ប្រទេសចិន និងប្រទេសទន្លេមេគង្គទាំង ៥ មានទឹកដីនៅជាប់នឹងគ្នា ពឹងផ្អែកលើគ្នា ហើយជាអ្នកជិតខាងជិតស្និទ្ធ និងជាដៃគូល្អប្រសើរ ។ នៅឆ្នាំ ២០២១ ក្រោមបរិការណ៍នៃការផ្ទុះជំងឺកូវីដ ១៩ និងមានការផ្លាស់ប្តូរស្ថានការណ៍ដ៏ស្មុគស្មាញ ប្រទេសចិន និងប្រទេសទន្លេមេគង្គបានរួមសហការគ្នាយ៉ាងស្អិតល្មួតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ជំរុញការអភិវឌ្ឍ និងបានរួមចំណែកជាច្រើនក្នុងការស្តារឡើងវិញនូវសេដ្ឋកិច្ចនៃបណ្តាប្រទេសនានា ព្រមទាំងការជំរុញវិបុលភាពក្នុងតំបន់ ។ អគ្គលេខាធិការដ្ឋានប្រចាំនៅប្រទេសចិននៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គបានធ្វើកិច្ចសហប្រតិបត្តិការជាមួយទស្សនាវដ្តី“ព័ត៌មានអាស៊ានចិន” និងទីភ្នាក់ងារទស្សនាវដ្តី‹‹ទន្លេមេគង្គ››នៃក្រុមហ៊ុនកាសែត យូណាន ដេលី គ្រុប ជាដើម ដើម្បីជ្រើសរើស“ព័ត៌មានសំខាន់ទាំង ១០ ប្រចាំឆ្នាំ ២០២១ ដែលប្រទេសចិនចូលរួមកិច្ចសហប្រតិបត្តិការតំបន់ឡានឆាង-មេគង្គ និងអនុតំបន់ទន្លេមេគង្គ” សម្រាប់បង្ហាញពីសមិទ្ធផលជាផ្លែផ្ការបស់ប្រទេសចិនក្នុងការចូលរួមកិច្ចសហប្រតិបត្តិការអនុតំបន់ទន្លេមេគង្គ និងឆ្លុះបញ្ចាំងពីចំណងមិត្តភាពដ៏ល្អប្រពៃរវាងប្រទេសឡានឆាង-មេគង្គទាំង ៦ ពោលគឺ “រួមគ្នាផឹកទឹកទន្លេតែមួយ មានជោគវាសនាតភ្ជាប់នឹងគ្នា” ។
១-ដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋកំណត់ទិសដៅរួមនៃកិច្ចសហប្រតិបត្តិការ បើកទំព័រថ្មីនៃការបង្កើតសហគមន៍វាសនារួមជាមួយប្រទេសជិតខាង
នៅឆ្នាំ ២០២១ ឯកឧត្តម ស៊ី ជីនភីង ប្រធានាធិបតីចិន បានចូលរួមដោយផ្ទាល់ក្នុងការរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកដឹកនាំនៃបណ្តាប្រទេសទន្លេមេគង្គតាមរយៈការជួបប្រស្រ័យគ្នាតាមប្រព័ន្ធវីដេអូ ទូរស័ព្ទ និងការផ្ញើលិខិតផ្លូវការទៅវិញទៅមកជាដើម ដើម្បីរួមគ្នាកសាងផែនទីបង្ហាញផ្លូវសម្រាប់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ។
ឯកឧត្តម ស៊ី ជីនភីង អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានាធិបតីចិន បានជួបប្រស្រ័យតាមទូរស័ព្ទជាមួយឯកឧត្តម Thongloun Sisoulith អគ្គលេខាធិការមជ្ឈិមបក្សបដិវត្តន៍ប្រជាជនឡាវ រួមគ្នាប្រកាសការចាប់ដំណើរការនូវកម្មវិធី“ឆ្នាំមិត្តភាពចិន-ឡាវ” (ថ្ងៃទី ២១ ខែមករា) ។ ឯកឧត្តម ស៊ី ជីនភីង បានជួបប្រស្រ័យតាមទូរស័ព្ទជាមួយឯកឧត្តម NguyenPhu Trong អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ២ លើក (ថ្ងៃទី ៨ ខែកុម្ភៈ និងថ្ងៃទី ២៤ ខែកញ្ញា) ហើយជួបប្រស្រ័យជាមួយឯកឧត្តម Nguyen Xuan Phuc ប្រធានាធិបតីវៀតណាម (ថ្ងៃទី ២៤ ខែឧសភា) ដើម្បីបង្កើនការជឿទុកចិត្តគ្នាជាយុទ្ធសាស្ត្រ និងពង្រឹងចំណងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរ ។ ឯកឧត្តម ស៊ី ជីនភីង បានផ្ញើសារលិខិតជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរខួបលើកទី ៧០ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា (ថ្ងៃទី ២៨ ខែមិថុនា) ។ ឯកឧត្តម ស៊ី ជីនភីង បានជួបប្រស្រ័យជាមួយឯកឧត្តម Thongloun Sisoulith អគ្គលេខាធិការមជ្ឈិមបក្សបដិវត្តន៍ប្រជាជនឡាវ និងជាប្រធានាធិបតីឡាវ តាមប្រព័ន្ធវីដេអូ រួមគ្នាអញ្ជើញចូលរួមពិធីសម្ពោធបើកផ្លូវរថភ្លើងចិន-ឡាវ (ថ្ងៃទី ៣ ខែធ្នូ) ។
