តំណាង​ប្រទេសចិន​ប្រចាំជាអចិន្រ្តៃយ៍​នៅ​អង្គការសហប្រជាជាតិ​អំពាវនាវឱ្យចាត់ទុក​ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា​ក្រុងប៉េកាំង​ជាឱកាសមួយ​ដើម្បី​​លុបបំបាត់ការខ្វែងគំនិត​តាមរយៈការសន្ទនា

2022-01-27 15:26:08 |ប្រភព:CRI

  កាលពីថ្ងៃទី ២៥ ខែមករា ថ្លែងក្នុងកិច្ចប្រជុំ​ជជែក​ពិភាក្សាបើកចំហ​អំពី “​បញ្ហាការពារជនស៊ីវិលក្នុងសង្គ្រាមនៅទីក្រុង” នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោក Zhang Jun តំណាង​ប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានលើកឡើង​ថា ប្រទេសចិនសូមអំពាវនាវយ៉ាងខ្លាំងក្លាដល់ប្រទេស​និងភាគីមានជម្លោះទាំងអស់ឱ្យគោរពតាមសេចក្តីសម្រេចចិត្តស្តីពី​ការ​ឈប់​បាញ់គ្នា​ក្នុង​អំឡុងពេលបើកធ្វើព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​ក្រុងប៉េកាំង​ ហើយ​សូម​ឱ្យចាត់ទុក​ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង​ជាឱកាសមួយដើម្បី​លុប​បំបាត់ការខ្វែងគំនិតតាមរយៈការសន្ទនា និងយកកិច្ចសហប្រតិបត្តិការមកជំនួសឱ្យ​ការប្រឈមមុខដាក់គ្នា​ ។

  លោក Zhang Jun បានបន្តថ្លែង​ថា ការសម្រេច​បាន​នូវ​បទឈប់បាញ់ គឺជាជំហានដំបូងក្នុងដំណោះស្រាយតាមវិធីនយោបាយ។ កាលពីខែធ្នូឆ្នាំ២០២១ មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តជាឯកច្ឆន្ទនូវ​សេចក្តីសម្រេចចិត្ត​ស្តីពីការឈប់បាញ់គ្នា​ក្នុង​អំឡុងពេល​បើកធ្វើព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​ក្រុង​ប៉េកាំង ដែល​មាន​ប្រទេសចំនួន ១៧៣  បាន​រួមគ្នា​លើកឡើង​​សំណើនេះ ។ ប្រការនេះបានបង្ហាញជាថ្មីម្តងទៀតនូវការឯកភាពរួមផ្នែកនយោបាយរបស់សហគមន៍អន្តរជាតិដែលរំពឹងថា​គ្រប់ភាគីមានជម្លោះអាច​សម្រេចបានបទឈប់បាញ់ ៕