ភ្នំពេញ៖ គិតត្រឹមពាក់កណ្តាលខែមករា ២០២២នេះ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ ដែលភ្ជាប់ផ្លូវជាតិសំខាន់ៗរបស់កម្ពុជា ក្រោមហិរញ្ញប្បទានពីរដ្ឋាភិបាលចិន សម្រេចបានជិត៧០ភាគរយហើយ គ្រោងនឹងបញ្ចប់ការស្ថាបនា នៅបំណាច់ឆ្នាំ២០២២
លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានឱ្យដឹងថា គម្រោងសាងសង់ផ្លូវដែលមានប្រវែង ប្រមាណ៥៣ គីឡូម៉ែត្រនេះ ដើរតួនាទីយ៉ាងសំខាន់ ក្នុងកាត់បន្ថយការកកស្ទះចរាចរណ៍ និង គ្រោះថ្នាក់ចរាចរណ៍ នៅរាជធានីភ្នំពេញ ព្រមទាំងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។
គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣នេះ គ្រោងចំណាយថវិកាសាងសង់ ប្រមាណជិត៣០០លានដុល្លារអាមេរិក ក្នុងនោះ ២៧០លានដុល្លារអាមេរិក គឺជាហិរញ្ញប្បទានពីប្រទេសចិន។ ក្រសួងសាធារណការនិងដឹកជញ្ជូនបានចុះកិច្ចសន្យាសាងសង់ជាមួយនឹងក្រុមហ៊ុន សំណង់សៀងហៃចិន ក្នុងការអនុវត្តការងារសាងសង់ផ្លូវក្រវាត់ក្រុងទី៣ នេះ ដែលមានការត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន ក្វាងចូវវ៉ាន់អាន មកពីប្រទេសចិនដែរ។
គួររម្លឹកថា ផ្លូវក្រវាត់ក្រុងទី៣ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាព សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃកម្ពុជា និងឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា៕