ឯកឧត្តម ស៊ី ជីនភីង បានកំណត់ទិសដៅរួមនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងប្រទេសទន្លេមេគង្គ ជំរុញឱ្យមនសិការនៃសហគមន៍វាសនារួមចាក់ប្ញសក្នុងប្រទេសជិតខាងជាបន្តបន្ទាប់ និងទទួលបានលទ្ធផលជាផ្លែផ្កា ដែលបានផ្តល់ផលប្រយោជន៍ដ៏ច្រើនដល់ប្រជាជននៃប្រទេសផ្សេងៗ ។
២-ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំង ៦ រក្សាទំនាក់ទំនងស្អិតល្មួត មានទំនុកចិត្តផ្នែកនយោបាយកាន់តែរឹងមាំ
នៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២១ ឯកឧត្តម លី ខឺឈាំង នាយករដ្ឋមន្ត្រីចិន បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី ៧ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចមហាអនុតំបន់ទន្លេមេគង្គ(GMS)តាមប្រព័ន្ធវីដេអូ ។ ឯកឧត្តមបានថ្លែងក្នុងកិច្ចប្រជុំនេះថា ប្រទេសចិន និងប្រទេសទន្លេមេគង្គជាអ្នកជិតខាងដែលនៅជាប់នឹងគ្នា មានទំនាក់ទំនងដូចគ្រួសារតែមួយ ។ បណ្តាប្រទេសនានាត្រូវប្រមូលផ្តុំនូវចំណុចឯកភាពគ្នា បង្កើនទំនុកចិត្តផ្នែកនយោបាយ ពង្រីកកិច្ចសហប្រតិបត្តិការ លើកកម្ពស់កម្រិតថ្នាក់នៃកិច្ចសហប្រតិបត្តិការ និងរួមគ្នាជំរុញការអភិវឌ្ឍអនុតំបន់ដោយមានចីរភាព និងបរិយាបន្ន ។ អង្គប្រជុំបានប្រកាស“សេចក្តីប្រកាសនៃកិច្ចប្រជុំកំពូលលើកទី ៧” ហើយបានអនុម័តលិខិតផ្លូវការមួយចំនួន រួមមាន“ក្របខ័ណ្ឌយុទ្ធសាស្ត្រឆ្នាំ ២០៣០” និង“ផែនការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ និងការស្តារឡើងវិញ(២០២១-២០២៣)”ជាដើម ។ នៅឆ្នាំ ២០២១ ឯកឧត្តមនាយករដ្ឋមន្ត្រី លី ខឺឈាំង បានរក្សាទំនាក់ទំនងជិតស្និទ្ធ និងជួបប្រស្រ័យជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Phankham Viphavanh នាយករដ្ឋមន្ត្រីឡាវ ឯកឧត្តម Phạm Minh Chính នាយករដ្ឋមន្ត្រីវៀតណាម ឯកឧត្តម Prayuth Chan-ocha នាយករដ្ឋមន្ត្រីថៃ តាមប្រព័ន្ធវីដេអូ ទូរស័ព្ទ និងផ្ញើសារលិខិតអបអរសាទរទៅវិញទៅមក ។
នៅថ្ងៃទី ៨ ខែមិថុនា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី ៦ នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ បានប្រារឰនៅក្រុងឈុងឈីងប្រទេសចិន ។ ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន បានសង្កត់ធ្ងន់ថា ភាគីចិនអនុវត្តយ៉ាងម៉ឺងម៉ាត់តាមទស្សនទានអំពីទំនាក់ទំនងការទូត “រាប់អានគ្នា មានភាពស្មោះត្រង់ ផ្តល់ការអនុគ្រោះ និងមានបរិយាបន្ន” ដែលលើកឡើងដោយឯកឧត្តម ស៊ី ជីនភីង រួមសហការគ្នាជាមួយប្រទេសទន្លេមេគង្គក្នុងការកសាងសហគមន៍វាសនារួមប្រទេសឡានឆាង-មេគង្គដើម្បីដើរឆ្ពោះទៅកាន់សន្តិភាព