ឆ្នាំ ២០២១ គឺជាឆ្នាំដ៏មានអត្ថន័យជានិមិត្តសញ្ញាសម្រាប់ប្រទេសចិន ហើយ"តារាងពិន្ទុ"ផ្នែកសេដ្ឋកិច្ចពេញមួយឆ្នាំរបស់ចិនក៏កាន់តែក្លាយជាការបកស្រាយដែលមានសារសំខាន់ផងដែរ ។
គួរបញ្ជាក់ថា ក្នុងឆ្នាំ ២០២១ ទំហំសេដ្ឋកិច្ចសរុបរបស់ចិនមានចំនួនលើសពី ១ រយ ១០ ទ្រីលានយាន់ប្រាក់ចិន គឺដល់ទៅ ១១៤.៤ ទ្រីលានយាន់ប្រាក់ចិនដែលបានកើនឡើង ៨.១ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ ២០២០ ។ ផលិតផលក្នុងស្រុកសរុបគិតជាមធ្យមក្នុងមនុស្សម្នាក់ៗបានឡើងដល់ ៨ ម៉ឺន ៩ រយ ៧៦ យាន់ប្រាក់ចិន បើគិតតាមអត្រាប្តូរប្រាក់គិតជាមធ្យមប្រចាំឆ្នាំ បានលើសពី ១ ម៉ឺន ២ ពាន់ដុល្លារអាមេរិក ។ល។ ការទទួលបានសមិទ្ធផលបែបនេះគឺ ខ្ពស់ជាងគោលដៅដែលបានកំណត់នៅដើមឆ្នាំ ២០២១ ហើយក៏បានលើសពីការប៉ាន់ប្រមាណជាទូទៅរបស់គ្រឹះស្ថានសេដ្ឋកិច្ចនានាផងដែរ ។
ដោយឡែកនាពេលបច្ចុប្បន្នដែលសេដ្ឋកិច្ចសកលកំពុងខិតខំប្រែពីការធ្លាក់ចុះយ៉ាងខ្លាំងទៅជាការងើបឡើងវិញជាបណ្តើរៗ "ភាពធន់យ៉ាងខ្លាំងក្លា"នៃសេដ្ឋកិច្ចចិនដែលបានបង្ហាញទៅកាន់ពិភពលោកអាចបញ្ជាក់ពី"ការបោះជំហានកាន់តែរឹងមាំ ទើបអាចធ្វើដំណើរបានកាន់តែឆ្ងាយ" ។ ដោយសារតែការផ្តោតសំខាន់លើសំបកក្រៅនៃទិន្នន័យ ធ្វើបទបង្ហាញនិងការវិភាគចំពោះតក្កវិទ្យាដែល"ខ្ពស់ជាងគោលដៅដែលបានកំណត់ជាមុន"ព្រមទាំងបូកសរុបមូលហេតុដែល"លើសពីការប៉ាន់ប្រមាណ" បានជាសមិទ្ធផលផ្នែកសេដ្ឋកិច្ចដ៏ល្អប្រសើររបស់ចិនក្នុងឆ្នាំ ២០២១ បានបន្សល់ទុកនូវការបំផុសគំនិតយ៉ាងជ្រាលជ្រៅសម្រាប់ពេលអនាគត ។
សមិទ្ធផលគួរឱ្យកត់សម្គាល់នេះបានមកដោយមិនងាយនោះទេ ។ ក្នុងរយៈពេលជាង ២ ឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចចិនបានទប់ទល់ដោយមានប្រសិទ្ធភាពនូវកម្លាំងសម្ពាធដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ ១៩ ហើយបានបង្ហាញពីភាពធន់យ៉ាងខ្លាំងដែលបានបញ្ជាក់ថា និន្នាការល្អប្រសើរជាទូទៅក្នុងរយៈពេលយូរមិនផ្លាស់ប្ដូរឡើយ ។
ពីទំហំសេដ្ឋកិច្ចសរុបរបស់ចិនមានចំនួនលើសពី ១ រយ ១ ទ្រីលានយាន់ប្រាក់ចិនដល់១ រយ ១៤ ទ្រីលានយាន់ប្រាក់ចិន កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ ២០២១ របស់ចិនប្រហែលឡើងដល់ ១៣ ទ្រីលានយាន់ប្រាក់ចិនដែលស្មើនឹង ២ ទ្រីលានដុល្លារអាមេរិក ពោលគឺ ស្មើនឹងទំហំសេដ្ឋកិច្ចសរុបក្នុងមួយឆ្នាំរបស់តួអង្គសេដ្ឋកិច្ចដ៏សំខាន់ធំបង្គួរមួយនៅលើពិភពលោក ដែលមានន័យថា កម្លាំងជាតិចម្រុះ សមត្ថភាពផលិតកម្មសង្គមនិងកម្រិតជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសចិនត្រូវបានលើកកម្ពស់ថែមមួយកម្រិតទៀត ហើយវាក៏មានសេចក្តីថា ការអភិវឌ្ឍរបស់ប្រទេសចិនមានមូលដ្ឋានគ្រឹះកាន់តែរឹងមាំ លក្ខណសម្បត្តិកាន់តែល្អប្រសើរនិងកម្លាំងចលករកាន់តែខ្លាំងក្លា ព្រមពេលជាមួយគ្នានេះ ក៏បានរួមចំណែកកម្លាំងរបស់ចិនសម្រាប់ការអភិវឌ្ឍជាសកលផងដែរ ។
សមិទ្ធផលអភិវឌ្ឍន៍ដែលចិនទទួលបានក្នុងរយៈពេលមួយឆ្នាំកន្លងមក សុទ្ធតែបានពង្រឹងនូវមូលដ្ឋានគ្រឹះយ៉ាងរឹងមាំដើម្បីសម្រេចគោលដៅនានាតាមពេលកំណត់ ។ ដោយឡែកអាស្រ័យលើមូលដ្ឋានគ្រឹះដ៏រឹងមាំបែបនេះ និន្នាការដ៏ល្អប្រសើរជាទូទៅក្នុងរយៈពេលយូររបស់សេដ្ឋកិច្ចចិនមានភាពកាន់តែខ្លាំងក្លា ហើយសមត្ថភាពទប់ទល់នឹងការប្រឈមនិងហានិភ័យគ្រប់បែបយ៉ាងមានភាពជឿជាក់កាន់តែប្រសើរឡើងៗ ។
គួររំលឹកថា នាពេលថ្មីៗកន្លងទៅនេះ ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានចេញផ្សាយអត្ថបទដោយលើកឡើងថា "ការបណ្តាក់ទុនមានហានិភ័យរបស់ចិនក្នុងឆ្នាំ ២០២១ បានឡើងដល់ ១ សែន ៣ ម៉ឺន ៦ រយលានដុល្លារអាមេរិកដែលបានបំបែកកំណត់ត្រាខ្ពស់ថ្មី ពោលគឺ កើនឡើងប្រហែល ៥០ ភាគរយបើប្រៀបធៀបនឹងទំហំទឹកប្រាក់ចំនួន ៨ ម៉ឺន ៦ ពាន់ ៧ រយលានដុល្លារអាមេរិកកាលពីឆ្នាំ ២០២០ " ។
សមិទ្ធិផលដ៏មហិមាដែលប្រទេសចិនសម្រេចបាន មិនដែលពឹងផ្អែកលើភាពចៃដន្យឬព្រេងសំណាងនោះទេ តែគឺពឹងផ្អែកលើបក្សកុម្មុយនិស្តចិនដែលជាស្នូលសម្រាប់ប្រមូលផ្តុំកម្លាំងកាយចិត្តនិងគំនិតសេដ្ឋកិច្ចរបស់លោកប្រធានរដ្ឋចិន Xi Jinping ដែលជាត្រីវិស័យសម្រាប់ចង្អុលបង្ហាញទិសដៅ ។
ឆ្នាំ ២០២២ ប្រទេសចិនបានត្រៀមលក្ខណៈរួចហើយ ។ យើងមុខជានឹងជំរុញសេដ្ឋកិច្ចចិនឱ្យដណ្តើមបានសិទ្ធិម្ចាស់ការ ឧត្តមភាពនិងអនាគតដ៏ភ្លឺស្វាងក្នុងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ជាក់ជាមិនខាន !