយៗ និងមនុស្សជាតិទាំងអស់។
ទីពីរ បណ្តាប្រទេសនានាគួរតែកំណត់និងអនុវត្តយន្តការនិងប្រព័ន្ធបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ប្រកបដោយមានប្រសិទ្ធភាព ។ ចាប់ពីខែឧសភា ឆ្នាំ២០២០មក ប្រទេសចិនបានឈានចូលដំណាក់កាលបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ប្រកបដោយភាពប្រក្រតី បន្ទាប់មក ប្រទេសចិនបានបង្កើតប្រព័ន្ធបង្ការនិងគ្រប់គ្រងប្រកបដោយវិទ្យាសាស្ត្រនិងចំគោលដៅ ហើយទទួលបានសមិទ្ធផលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ដែលគួរឱ្យពិភពលោកកត់សម្គាល់ ។ បើសិនជាពិភពលោកមិនបង្កើតយន្តការរួមដ៏មានកម្លាំងខ្លាំងក្លាសម្រាប់បង្ការជំងឺកូវីដ១៩ នោះការរីករាលដាលនៃជំងឺកូវីដ១៩ក៏ពិបាកបញ្ចប់ដែរ ។ នយោបាយបង្ការជំងឺកូវីដ១៩របស់ចិនត្រូវបានបញ្ជាក់ពីប្រសិទ្ធភាព ប្រទេសចិនបានផ្តល់ការអនុវត្តជាក់ស្តែងនិងគម្រោងដ៏ល្អបំផុតសម្រាប់ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នៅសកលលោក ។ ដូច្នេះ អង្គការសុខភាពពិភពលោកគួរតែផ្សព្វផ្សាយយន្តការនិងការអនុវត្តបង្ការជំងឺកូវីដ១៩ដ៏មានប្រសិទ្ធភាពក្នុងក្របខណ្ឌទូទាំងពិភពលោក និងគាំទ្របណ្តាប្រទេសនានាបង្កើតប្រព័ន្ធបង្ការដ៏មានកម្លាំងខ្លាំងក្លា ។
ក្រៅពីនេះ សហគមន៍អន្តរជាតិត្រូវបន្តបង្កើនកម្លាំងសម្រាប់ធ្វើការសិក្សាស្រាវជ្រាវនិងផលិតថ្នាំព្យាបាលជំងឺកូវីដ១៩ ។ បច្ចុប្បន្ននេះ អង្គការសុខភាពពិភពលោកបាននិងកំពុងធ្វើតេស្តប្រសិទ្ធភាពនៃវិធីព្យាបាលបីប្រភេទ ពោលគឺ Artesunate Imatinib និងInfliximab លើអ្នកជំងឺកូវីដ១៩ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួនជាង៦រយនៃប្រទេសយ៉ាងហោចណាស់ចំនួន៥២ កិច្ចសហប្រតិបតិ្តការលើវិស័យធ្វើតេស្តជាសកល អាចនាំមកនូវពន្លឺភ្លឺស្វាងដល់ការជំនះលើជំងឺកូវីដ១៩ ។
ចុងបំផុត បណ្តាប្រទេសនានាគួររួមសហការគ្នាបង្ការការផ្សព្វផ្សាយនៃវីរុសនយោបាយ ។ ការរួមគ្នាប្រឈមនឹងការគំរាមកំហែងរួម មនុស្សជាតិមានតែរួមសុខរួមទុក្ខជាមួយគ្នា និងយកអាសាគ្នាទៅវិញទៅមក ទើបអាចយកឈ្នះលើជំងឺកូវីដ១៩ដ៏កាចសាហាវមួយនេះបាន ។ ឆ្នាំ២០២២ សហគមន៍អន្តរជាតិត្រូវបន្តរួមគ្នាទប់ស្កាត់ទង្វើធ្វើនយោបាយធូបនីយកម្មជំងឺកូវីដ១៩ ឬលាបពណ៌និងមួលបង្កាច់ជាដើមជាបន្តបន្ទាប់ គួរតែសម្រេចបាននូវការបង្ការជំងឺកូវីដ១៩ដោយវិទ្យាសាស្ត្រនិងចាត់វិធានការឱ្យចំគោលដៅ ។ ជាពិសេស ប្រទេសអភិវឌ្ឍន៍ត្រូវបោះបង់ចោលទស្សនៈលំអៀងខាងមនោគមវិជ្ជា ផ្តល់ការគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសចំណូលទាបលើផ្នែកប្រាក់ទុន បច្ចេកវិទ្យានិងសមត្ថភាពជាដើម ដើម្បីរួមគ្នាសម្រេចបាននូវទស្សនទានដ៏ល្អបវរ ពោលគឺ “បញ្ចប់ការរីករាលដាលនៃជំងឺកូវីដ១៩នៅឆ្នាំ២០២២” ៕