មួយឆ្នាំមុន ខណៈពេលដែលប្រទេសចិនក្លាយជាតួអង្គសេដ្ឋកិច្ចដ៏សំខាន់តែមួយគត់នៅលើពិភពលោកដែលសម្រេចបាននូវកំណើនសេដ្ឋកិច្ច ទីភ្នាក់ងារសារព័ត៌មាន Bloomberg ធ្លាប់ចេញផ្សាយអត្ថបទដោយបានអះអាងថា កំណើនសេដ្ឋកិច្ចរបស់ចិនកំពុងជួយសេដ្ឋកិច្ចសកលឱ្យសម្រេចបាននូវការងើបឡើងវិញជាបន្តបន្ទាប់ ។ មួយឆ្នាំក្រោយ ទន្ទឹមនឹងទិន្នន័យសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២១ ត្រូវបានប្រកាស ដំណើរការសេដ្ឋកិច្ចរបស់ចិនមិនបានធ្វើឱ្យពិភពលោកអស់សង្ឃឹមទេ ហើយបានក្លាយជាកម្លាំងដ៏សំខាន់ក្នុងការជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ។
យោងតាម"តារាងពិន្ទុ"ប្រចាំឆ្នាំដែលរដ្ឋបាលជាតិស្ថិតិចិនបានប្រកាសនៅថ្ងៃទី ១៧ ខែមករាបានឱ្យដឹងថា សេដ្ឋកិច្ចចិនសម្រេចបាននូវការងើបឡើងវិញប្រកបដោយស្ថិរភាពជាបន្តបន្ទាប់នៅឆ្នាំ ២០២១ ហើយគោលដៅសំខាន់ៗតាមការប៉ាន់ប្រមាណទុកជាមុនត្រូវបានសម្រេចដោយគ្រប់ជ្រុងជ្រោយ ពោលគឺ ទំហំសេដ្ឋកិច្ចសរុបរបស់ចិនមានចំនួនលើសពី ១ រយ ១០ ទ្រីលានយាន់ប្រាក់ចិន គឺដល់ទៅ ១១៤.៤ ទ្រីលានយាន់ប្រាក់ចិន បានឈរនៅលំដាប់ទី ២ នៅលើពិភពលោកដែលបានកើនឡើង ៨.១ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ ២០២០ ។ ល្បឿនកំណើននេះគឺស្របទៅតាមការប៉ាន់ប្រមាណជាទូទៅរបស់សេដ្ឋវិទូទាំងឡាយ ហើយបន្តឈរនៅលំដាប់ជួរមុខក្នុងចំណោមតួអង្គសេដ្ឋកិច្ចដ៏សំខាន់នៅលើពិភពលោកដែលបានបង្ហាញទៅកាន់ពិភពលោកឱ្យឃើញម្តងទៀតនូវភាពធន់និងកម្លាំងរស់រវើកយ៉ាងខ្លាំងក្លានៃសេដ្ឋកិច្ចចិន ។
សូមបញ្ជាក់ថា សេដ្ឋកិច្ចចិនសម្រេចបាននូវការងើបឡើងវិញប្រកបដោយស្ថិរភាពជាបន្តបន្ទាប់ គឺអាស្រ័យលើការបន្តពង្រីកតម្រូវការក្នុងស្រុក ។ នៅឆ្នាំ ២០២១ ទំហំសរុបនៃការលក់រាយទំនិញប្រើប្រាស់ក្នុងសង្គមមានចំនួនលើសពី ៤០ ទ្រីលានយាន់ប្រាក់ចិនដែលបានកើនឡើង ១២.៥ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០២០ ទំហំវិនិយោគខាងអចលនាទ្រព្យនៅទូទាំងប្រទេសមានចំនួនលើសពី ៥០ ទ្រីលានយាន់ប្រាក់ចិនដែលបានកើនឡើង ៤.៩ ភាគរយ ។ អត្រារួមចំណែករបស់តម្រូវការក្នុងស្រុកចំពោះកំណើនសេដ្ឋកិច្ចបានឡើងដល់ ៧៩.១ ភាគរយ ។ ដូចនេះ ឧត្តមភាពនៃទីផ្សារដ៏ធំធេងរបស់ប្រទេសចិនត្រូវបានបង្ហាញយ៉ាងពេញលេញ តម្រូវការក្នុងស្រុកបានក្លាយជាកម្លាំងអូសទាញដ៏សំខាន់បំផុតនៃកំណើនសេដ្ឋកិច្ចរបស់ចិន ហើយមានតួនាទីយ៉ាងសំខាន់ចំពោះដំណើរវិលជុំក្នុងស្រុកឱ្យមានភាពកាន់តែខ្លាំងឡើងៗជាបន្តបន្ទាប់ ។
ព្រមពេលជាមួយគ្នានេះ និម្មាបនកម្មអភិវឌ្ឍន៍ថ្មីដែលដំណើរវិលជុំទាំងជាតិនិងអន្តរជាតិជំរុញគ្នាទៅវិញទៅមកក៏មានអំណោយផលដល់ការងើបឡើងវិញជាបន្តបន្ទាប់នៃសេដ្ឋកិច្ចចិនផងដែរ ។ មួយផ្នែក ការពង្រីកតម្រូវការក្នុងស្រុកបានជំរុញដល់ការនាំចូលឱ្យកើនឡើង មួយផ្នែកទៀត ការពង្រីកតម្រូវការមកពីខាងក្រៅក៏បានជំរុញដល់ការនាំចេញឱ្យកើនឡើងផងដែរ ។ នៅឆ្នាំ ២០២១ ទំហំសរុបនៃការនាំចេញនាំចូលទំនិញរបស់ប្រទេសចិនបានបំបែកកំណត់ត្រាខ្ពស់បំផុតម្តងទៀតក្នុងប្រវត្តិសាស្រ្ត ក្នុងនោះ ការនាំចូលនិងនាំចេញបានកើនឡើង ២១.៥ ភាគរយនិង ២១.២ ភាគរយដោយឡែកពីគ្នាបើប្រៀបធៀបនឹងឆ្នាំ ២០២០ ។
ក្នុងបរិបទដែលវិស័យពាណិជ្ជកម្មនិងវិនិយោគនៅទូទាំងពិភពលោកមានភាពថមថយចុះពីមួយថ្ងៃទៅមួយថ្ងៃ តម្រូវការដ៏ខ្លាំងក្លានៃទីផ្សារចិនបានផ្តល់ការបញ្ជាទិញនិងឱកាសវិនិយោគកាន់តែច្រើនដែលមានកម្លាំងទាក់ទាញយ៉ាងខ្លាំងសម្រាប់សហគ្រាសទូទាំងពិភពលោក ។ លើសពីនេះទៅទៀត ក្នុងនាមជា"រោងច្រកសកលលោក"ដែលមានប្រព័ន្ធឧស្សាហកម្មដ៏ល្អពេញលេញនិងផលិតភាពប្រកបដោយស្ថិរភាព ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ ប្រទេសចិនបានបំពេញតាមតម្រូវការដែលបាននិងកំពុងកើនឡើងឥតឈប់ឈររបស់បណ្តាប្រទេសនានានៅលើពិភពលោកចំពោះផលិតផលចិន ដែលបានលំនឹងដល់ខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល ។
នាពេលបច្ចុប្បន្ននេះ បរិយាកាសសេដ្ឋកិច្ចដែលប្រទេសចិនកំពុងប្រឈមមុខនៅតែមានភាពស្មុគ្រស្មាញនិងតឹងរ៉ឹង ប៉ុន្តែនិន្នាការល្អប្រសើរជាមូលដ្ឋានរបស់សេដ្ឋកិច្ចចិនដែលមានស្ថិរភាពក្នុងរយៈពេលយូរនឹងមិនកែប្រែនោះទេ ។ ទន្ទឹមនឹងពេលវេលារំកិលទៅមុខ សមិទ្ធផលនៃគោលនយោបាយពាក់ព័ន្ធរបស់ប្រទេសចិនកំពុងលេចចេញជាបន្តបន្ទាប់ ។ ប្រការនេះក៏ធ្វើឱ្យប្រទេសចិនមានជំនឿចិត្ត ទីបង្អែកនិងសមត្ថភាពក្នុងការសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពនិងភាពរឹងមាំខណៈពេលកំពុងប្រឈមនឹងបរិយាកាសអន្តរជាតិដែលពោរពេញទៅដោយភាពមិនប្រាកដប្រជា ៕