មជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយនៃកីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំងបានត្រូវដាក់ឱ្យដំណើរការលើ២៤ ម៉ោងជាផ្លូវការចាប់ពីថ្ងៃទី ២៤ ខែមករានេះតទៅ។
លោក Xu Jicheng ប្រធានផ្នែកប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយនៃគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំងបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ២៣ខែមករាថា មជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយនឹងដំណើរការ ២៤ ម៉ោងក្នុងមួយថ្ងៃចាប់ពីថ្ងៃទី ២៤ខែមករានេះតទៅ ដែលនឹងផ្តល់សេវាកម្មយ៉ាងទៀងទាត់ជូនអ្នកសារព័ត៌មានពិភពលោកទាំងមូល។
លោកបន្តថា នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ការងាររបស់ប្រព័ន្ធផ្សព្វផ្សាយមានគោលបំណងសំខាន់បីគឺ៖ ទីមួយដើម្បីតភ្ជាប់ពិភពលោកទាំងមូលនិងធ្វើឱ្យមនុស្សគ្រប់គ្នាសុទ្ធតែបានចូលរួមរីករាយជាមួយព្រឹត្តិការណ៍កីឡាអូឡាំពិក ទីពីរគឺផ្សព្វផ្សាយស្មារតីអូឡាំពិកនិងនាំមកនូវឧត្តមគតិនិងក្តីសង្ឃឹមសម្រាប់មនុស្សគ្រប់គ្នា ទីបីគឺការរួបរួមមនុស្សទាំងអស់ និងលើកទឹកចិត្តយុវជនកាន់តែច្រើនក្នុងន័យរួមគ្នាកសាងពិភពលោកមួយដែលមានភាពល្អបវរថែមទៀតក្រោមការលើកទឹកចិត្តពីស្មារតីអូឡាំពិក។