កីឡាអូឡាំពិករដូវរងា២០២២ ៖ សហគមន៍អន្តរជាតិ​កំពុងយកចិត្តទុកដាក់ជាងមុនលើប្រទេសចិន

2022-01-27 15:27:07 |ប្រភព:CRI
  អំណោយឆ្នាំថ្មី ឆ្នាំខាលជូនដល់ប្រជាជនចិននិយាយដោយឡែក មនុស្សជាតិទូទៅនិយាយរួម នោះគឺពិធីដ៏មហោឡារិកដែលប្រទេសចិនទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ (៤-២០ កុម្ភៈ ២០២២)។ ពិភពលោកកំពុងទន្ទឹងរង់ចាំក្នុងការទទួលអំណរទ្វេដងជាមួយប្រជាជនចិនក្នុងការទទួលអំណរឆ្នាំថ្មី និងអំណរនៃឧត្តមភាព   ​​
  កីឡាអូឡាំពិករដូវរងា ឆ្នាំ២០២២។ យើងបានដឹងហើយថា តម្រូវការសុខភាពល្អជូនដល់ប្រជាជន គឺជាតម្លៃគោលដើមនៃការអនុវត្តជាប្រចាំថ្ងៃនៃកីឡា។ មិនថាកីឡាករ កីឡាការិនី ឬអ្នកស្រឡាញ់វិស័យកីឡា ឬអ្នកនិយមហាត់ប្រាណ អាចបង្កើតនូវសា្នដៃល្អៗបានដោយអាស្រ័យលើថាការគោរពគុណធម៌កីឡា និងគោរពតាមគោលការណ៍សុខភាព។ សុខភាពសាធារណៈ ឬសុខភាពល្អជាសេចក្តីប្រាថ្នារបស់មនុស្សជាតិ ហើយជាងពេលណាៗទាំងអស់ ដែលកីឡាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសាមគ្គីភាពប្រជាជាតិ និងរួមគ្នាកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។
  ទាំងអស់នេះចង្អុលបង្ហាញពីការពិត កីឡាលូតលាស់តែនៅពេលដែលកីឡាកើតចេញពីការថែទាំសុខភាព និងសាមគ្គីភាពជូនដល់មនុស្សជាតិដែលជាមេរៀននៃជីវភាពជាក់ស្តែងពិតប្រាកដ ហើយដើរស្របទៅតាមពេលវេលាយ៉ាងជិតស្និទ្ធ។ កីឡាករ កីឡាការិនី អ្នកស្រឡាញ់កីឡា អ្នកហាត់កីឡា តែងយកចិត្តទុកដាក់អំពីសុខុមាលភាពផ្ទាល់ខ្លួន និងសុខភាពសាធារណៈរបស់មនុស្សជាតិ ហើយបញ្ជូលភាពសប្បាយរីករាយ និងបង្កើនសុខភាពទៅក្នុងជីវភាពរស់នៅរបស់ខ្លួន ដើម្បីពង្រឹងលើការរំពឹងទុក និងទំនុកចិត្តរបស់ខ្លួនចំពោះអនាគតដែលល្អប្រសើរជាងមុនប្រកបដោយសុខភាពល្អបរិបូរណ៍។
ភាពរឹងមាំរបស់កីឡាស្ថិតទៅតាមឆន្ទៈរបស់មនុស្សជាតិ និងការឆ្លុះបញ្ចាំងពីសហគមន៍រួមគ្នារបស់មនុស្សជាតិ។ កីឡាជានិមិត្តសញ្ញាវប្បធម៌អរូបីរបស់មនុស្សជាតិ មនុស្សជាតិម្នាក់ៗពោរពេញទៅដោយអារម្មណ៍ មានទឹកចិត្ត មានក្តីសុបិន និងការតស៊ូក្នុងការលើកស្ទួយគុណតម្លៃរបស់កីឡា ជាពិសេសគុណតម្លៃរបស់កីឡាអូឡាំពិក គឺឧត្តមភាព មិត្តភាព និងការគោរព ដែលនេះជាមូលដ្ឋានគ្រឹះរបស់ចលនាអូឡាំពិកក្នុងការបង្កើតសកម្មភាពរបស់ខ្លួនដើម្បីលើកកម្ពស់វិស័យកីឡា វប្បធម៌ និងការអប់រំ និងក្នុងគោលបំណងកសាងពិភពលោកឱ្យកាន់តែប្រសើរឡើង។ ជាការណ៍ដែលមិនអាចប្រកែកបានថា គុណតម្លៃទាំងបីរបស់កីឡាអូឡាំពិកនេះត្រូវបាន ប្រជាជននិងប្រទេសចិនគោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួន ដើម្បីលើកកម្ពស់តម្លៃរួមរបស់មនុស្សជាតិ ដែលជាពិសេសកីឡាអូឡាំពិករដូវរងា២០២២នេះគឺជាតឹកតាងបញ្ជាក់កាន់តែប្រត្យក្សបន្ថែមទៀតថានេះជាវេទិកាកីឡាដែលបានចូលរួមចំណែកយ៉ាងសកម្មដល់ការកសាងសហគមន៍រួមជោគវាសនាមនុស្សជាតិ។
