(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំរាជធានីភ្នំពេញ មានរៀបចំកម្មវិធីផ្តល់សម្ភារៈអេឡិចត្រូនិកដល់មន្ទីរសុខាភិបាលខេត្តបាត់ដំបង និងផ្នែកអគារបេះដូងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។
ក្នុងនាមមន្ទីរពេទ្យFUWAI លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានជម្រាបជូនអង្គពិធីថា ក្នុងស្មារតីចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណើរការទំនើបកម្មសម្ភារៈការិយាល័យ ទើបអង្គការYUNDIដែលជាសង្គមស៊ីវិលមួយរបស់ប្រទេសចិនដែលបាននិងកំពុងបំពេញបេសកកម្មការងារនៅកម្ពុជា តែងបានកៀរគរនូវជំនួយសប្បុរសធម៌និងមនុស្សធម៌នានា ក្នុងការចូលរួមធ្វើទំនើបកម្មសម្ភារៈបរិក្ខាការិយាល័យជូនដល់បណ្តាដៃគូនានាក្នុងការចូលរួមសម្របសម្រួលជូនដល់កុមារកម្ពុជាដែលមានជំងឺបេះដូងចំហទៅវះកាត់និងព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យបេះដូងFUWAI ខេត្តយូណាន។
លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា កម្មវិធីនាថ្ងៃនេះជាសមិទ្ធផលថ្មីមួយបន្ថែមទៀតនៃការផ្ដល់អំណោយបន្ថែមលើការផ្ដល់អំណោយនាពេលកន្លងមករបស់អង្គការYUNDI និងមន្ទីរពេទ្យFUWAI ជូនដល់បណ្តាដៃគូនានានៅក្នុងប្រទេសកម្ពុជា។
លោកជំទាវបានលើកទឹកចិត្តដល់បណ្តាដៃគូនានាក្នុងការចូលរួមដល់ការអនុវត្តគម្រោងដំណើរនៃក្តីស្រឡាញ់ពេញបេះដូងក្នុងការសម្របសម្រួលជូនដល់កុមារកម្ពុជាបន្ថែមទៀតបានទៅវះកាត់និងព្យាបាលដោយឥតគិតថ្លៃនៅក្នុងប្រទេសចិន។ លោកវេជ្ជបណ្ឌិត សាំង លាង ប្រធានផ្នែកបច្ចេកទេសជំងឺបេះដូងនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ និងលោកវេជ្ជបណ្ឌិត វឿង ប៊ុនរេត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានសាទរនឹងសម្ភារៈអេឡិចត្រូនិកដែលទទួលបាននាថ្ងៃនេះ ហើយបន្តការប្តេជ្ញាចិត្តចូលរួមចំណែកនៅក្នុងសកម្មភាពមនុស្សធម៌ប្រកបដោយវិជ្ជាជីវៈវេជ្ជសាស្ត្រស្របតាមនិយាមវិទ្យាសាស្ត្រសុខាភិបាលជាមួយនឹងមន្ទីពេទ្យបេះដូងFUWAIខេត្តយូណាន ប្រទេសចិន និងបណ្តាដៃគូកិច្ចសហការនានាដែលឈរលើផលប្រយោជន៍របស់សហគមន៍ និងតម្រូវការជាក់ស្តែងរបស់ប្រជាជនកម្ពុជា៕