កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន នឹងផ្តល់ឱកាសម្រាប់វិនិយោគិន កសិករ ម្ចាស់ចំការ និងអាជីវករ

2022-01-18 11:44:07 |ប្រភព:វិទ្យុជាតិកម្ពុជា

  ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ សង្ឃឹមជឿជាក់ថា កិច្ចសហប្រតិបត្តិការគ្រប់ ជ្រុងជ្រោយរវាងកម្ពុជា-ចិន នឹងផ្តល់កាលានុវត្តភាពសម្រាប់វិនិយោគិន កសិករ ម្ចាស់ចំការ និងអាជីវករ មានឱកាសពង្រីកសក្តានុពលផលិតកែច្នៃ និងនាំចេញស្រប តាមគន្លងប្រក្រតីភាពថ្មី ។

  ឯកឧត្តម វេង សាខុន លើកឡើងបែបនេះក្នុងពិធីទទួលជួបក្រុម ការងារអញ្ជើញមកពីក្រុមហ៊ុន ហ័រឡុង និងសហភាគី ដើម្បីសំដែងការគួរសម និងជួបផ្តល់បទសម្ភាសន៍ទាក់ទងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជារួមនិងដោយឡែកនោះ គឺផលិតផលផ្លែឈើកម្ពុជានិងទីផ្សាររវាងកម្ពុជា- ចិន នៅទីស្តីការក្រសួង នាថ្ងៃ ទី១៧ ខែមករា ឆ្នាំ២០២២ ។

  ក្នុងឱកាសនោះ លោកនា យកក្រុមហ៊ុន បានលើកឡើងថា កម្ពុជាជាមិត្តរបស់ចិន ហើយនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ភាគីទាំងពីរបានឯកភាពបង្កើតភាពជាដៃគូយុទ្ធសាស្ត្រពេញលេញ ។ កិច្ចសហប្រតិ បត្តិការចិន-កម្ពុជាលើវិស័យកសិកម្មបានប្រព្រឹត្តទៅក្នុងរបៀបវារៈរបស់ប្រមុខរដ្ឋទាំង ពីរនៅក្នុងវេទិកាកិច្ចសហប្រតិ បត្តិការអន្តរជាតិខ្សែក្រវាត់ និងផ្លូវលើកដំបូង។ ជាក់ស្តែង បច្ចុប្បន្នមានក្រុមហ៊ុនចិនជា ច្រើនបានមកធ្វើការវិនិយោគលើវិស័យកសិកម្ម (ផលិតកម្មដំណាំ វារីវប្បកម្ម មជ្ឈមណ្ឌលទីផ្សារកសិផល ពិព័រណ៍កសិផល កន្លែងកែច្នៃ វេចខ្ចប់ ធ្វើអនាម័យ កន្លែងសម្លាប់ សត្វល្អិតចង្រៃ)។ ការវិនិយោគនេះ គឺមានបំណងអភិវឌ្ឍវិស័យកសិកម្មកម្ពុជាដើម្បីធានាបានបរិមាណផ្គត់ផ្គង់ គុណភាព សុវត្ថិភាព និងស្តង់ដារទីផ្សារនាំចេញ។ លោកសង្ឃឹមថា នាពេលអនាគតដ៏ខ្លី សកម្មភាពវិនិយោគរបស់ក្រុមហ៊ុនចិនដែលបាននិងកំពុងដំណើរការ នឹងធ្វើឲ្យផលិតផលកសិកម្មកម្ពុជា មានវត្តមាននៅលើទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិនកាន់តែច្រើនឡើងថែមទៀត ។

  ជាការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានទាក់ទងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងភាគីទាំងពីរ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់ចម្លើយយ៉ាងក្បោះក្បាយជាលំដាប់លំដោយ ដោយផ្តើមចេញពីការរកបាននូវសន្តិភាពពេញលេញដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជាចាប់ ផ្តើមអភិវឌ្ឍជាជំហានៗលើគ្រប់វិស័យ ជាក់ស្តែងវិស័យកសិកម្មបានប្រែក្លាយពីប្រទេសមួយខ្វះខាតស្បៀង មកជាប្រទេសផលិតស្បៀងដើម្បីធ្វើការនាំចេញ ។

  ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា យោងលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ បានទាក់ទាញវិនិយោគិនចិនជាច្រើន មកវិនិយោគលើវិស័យកសិកម្ម ហើយក្នុងចំណោមក្រុមហ៊ុនធំៗទាំងនោះ គឺក្រុមហ៊ុន ហ៊ុន ទី ដែលបានដាក់ទុនវិនិយោគបង្កើតមជ្ឈមណ្ឌលកសិ- ឧស្សាហកម្ម ដោយធ្វើការ បែងចែកទីផ្សារផ្លែឈើ អគារកែច្នៃ អគារវេចខ្ចប់ ឃ្លាំងស្តុក (Cold storage) អគារ ពិព័រណ៍កសិផល កន្លែងសម្លាប់មេរោគ និងសត្វល្អិតចង្រៃ សម្រាប់ផ្លែឈើដូចជា ស្វាយមៀនប៉ៃលិន ចេក ដូង និងផលិតផលវារីវប្បកម្ម។ ដើម្បីជួយជំរុញដល់ការនាំ ចេញកសិផលកម្ពុជា រដ្ឋាភិបាលចិនបានឧបត្ថម្ភមន្ទីរពិសោធន៍ ថ្នាំការពារជំងឺឆ្លងគោ-ក្របី និងជំងឺដុំពកស្បែកគោផងដែរ ។

    តាមរយ:ជំនួយឧបត្ថម្ភនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ស្ថានទូតចិន អគ្គរដ្ឋបាលគយដែលបានផ្តល់កិច្ចសហការពិនិត្យ និងវាយតម្លៃលើគុណភាព និងលក្ខខណ្ឌតម្រូវភូតគាមអនាម័យលើផលិត ផលផ្លែ ស្វាយកែវរមៀតកម្ពុជា និងមៀនប៉ៃលិន ហើយឈានទៅសម្រេចអនុញ្ញាតជាផ្លូវការឲ្យផលិតផលស្វាយ និងចេកអំបូងលឿងនាំចេញទៅកាន់ទីផ្សារចិនជាផ្លូវការកន្លងមក ។

  មួយវិញទៀត សកម្មភាពវិនិយោគរបស់ក្រុមហ៊ុនចិន គឺពិតជានឹងចូលរួមបំពេញ បន្ថែមនូវខ្សែច្រវាក់ផលិតកម្មផ្លែឈើ ខ្សែច្រវាក់តម្លៃ និរន្តរភាពផលិតកម្ម និងទីផ្សារនាំចេញ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា នឹងរង់ចាំផ្តល់កិច្ចសហការ ធ្វើយ៉ាងណាឲ្យការវិនិយោគសម្រេចទទួលបានជោគជ័យ ៕