និងវិបុលភាព ហើយបង្កើត“រយៈកាល ៥ ឆ្នាំថ្មី”នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ។ អង្គប្រជុំបានអនុម័ត“សេចក្តីថ្លែងការណ៍រួមអំពីការពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសឡានឆាង-មេគង្គដោយចីរភាព” “គំនិតផ្តួចផ្តើមអំពីការជំរុញកិច្ចសហប្រតិបត្តិការរដ្ឋបាលមូលដ្ឋាន” និង“សេចក្តីថ្លែងការណ៍រួមអំពីការពង្រឹងកិច្ចសហប្រតិបត្តិការពេទ្យប្រពៃណីក្រោមក្របខ័ណ្ឌឡានឆាង-មេគង្គ”ជាដើម ។ នៅឆ្នាំ ២០២១ ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា វៀតណាម និងកម្ពុជា ហើយបានជួបប្រស្រ័យជាមួយអ្នកដឹកនាំ និងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទន្លេមេគង្គជាង ២០ លើក ។
៣-ប្រទេសឡានឆាង-មេគង្គទាំង ៦ ពួតដៃគ្នាប្រយុទ្ធនឹងជំងឺកូវីដ ១៩ បោះជំហានទៅមុខយ៉ាងក្លៀវក្លាសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល
នៅឆ្នាំ ២០២១ ប្រឈមនឹងការរាតត្បាតនៃជំងឺកូវីដ ១៩ ប្រទេសទន្លេឡានឆាង-មេគង្គទាំង ៦ រួមសុខទុក្ខជាមួយគ្នា ពួតដៃគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ដោយបានយកសកម្មភាពជាក់ស្តែងមកបកស្រាយពីទំនាក់ទំនងជាបងប្អូនដែលពឹងផ្អែកលើគ្នា និងទំនាក់ទំនងជាអ្នកជិតខាងដែលជួយយកអាសាគ្នាទៅវិញទៅមក ។ ប្រទេសចិនបានផ្តល់ដល់ប្រទេសទន្លេមេគង្គទាំង ៥ នូវជំនួយឥតសំណងជាថ្នាំពិនិត្យរកវីរុសកូវីដ ១៩ ម៉ាស់ និងសម្លៀកបំពាក់ការពារជាដើម រៀបចំកិច្ចប្រជុំស្តីពីការផ្លាស់ប្តូរបទពិសោធន៍ប្រឆាំងនឹងជំងឺកូវីដ ១៩ ចាត់បញ្ជូនក្រុមគ្រូពេទ្យ ជួយប្រទេសផ្សេងៗសាងសង់បន្ទប់ពិសោធន៍ និងមន្ទីរទេព្យ ដើម្បីគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ ១៩ ។ គិតមកដល់ចុងឆ្នាំ ២០២១ ប្រទេសទន្លេមេគង្គបានទទួលជំនួយ និងទិញវ៉ាក់សាំងប្រយុទ្ធជំងឺកូវីដ ១៩ ចំនួន ១៩០ លានដូសពីប្រទេសចិន ។
ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការបរទេសលើកទី ៦ នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ដែលរៀបចំនៅខែមិថុនា ឆ្នាំ ២០២១ នោះ រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសនានាបានពិនិត្យ និងអនុម័ត“សេចក្តីថ្លែងការណ៍រួមអំពីការពង្រឹងកិច្ចសហប្រតិបត្តិការពេទ្យប្រពៃណីក្រោមក្របខ័ណ្ឌឡានឆាង-មេគង្គ” ហើយបានឯកភាពគ្នាលើការគាំទ្រឱ្យពេទ្យប្រពៃណីនៃប្រទេសផ្សេងៗចូលរួមការបង្ការ និងគ្រប់គ្រងជំងឺកូវីដ ១៩ លើពិភពលោក ព្រមទាំងជំរុញការអភិវឌ្ឍវិស័យសុខាភិបាលសាធារណៈក្នុងអនុតំបន់ ។ ប្រទេសទន្លេឡានឆាង-មេគង្គទាំង ៦ ខិតខំជំរុញការអនុវត្តគម្រោងសហប្រតិបត្តិការមួយចំនួនដូចជា “ពេទ្យចិនសែផ្តល់ផលប្រយោជន៍ដល់តំបន់ទន្លេឡានឆាង-មេគង្គ” “ប្រតិបត្តិការសុខភាពបេះដូងឡានឆាង-មេគង្គ” និង“ដំណើរគ្រប់គ្រងជំងឺតំបន់ត្រូពិច”ជាដើម ផ្តល់ការគាំទ្រដល់ការអភិវឌ្ឍន៍នៃពេទ្យប្រពៃណី