  នេះមិនមែនជាលើកដំបូងនៃការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវស្មារតីរបស់កីឡាអូឡាំពិករដូវរងានោះទេ ព្រោះប្រទេសចិនធ្លាប់បានធ្វើជាម្ចាស់ផ្ទះពិធីប្រកួតកីឡាអូឡាំពិករដូវក្តៅកាលពីខែសីហា ឆ្នាំ២០០៨ ហើយទទួលបាននូវការចាប់អារម្មណ៍ និងសាទរពីពិភពលោកទាំងមូល ហើយឆ្នាំ២០២២នេះ សហគមន៍អន្តរជាតិកំពុងយកចិត្តទុកដាក់ជាងមុនលើប្រទេសចិនក្នុងកម្មវិធីដ៏មហិមានៃការធ្វើជាម្ចាស់ផ្ទះនៃកីឡាអូឡាំពិករដូវរងា២០២២។ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា សំឡេងនៃសហគមន៍អន្តរជាតិដែលគាំទ្រយ៉ាងមុតមាំនិងកាន់តែច្រើនឡើងៗចំពោះរដ្ឋធានីប៉េកាំងក្នុងការរៀបចំប្រកបដោយសុវត្ថិភាព និងមានភាពរលូនតាមពេលកំណត់នូវព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា។ ទន្ទឹមនឹងនេះ សំឡេងដែលប្រឆាំងក៏កាន់តែច្រើនឡើងនិងខ្លាំងឡើងផងដែរទៅនឹងការធ្វើនយោបាយធូបនីយកម្មកីឡា។ ជាក់ស្តែងណាស់ក្នុងការផ្តល់បទសម្ភាសន៍ជាពិសេសជាមួយកាសែតប្រជាជនចិន លោកស្រី Kate Caithness ប្រធានសហព័ន្ធពិភពលោកកីឡាcurlingបានវាយតម្លៃខ្ពស់ផងដែរចំពោះកិច្ចការបង្ការការឆ្លងជំងឺCovid-19ពីសំណាក់ប្រទេសចិន ដើម្បីធានាជាក់លាក់ដល់សុខសុវត្ថិភាពសុខភាពរបស់មនុស្សទូទៅដែលអញ្ជើញមកចូលរួម។ លោក Spyros Capralos ប្រធានគណៈកម្មាធិការកីឡាអូឡាំពិកនៃប្រទេសក្រិក បានគូសបញ្ជាក់ថា ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងបង្ហាញពីពាក្យសន្យារបស់ប្រទេសចិនចំពោះឧត្តមគតិអូឡាំពិក។ រដ្ឋធានីប៉េកាំងជារដ្ឋធានីទី១លើលោកដែលបានរៀបចំការប្រកួតកីឡាអូឡាំពិកទាំងរដូវក្តៅនិងរដូវរងា ការប្រកួតកីឡាអូឡាំពិករដូវរងារដ្ឋធានីប៉េកាំងនឹងក្លាយជាការប្រកួតកីឡាអូឡាំពិកបែបបៃតងបំផុតក្នុងប្រវត្តិសាស្ត្រ ។ ដោយឡែកលោក Shaun White អ្នកជិះក្តារស្គីរំអិលព្រិលដ៏ល្បីឈ្មោះរបស់អាមេរិក បាននិយាយពីសំឡេងក្នុងចិត្តរបស់អត្តពលិកទាំងអស់ដែលចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងារដ្ឋធានីប៉េកាំងថា ពិភពលោកទាំងមូលដែលកំពុងស្ថិតក្រោមស្រមោលខ្មៅនៃជំងឺកូវីដ១៩ ជាសំណាងល្អដែលយើងនៅមានការប្រកួតកីឡាអូឡាំពិករដូវរងា ពិតជារឿងដ៏អស្ចារ្យ។ នេះជាសក្ខីភាពនៃជំនឿចិត្តពេញលេញចំពោះភាពជោគជ័យនៃព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងារដ្ឋធានីប៉េកាំង ហើយពិភពលោកបានទទួលជំនឿជាក់ថាប្រទេសចិននឹងក្លាយជាប្រទេសខ្លាំងលើវិស័យកីឡារដូវរងា ដោយហេតុថារដ្ឋធានីប៉េកាំង ប្រទេសចិនជាទីសុវត្ថិភាពល្អបំផុតនៃការការពារពីជំងឹCovid-19។
  សេចក្តីស្រឡាញ់កីឡាពីសំណាក់មនុស្សជាតិចំពោះកីឡា ជាពិសេសកីឡាអូឡាំពិកឆ្នាំ២០២២នេះជាការចាប់ផ្តើមកីឡាអូឡាំពិករដូវរងាមិនមែនគ្រាន់តែជាពាក្យស្លោកនោះទេ វាបង្ហាញនូវសកម្មភាពជាក់ស្តែងរបស់ប្រទេសចិនចំពោះពិធីដ៏មានអត្ថន័យនេះ។ សេចក្តីស្រឡាញ់ដាច់ខាត ពិតប្រាកដ និងឋិតថេរចំពោះកីឡាអូឡាំពិករួមមានកីឡាអូឡាំពិករដូវរងា គឺផ្អែកលើការបង្កើតនិងទទួលស្គាល់ដោយមនុស្សជាតិដែលជាអ្នកចូលរួមបង្កើត និងថែរក្សានូវគុណតម្លៃរបស់កីឡាអូឡាំពិក។ ច្បាស់ណាស់ដែលថាយើងត្រូវសង្កត់ធ្ងន់ដោយស៊ីជម្រៅ នៅចំណុចនេះដោយសារតែប្រទេសមួយចំនួនមិនគ្រាន់តែមិនបានយកចិត្តទុកដាក់លើគុណតម្លៃរបស់កីឡាអូឡាំពិកប៉ុណ្ណោះទេ តែប្រទេសទាំងនោះមិនបានដាក់បេះដូងរបស់ខ្លួនបញ្ចូលទៅក្នុងគុណតម្លៃរបស់កីឡាអូឡាំពិកនោះទេ៕
 
  អត្ថបទដោយ ៖ បណ្ឌិត ជា មុនីឫទ្ធិ  ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន