អាណិកជនចិន និងជនជាតិចិននៅប្រទេសកម្ពុជារៀបចំពិព័រណ៍រូបថត និងអក្សរផ្ចង់ចិនដើម្បីស្វាគមន៍ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង

2022-01-25 09:56:00 |ប្រភព:中国新闻网

  នាថ្ងៃទី​២៣ ខែមករា​ អាណិកជនចិន​និងជនជាតិចិននៅប្រទេសកម្ពុជា បានរៀបចំពិព័រណ៍រូបថត​និងអក្សរផ្ចង់ចិន​នៅ​រាជធានីភ្នំពេញ ​ដើម្បីអបអរសាទរនិងបង្ហាញការគាំទ្រចំពោះកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង។

  ពិព័រណ៍លើកនេះធ្វើក្រោមប្រធានបទ “អបអរសាទរកីឡាអូឡាំពិករដូវរងា ទទួល​បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន​ និងគាំទ្រ​ចំពោះ​ភាពអស្ចារ្យនៃព្រឹត្តិការណ៍កីឡាអូឡាំពិក​រដូវរងាក្រុងប៉េកាំងឆ្នាំ​២០២២ ”  ដែលបានតាំង​បង្ហាញ​រូបថត​ចំនួន​២៣៨ សន្លឹក ​និងស្នាដៃអក្សរផ្ចង់ចិនជាង ​១០០ ​ផ្ទាំងពាក់ព័ន្ធនឹងកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង។​ ការតាំង​ពិព័រណ៍នេះមានរយៈពេលពីរខែ។

  បន្ទាប់ពីទស្សនាពិព័រណ៍ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានថ្លែងថា​ ប្រទេសកម្ពុជាសូមគាំទ្រយ៉ាងពេញទំហឹងចំពោះក្រុងប៉េកាំងក្នុងការរៀបចំកីឡាអូឡាំពិករដូវរងា ព្រមទាំងប្រឆាំង​នឹងការធ្វើឱ្យកីឡាក្លាយជាបញ្ហានយោបាយទោះ​តាមទម្រង់ណាក៏ដោយ​។​  លោកបានបន្តថា​ ក្រុងប៉េកាំងធ្វើបាន​ល្អ​ណាស់ក្នុងការត្រៀមរៀបចំបានចាត់វិធានការបង្ការ ​និងគ្រប់គ្រងជំងឺឆ្លងយ៉ាងពេញលេញ​ លោកបានជូនពរទុកជាមុនសូមឱ្យការរៀបចំកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងទទួលបានជោគជ័យយ៉ាងគាប់ប្រសើរ​។

  លោក ឆាន បុចា ជាអ្នកទស្សនាបានបញ្ជាក់ថា ប្រទេសចិនធ្វើការងារជាច្រើនសម្រាប់កីឡាអូឡាំពិកនេះ ដូច្នេះកីឡា​អូឡាំពិក​រដូវរងា​ក្រុងប៉េកាំងពិតនឹងទទួលជោគជ័យ ។

  លោក ចា ឡេនឌីដា ជំនួយការសមាគមអ្នកសរសេរអក្សរផ្ចង់ចិននៅកម្ពុជាបានរៀបរាប់ថា ខ្ញុំជឿជាក់ថា កីឡា​អូឡាំពិក​រដូវរងាក្រុងប៉េកាំងមិនគ្រាន់តែជាព្រឹត្តិការណ៍កីឡាប៉ុណ្ណោះទេ ថែមទាំងជាព្រឹត្តិការណ៍វប្បធម៌មួយ ដើម្បីបង្ហាញពីភាពទាក់ទាញរបស់វប្បធម៌ចិន ។

  អ្នកបកប្រែ៖刘蓉