លើកកម្ពស់នូវកម្រិតបច្ចេកទេសនៃការការពារជំងឺសរសៃឈាមបេះដូង និងខួរក្បាល ព្រមទាំងជំងឺឆ្លងធ្ងន់ដែលបណ្តាលមកពីសត្វល្អិតផ្សេងៗ ។ នៅថ្ងៃទី ១៧ ខែធ្នូ វេទិកាស្តីពីកិច្ចសហប្រតិបត្តិការពេទ្យប្រពៃណីប្រទេសឡានឆាង-មេគង្គ ក្រោយពីផ្ទុះជំងឺកូវីដ ១៩ បានប្រារឰនៅសាកលវិទ្យាល័យពេទ្យចិនសែក្រុងណានជីង ដើម្បីរួមគ្នាពិគ្រោះពិភាក្សាអំពីទិសដៅអភិវឌ្ឍន៍ និងផ្លូវសហប្រតិបត្តិការនៃពេទ្យប្រពៃណី ។
៤-ផ្លូវរថភ្លើងចិន-ឡាវសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ការតភ្ជាប់គ្នាត្រូវបានជំរុញឱ្យកាន់តែស៊ីជម្រៅ
នៅឆ្នាំ ២០២១ ក្រោមកិច្ចខិតខំប្រឹងប្រែងពីប្រទេសចិន និងប្រទេសទន្លេមេគង្គទាំង ៥ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនធំ ដែលមានស្តង់ដារកម្រិតខ្ពស់ អភិវឌ្ឍដោយចីរភាព និងចូលរួមលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន បានទទួលសមិទ្ធផលច្រើនគួរឱ្យកត់សម្គាល់ ហើយបានចាក់បញ្ចូលនូវកម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់ដោះស្រាយបញ្ហាលំបាកក្នុងការដឹកជញ្ជូនទំនិញ និងជំរុញការធ្វើសមាហរណកម្មក្នុងតំបន់ ។
នៅថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២១ ផ្លូវរថភ្លើងចិន-ឡាវបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ។ ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានជួបប្រស្រ័យគ្នាតាមប្រព័ន្ធវីដេអូ ហើយអញ្ជើញចូលរួមពិធីសម្ពោធបើកផ្លូវរថភ្លើងដ៏សំខាន់នេះ ។ រថភ្លើងដឹកទំនិញតាមច្រកឡូជីស្ទីកអន្តរជាតិចិន-ឡាវបានចាប់ធ្វើដំណើរជាផ្លូវការ ខ្សែរថយន្តធ្វើដំណើរឆ្លងដែនពីក្រុងឈុងឈីងទៅរដ្ឋធានីវៀងចន្ទន៍ប្រទេសឡាវក៏ចាប់ដំណើរការជាផ្លូវការដែរ ដែលបានជំរុញការតភ្ជាប់គ្នាក្នុងអនុតំបន់ ។ ក្រុមហ៊ុនខ្សែបណ្តាញបញ្ជូនអគ្គិសនីភាគខាងត្បូងប្រទេសចិន និងក្រុមហ៊ុនថាមពលអគ្គិសនីប្រទេសឡាវបានរួមគ្នាបង្កើតក្រុមហ៊ុនខ្សែបណ្តាញបញ្ជូនអគ្គិសនីប្រទេសឡាវ(EDL-T) ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសិទ្ធិសម្បទានជាមួយរដ្ឋាភិបាលឡាវ ។ នេះគឺជាសមិទ្ធផលជាក់ស្តែងដ៏សំខាន់ដែលប្រទេសចិន និងឡាវធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងផ្តល់ផលប្រយោជន៍ដល់គ្នាលើវិស័យថាមពលអគ្គិសនី ។
គម្រោងពង្រីកផ្លូវជាតិលេខ ១១ កម្ពុជាដែលទទួលបន្ទុកសាងសង់ដោយក្រុមហ៊ុនចិននោះ បានបញ្ចប់ការសាងសង់ជាស្ថាពរ ហើយប្រគល់ឱ្យភាគីកម្ពុជា ។ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុក៏បានបញ្ចប់ការសាងសង់ ៧០% ហើយ ។ អនុស្សរណៈយោគយល់ស្តីពីការធ្វើការសិក្សាស្រាវជ្រាវអំពីលទ្ធភាពនៃការសាងសង់ផ្លូវរថភ្លើង Mandalay-Kyaukpyu ដែលសហការគ្នាដោយភាគីចិន និងមីយ៉ាន់ម៉ា បានចុះហត្ថលេខាជាផ្លូវការ ។ ទូរថភ្លើងដែលប្រទេសចិនផ្តល់ជាជំនួយដល់មីយ៉ាន់ម៉ានោះ ក៏បានប្រគល់ទៅឱ្យភាគីមីយ៉ាន់ម៉ាដោយជោគជ័យ ។ ខ្សែផ្លូវរថភ្លើងធុនស្រាលលេខ ២ ក្រុងហាណូយ ដែលជាខ្សែរថភ្លើងធុនស្រាលក្នុងក្រុងទី ១ របស់ប្រទេសវៀតណាម ហើយទទួលបន្ទុកសាងសង់ដោយក្រុមហ៊ុនចិននោះ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ។ ផ្លូវរថភ្លើងចិន-ថៃដំណាក់កាលទី ១ និងអគារអ្នកដំណើរថ្មីនៃព្រលានយន្តហោះ Suvarnabhumi ប្រទេសថៃ បានបញ្ចប់ការសាងសង់ជាស្ថាពរ ។ ក្រៅពីនេះ ក្រុមហ៊ុនចិនបានទទួលជោគជ័យក្នុងការដេញថ្លៃនៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់មួយចំនួនរបស់ប្រទេសថៃ ដូចជាគម្រោងសាងសង់កំពង់ផែ Laem chabang ដំណាក់កាលទី ៣ ជាដើម ។
៥-ទំនាក់ទំនងពាណិជ្ជកម្មមានការកើនឡើង កិច្ចសហប្រតិបត្តិការសមត្ថភាពផលិតត្រូវបានលើកតម្កើង
ក្រោមបរិការណ៍នៃការផ្ទុះជំងឺកូវីដ ១៩ ប្រទេសចិន និងប្រទេសទន្លេមេគង្គបានពុះពារឧបសគ្គគ្រប់ប្រភេទ ហើយបានពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មឱ្យមានលក្ខណៈកាន់តែទូលំទូលាយ និងកាន់តែស៊ីជម្រៅ ពួតដៃគ្នាជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឱ្យរីកចម្រើនទៅមុខ ។ នៅឆ្នាំ ២០២១ ប្រទេសចិន និងប្រទេសទន្លេមេគង្គបានសម្រេចទំហំពាណិជ្ជកម្ម ៣៩៨០០០ លានដុល្លារអាមេរិក កើនឡើង ២៣% ។ ប្រទេសចិន និងកម្ពុជាបានសម្រេចនូវការអនុម័ត“កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា” ហើយបានកែសម្រួល“អនុស្សរណៈយោគយល់ស្តីពីការពង្រឹងសមត្ថភាពផលិត និងកិច្ចសហប្រតិបត្តិការវិនិយោគ” ។ ប្រទេសចិន និងឡាវបានចុះហត្ថលេខាលើ“អនុស្សរណៈយោគយល់ស្តីពីការបង្កើតគណៈកម្មាធិការរួមនៃកិច្ចសហប្រតិបត្តិការរបៀងសេដ្ឋកិច្ចចិន-ឡាវ” និង“កិច្ចព្រមព្រៀងស្តីពីការកំណត់ និងរួមគ្នាជំរុញការអនុវត្តគម្រោងសំខាន់នៃកិច្ចសហប្រតិបត្តិការសមត្ថភាពផលិត និងកិច្ចសហប្រតិបត្តិការវិនិយោគដំណាក់កាលទី ៣” ។ ភាគីទាំងពីរនឹងរួមគ្នាជំរុញការកសាងរបៀងសេដ្ឋកិច្ចចិន-ឡាវ អាស្រ័យលើផ្លូវរថភ្លើងចិន-ឡាវ ។ ធនាគារកណ្តាលនៃប្រទេសមីយ៉ាន់ម៉ាប្រកាសអនុញ្ញាតឱ្យប្រើប្រាក់យាន់ចិន និងប្រាក់មីយ៉ាន់ម៉ាសម្រាប់ធ្វើការទូទាត់ពាណិជ្ជកម្មដោយផ្ទាល់តាមតំបន់ព្រំដែនចិន-មីយ៉ាន់ម៉ា ។ ច្រកម៉ាងម៉ាននៃច្រកអន្តរជាតិវ៉ានទីង ចិន-មីយ៉ាន់ម៉ា បានអនុញ្ញាតឱ្យទំនិញនាំចេញនាំចូលឆ្លងដែនជាថ្មីឡើងវិញ ។ រថភ្លើងចិន-វៀតណាមទី ១ ដែលឆ្លងដែនយ៉ាងរហ័ស បានចេញដំណើរជាផ្លូវការ ដែលបានលើកកម្ពស់បន្ថែមទៀតនូវប្រសិទ្ធភាពនៃការដឹកជញ្ជូនទំនិញតាមច្រកដីគោក និងសមុទ្រថ្មី ។
៦-កិច្ចសហប្រតិបត្តិការរដ្ឋបាលមូលដ្ឋានឈានដំណើរទៅមុខ ការបង្កើតយន្តការផ្សេងៗចាក់បញ្ចូលនូវកម្លាំងជំរុញថ្មី
រាប់អានគ្នាដោយស្មោះត្រង់ ធ្វើជាអ្នកជិតខាងយូរហើយមានទំនាក់ទំនងជិតស្និទ្ធ ។ ខេត្តក្រុងមួយចំនួនរបស់ប្រទេសចិនស្ថិតនៅជាប់នឹងប្រទេសទន្លេមេគង្គ មានទំនាក់ទំនងរាប់អានគ្នា និងមានមូលដ្ឋានគ្រឹះយ៉ាងរឹងមាំក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី ៦ នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ បានពិគ្រោះពិភាក្សា និងអនុម័តគំនិតផ្តួចផ្តើមទី ១ សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋបាលមូលដ្ឋាន ក្រោមក្របខ័ណ្ឌយន្តការ ដែលបានចង្អុលទិសដៅសម្រាប់ការបង្កើនការផ្លាស់ប្តូរមេត្រីភាព និងការធ្វើកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ដល់គ្នារវាងរដ្ឋបាលមូលដ្ឋាននៃប្រទេសទាំង ៦ ដើម្បីបង្កើនទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រជាជន ។ នៅខែធ្នូ ឆ្នាំ ២០២១ វេទិកាសហប្រតិបត្តិការរដ្ឋបាលមូលដ្ឋានលើកទី ១ នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ បានរៀបចំដោយជោគជ័យនៅក្រុងប៉េហៃតំបន់ស្វយ័តក្វាងស៊ីប្រទេសចិន ។ ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន បានផ្ញើសារលិខិតអបអរសាទរចំពោះវេទិកា ។ តំណាងរដ្ឋបាលមូលដ្ឋាន អង្គការផ្សេងៗ និងប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសទន្លេឡានឆាង-មេគង្គទាំង ៦ ព្រមទាំងមន្ត្រីការទូតនៃប្រទេសទន្លេមេគង្គទាំង ៥ ប្រចាំនៅប្រទេសចិន បាងចូលរួមក្នុងវេទិកានេះ ។ អង្គវេទិកាបានប្រកាស“សេចក្តីថ្លែងការណ៍ប្រធាន” ដែលបានកំណត់ថានឹងជំរុញការកសាងយន្តការនៃការរៀបចំវេទិកា ទាក់ទាញឱ្យរដ្ឋបាលមូលដ្ឋានកាន់តែច្រើននៃប្រទេសទាំង ៦ ចូលរួម ដើម្បីបង្កើតជាវេទិកាថ្មីសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋបាលមូលដ្ឋានក្នុងតំបន់ទន្លេឡានឆាង-មេគង្គ ។ យូណាន ក្វាងស៊ី ជឺជាំង ជាំងស៊ូ សៀងហៃ គួយចូវ ឈុងឈីង និងខេត្តក្រុងមួយចំនួនទៀតរបស់ប្រទេសចិនបានរៀបចំកម្មវិធីចម្រុះពណ៌គ្រប់ប្រភេទ រួមមានការប្រកួតទាត់សី សប្តាហ៍កសិកម្មផ្លែឈើខេត្តជឺជាំង ឡានឆាង-មេគង្គ ទិវាឡានឆាង-មេគង្គខេត្តជាំងស៊ូ និងវេទិកាសហប្រតិបត្តិការស្តីពីការផ្លាស់ប្តូរយុវជនជាដើម ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសទន្លេមេគង្គ ។ ក្រុងឈុងឈីងពន្លឿនការកសាងមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវតំបន់ជនបទនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ។ វេទិកាសហប្រតិបត្តិការដែលគ្របដណ្តប់លើគ្រប់តំបន់ មានការចូលរួមពីពហុភាគី និងមានលក្ខណៈពហុវិស័យនោះ កំពុងលេចចេញជារូបរាងជាបន្តបន្ទាប់ ។
៧-កិច្ចសហប្រតិបត្តិការកសិកម្មទទួលលទ្ធផលជាផ្លែផ្កា ពាណិជ្ជកម្មកសិផលបានបង្កើតឯតទគ្គកម្មថ្មី
ស្បៀងអាហារមានសារៈសំខាន់ជាងមេឃទៅទៀត ត្រូវផ្តល់អាទិភាពដល់ការអភិវឌ្ឍកសិកម្ម ។ ប្រទេសចិន និងប្រទេសទន្លេមេគង្គខិតខំជំរុញការធ្វើវិនិយោគ ផ្លាស់ប្តូរបច្ចេកវិទ្យា ពង្រឹងសមត្ថភាព និងកិច្ចសហប្រតិបត្តិការជាក់ស្តែងផ្សេងៗទៀតលើវិស័យកសិកម្ម ដែលបានចាក់បញ្ចូលនូវកម្លាំងចលករសម្រាប់ការធ្វើទំនើបភាវូបនីយកម្មកសិកម្ម និងជនបទ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ។ នៅឆ្នាំ ២០២១ ប្រទេសចិន និងប្រទេសទន្លេមេគង្គបានសម្រេចនូវទំហំពាណិជ្ជកម្មប្រមាណ ២៨២០០ លានដុល្លារអាមេរិក កើនឡើង ១៨,៦% ។ ទិវាផ្លែឈើឡានឆាង-មេគង្គលើកទី ១ បានរៀបចំនៅក្រុងប៉េកាំង ដើម្បីជំរុញការធ្វេវិនិយោគ និងពាណិជ្ជកម្មផ្លែឈើក្នុងតំបន់ ហើយពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្មឱ្យកាន់តែស៊ីជម្រៅ ។ គម្រោងសហប្រតិបត្តិការកសិកម្ម“ប្រមូលផលកសិកម្មដ៏សម្បូរ ឡានឆាង-មេគង្គ”ទាំង ១៣ ដែលរៀបចំដោយក្រសួងកសិកម្មចិននោះ បានរួមចំណែកយ៉ាងច្រើនក្នុងការបង្កើនការផ្លាស់ប្តូរបច្ចេកទេសកសិកម្មលើវិស័យដ៏ច្រើន រួមមានស្រូវអង្ករ កៅស៊ូ ចេក និងការការពារជំងឺរុក្ខជាតិ និងសត្វ ៘ គម្រោងទាំងនោះបានជួយបណ្តុះបណ្តាលដល់មន្ត្រីរាជការកសិកម្ម អ្នកបច្ចេកទេស សិស្សនិស្សិត និងកសិករនៃប្រទេសទន្លេមេគង្គជាង ១០០០ នាក់ ហើយបានបង្កើតអាហារូបករណ៍នៃការដាំស្រូវ និងចិញ្ចឹមត្រី ឡានឆាង-មេគង្គ ចងក្រងរៀបរៀង“របាយការណ៍អំពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍវិស័យកសិកម្ម ឡានឆាង-មេគង្គ” ។ បណ្ឌិត្យសភាថាមពលកម្តៅចិនបានផ្សព្វផ្សាយពីបច្ចេកទេសស្តារសម្បកដើមកៅស៊ូ ដែលបានជួយឱ្យប្រទេសឡាវជៀសវាងពីការខាតបង់ជិត ១៧០ លានយាន់ប្រាក់ចិន ។ បណ្ឌិត្យសភាកសិកម្មចិនបានជ្រើសរើសពូជសណ្តែកសៀង ៣ ប្រភេទ ដើម្បីយកទៅដាំនៅកសិដ្ឋានគំរូក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគិតជាមធ្យមអាចប្រមូលបានផលជាង ៣០០០ គីឡូក្រាមក្នុងមួយហិកតា ។ ស្ថាប័នកសិកម្មចិន និងកម្ពុជាបានឯកភាពគ្នាលើ“អនុស្សរណៈយោគយល់ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការកសិកម្មចេក” ។ ស្ថាប័នកសិកម្មចិន និងវៀតណាមបានរៀបចំសកម្មភាពលែងត្រីចូលទន្លេប៉េឡុនក្នុងក្រុងតុងសៀងតំបន់ស្វយ័តក្វាងស៊ីប្រទេសចិន ដោយបានលែងកូនបង្គា និងកូនត្រីចំនួនជិត ៥,៦ លានបញ្ចូលទៅក្នុងទន្លេនេះ ។ កិច្ចសហប្រតិបត្តិការកសិកម្ម ឡានឆាង-មេគង្គ បានរីកចម្រើនពីដំណាក់កាល“ចេញពន្លក” ឈានដល់ដំណាក់កាល“លូតលាស់រហ័ស” ចំណែកឯសុបិនឡានឆាង-មេគង្គ ដែលជំរុញការអភិវឌ្ឍវិស័យកសិកម្ម ជួយឱ្យកសិករមានជីវភាពធូរធារ និងកសាងតំបន់ជនបទឱ្យមានភាពស្រស់ស្អាតនោះ កំពុងតែក្លាយជាទិដ្ឋភាពពិតប្រាកដជាលំដាប់ ។
៨-កិច្ចសហប្រតិបត្តិការធនធានទឹកឈានដំណើរទៅមុខឥតឈប់ឈរ ការការពារបរិស្ថានទទួលបាននូវសមិទ្ធផលច្រើនគួរឱ្យកត់សម្គាល់
ការពារទឹកបៃតង និងភ្នំបៃតង ធ្វើឱ្យធំនូវភ្នំមាស និងភ្នំប្រាក់ ។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី ៦ នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គបានអនុម័ត“សេចក្តីថ្លែងការណ៍រួមអំពីការពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសឡានឆាង-មេគង្គដោយចីរភាព” ហើយសង្កត់ធ្ងន់ថា ប្រទេសទាំង ៦ គួរតែបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹក និងអេកូ-បរិស្ថានជាដើម បង្កើតជារូបមន្តកំណើនសេដ្ឋកិច្ចដែលការពារបរិស្ថាន និងជំរុញដោយភាពច្នៃប្រឌិត ដើម្បីសម្រេចនូវការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងតំបន់ ដែលកាន់តែមានភាពល្អប្រសើ កាន់តែមានពណ៌បៃតង និងកាន់តែមានភាពវៃឆ្លាត ក្រោយពីផ្ទុះជំងឺកូវីដ ១៩ ។
