នៅល្ងាចថ្ងៃទី ២៥ ខែមករា នៅទីក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើជាអធិបតីនិងថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំកំពូលតាមប្រព័ន្ធវីដេអូដើម្បីរំលឹកខួបទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិននិងប្រទេស ៥ នៅអាស៊ីកណ្តាល ។
លោក Xi Jinping បានសង្កត់ធ្ងន់ថា ការគោរពគ្នាទៅវិញទៅមក រាប់អានគ្នានិងមានសុខដុមនីយកម្មជាមួយប្រទេសជិតខាង រួមសុខរួមទុក្ខ ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងឈ្នះ-ឈ្នះ គឺជាកត្តាសំខាន់នៃការទទួលជោគជ័យលើកិច្ចសហប្រតិបត្តិការរវាងចិននិងប្រទេស ៥ នៅអាស៊ីកណ្តាល ។ប្រទេសចិនសូមគាំទ្រយ៉ាងមុតមាំចំពោះបណ្តាប្រទេសអាស៊ីកណ្តាលក្នុងការដើរតាមមាគ៌ាអភិវឌ្ឍន៍ដែលសមស្របនឹងសភាពការណ៍ជាតិរបស់ប្រទេសខ្លួន គាំទ្រយ៉ាងមុតមាំចំពោះប្រទេសនានាក្នុងការគាំពារអធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដី គាំទ្រយ៉ាងមុតមាំចំពោះប្រទេសនានាក្នុងការស្វែងរកការអភិវឌ្ឍនិងសាមគ្គីភាពនៃប្រជាជាតិ ព្រមនិងគាំទ្រយ៉ាងមុតមាំចំពោះប្រទេសនានាក្នុងការដើរតួនាទីកាន់តែសំខាន់នៅលើឆាកអន្តរជាតិ។ប្រទេសចិនមានឆន្ទៈក្នុងការពួតដៃគ្នាជាមួយបណ្តាប្រទេសអាស៊ីកណ្តាល ដើម្បីកសាងសហគមន៍រួមវាសនាចិន-អាស៊ីកណ្តាលដែលមានភាពកាន់តែជិតស្និទ្ធ ។
មេដឹកនាំនៃប្រទេស ៥ អាស៊ីកណ្តាលបានសម្តែងការទន្ទឹងរង់ចាំចំពោះការចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងប្រទេសចិននៅសប្តាហ៍ក្រោយ ហើយជឿជាក់ថា ប្រទេសចិននឹងឈ្នះការលំបាកនៃការរីករាលដាលនៃជំងឺឆ្លង និងរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងប្រកបដោយភាពជោគជ័យតាមការគ្រោងទុក ដើម្បីនាំមកនូវជំនឿចិត្តនិងក្តីសង្ឃឹមកាន់តែច្រើនជូនដល់ពិភពលោក !