កាលពីថ្ងៃទី ២៦ ខែមករា វេទិកានវានុវត្តន៍នៃប្រព័ន្ធសារព័ត៌មានជាសកលលើកទីមួយបានបើកធ្វើនៅទីក្រុងប៉េកាំង ដែលផ្តួចផ្តើមដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងរួមសហការរៀបចំដោយគណៈកម្មាធិការអូឡាំពិកប្រទេសចិននិងគណៈកម្មាធិការរៀបចំការប្រកួតកីឡាអូឡាំពិកក្រុងប៉េកាំង ក្រោមប្រធានបទ “ចែករំលែកកីឡាអូឡាំពិករដូវរងាបែបបច្ចេកវិទ្យា” អ្នកទទួលខុសត្រូវនៃស្ថាប័នប្រព័ន្ធសារព័ត៌មាននិងអង្គការអន្តរជាតិចំនួន ១៤៥ មកពី ៧៨ ប្រទេសនិងតំបន់នៅលើពិភពលោកបានអញ្ជើញចូលរួមវេទិកានិងសកម្មភាពពាក់ព័ន្ធតាមប្រព័ន្ធវីដេអូ ។
លោក Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិបានសម្តែងការអបអរសាទរតាមរយៈប្រព័ន្ធវីដេអូជូនចំពោះការបើកធ្វើដោយជោគជ័យនៃវេទិកានេះ ព្រមនិងជូនពរឱ្យវេទិកានេះទទួលបានសមិទ្ធផលច្រើន។
លោកShen Haixiong អគ្គនាយកនិងជានិពន្ធនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានសង្កត់ធ្ងន់ក្នុងវេទិកាថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG)បានផ្តោតសំខាន់លើការផ្សព្វផ្សាយអំពីកីឡាអូឡាំពិក និងបង្ហាញពីភាពទាក់ទាញនៃកីឡាអូឡាំពិកតាមរបៀបច្នៃប្រឌិតថ្មី។ CMGមានឆន្ទៈខិតខំប្រឹងប្រែងជាមួយដៃគូប្រព័ន្ធសារព័ត៌មាននៅលើពិភពលោក និងរួមសហការយ៉ាងពេញទំហឹងជាមួយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ សំដៅបង្ហាញពីភាពអស្ចារ្យ និងវិសាមញ្ញនៃកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង។
លោក Gou Zhongwen ប្រធានគណៈកម្មាធិការអូឡាំពិកចិន និងជាប្រធានរដ្ឋបាលជាតិកីឡាចិនបានបង្ហាញពីការជឿជាក់ថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងអាចបង្ហាញពីទិដ្ឋភាពនៃការតស៊ូយ៉ាងស្វិតស្វាញរបស់អត្តពលិកកីឡាព្រិលទឹកកករបស់ប្រទេសចិននិងបរទេសក្នុងអំឡុងពេលបើកធ្វើព្រឹតិ្តការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ក៏ដូចជាទស្សនៈរៀបចំការប្រកួតកីឡាអូឡាំពិកបែបបៃតង ចែករំលែក បើកចំហ និងស្អាតស្អំ។
ក្នុងនាមជាសមិទ្ធផលដ៏សំខាន់មួយនៃវេទិកានេះ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងស្ថាប័នប្រព័ន្ធសារព័ត៌មានអន្តរជាតិ ដូចជាសមាគមផ្សព្វផ្សាយអាស៊ីនិងសមាគមផ្សព្វផ្សាយអារ៉ាប់រួមជាដើម រួមគ្នាចេញផ្សាយ«គំនិតផ្តួចផ្តើមរួមនៃវេទិកានវានុវត្តន៍នៃ ប្រព័ន្ធសារព័ត៌មានជាសកលលើកទីមួយ» ដែលផ្តួចផ្តើមឱ្យស្ថាប័នប្រព័ន្ធសារព័ត៌មាននៃបណ្តាប្រទេសចាត់ទុកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងជាឱកាសមួយដើម្បីបន្តវេននិងផ្សព្វផ្សាយស្មារតីច្នៃប្រឌិតថ្មី អនុវត្តកាតព្វកិច្ចរបស់ខ្លួន ប្រមូលផ្តុំនូវគំនិតឯកភាពរួមយ៉ាងទូលំទូលាយ និងជំរុញសង្គមមនុស្សជាតិឱ្យពួតដៃគ្នាឆ្ពោះទៅមុខ៕