ធនធានទឹកជាទ្រព្យសម្បត្តិរួមដ៏មានតម្លៃរបស់ប្រទេសឡានឆាង-មេគង្គទាំង ៦ ។ នៅខែធ្នូ ឆ្នាំ ២០២១ វេទិកាសហប្រតិបត្តិការធនធានទឹក ឡានឆាង-មេគង្គ លើកទី ២ បានរៀបចំឡើងតាមប្រព័ន្ធវីដេអូ ។ រដ្ឋមន្ត្រីក្រសួងធារាសាស្ត្រ និងអ្នកជំនាញការនៃប្រទេសទាំង ៦ ព្រមទាំងតំណាងនៃអង្គការ ឬស្ថាប័នអន្តរជាតិពាក់ព័ន្ធ បានចូលរួមផ្លាស់ប្តូរទស្សនៈ ចែករំលែកបទពិសោធន៍ និងកំណត់ផែនការអភិឌ្ឍន៍អំពីការថែរក្សាធនធានទឹក ការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រតាមទីជនបទ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនជាដើម ។ អង្គវេទិកាបានប្រកាស“គំនិតផ្តួចផ្តើមក្រុងប៉េកាំងនៃវេទិកាសហប្រតិបត្តិការធនធានទឹក ឡានឆាង-មេគង្គ លើកទី ២” ។ ភាគីចិនខិតខំយ៉ាងពេញទំហឹងដើម្បីធានាការផ្តត់ផ្គង់ធនធានទឹកដល់កំណាត់ខាងក្រោមនៃទន្លេឡានឆាង-មេគង្គ ផ្តល់ឱ្យទាន់ពេលវេលានូវព័ត៌មានជលសាស្ត្រតាមទន្លេឡានឆាង រួមសហការគ្នាជាមួយប្រទេសទន្លេមេគង្គក្នុងការអនុវត្ត“ផែនការសកម្មភាពទឹកស្អាតឡានឆាង-មេគង្គ” “ប្រតិបត្តិការអភិវឌ្ឍធនធានទឹកទន្លេមេគង្គ និងផ្តល់ផលប្រយោជន៍ដល់ប្រជាជន” និង“គម្រោងគ្រប់គ្រងបរិស្ថានតំបន់គំរូតាមទន្លេ”ជាដើម ពួតដៃគ្នាទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សមត្ថភាពនៃការគ្រប់គ្រងធនធានទឹករបស់បណ្តាប្រទេសនានា ។
ការថែរក្សាអេកូ-បរិស្ថានជំរុញកិច្ចសហប្រតិបត្តិការ ខិតខំប្រឹងប្រែងដើម្បីធ្វើការអភិវឌ្ឍន៍ ។ ប្រទេសទាំង ៦ បានពន្លឿនកាអនុវត្ត“យុទ្ធសាស្ត្រស្តីពីកិច្ចសហប្រតិបត្តិការបរិស្ថាន ឡានឆាង-មេគង្គ” និង“ផែនការឡានឆាង-មេគង្គបៃតង” ជំរុញកិច្ចសហប្រតិបត្តិការ និងការចែករំលែកបទពិសោធន៍អំពីធនធានស្អាតស្អំ និងថាមពលដែលអាចប្រើឡើងវិញ ពួតដៃគ្នាជំរុញការអភិវឌ្ឍន៍ដោយបៃតង និងកាបូនកម្រិតទាប ពួតដៃគ្នាបង្កើនការថែរក្សាការពារអេកូ-បរិស្ថាន ។ គម្រោង“វេទិកាចែករំលែកចំណេះដឹងហេដ្ឋារចនាសម្ព័ន្ធបៃតង កាបូនកម្រិតទាប និងប្រកបដោយចីរភាព” និង“តំបន់សាកល្បងកែសម្រួលការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ីដែលអភិវឌ្ឍដោយចីរភាព”បានចាប់ដំណើរការអនុវត្តដោយជោគជ័យ ។ តំបន់គំរូកាបូនកម្រិតទាបខេត្តព្រះសីហនុប្រទេសកម្ពុជា និងតំបន់គំរូកាបូនកម្រិតទាបសែសាតាក្រុងវៀងចន្ទន៍ប្រទេសឡាវកំពុងដំណើរការអភិវឌ្ឍន៍យ៉ាងរលូន ។ បណ្ឌិត្យសភាវិទ្យាសាស្ត្រចិន និងស្ថាប័នពាក់ព័ន្ធនៃប្រទេសកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការផ្តល់ជំនួយជាសម្ភារៈប្រើប្រាស់ក្នុងបន្ទប់ពិសោធន៍បរិស្ថានចិន-កម្ពុជា ។ ការអភិវឌ្ឍន៍ដោយបៃតង ការអភិវឌ្ឍន៍បែបវិលជុំ និងការអភិវឌ្ឍន៍ដោយកាបូនកម្រិតទាបនឹងអាចជួយជំរុញឱ្យតំបន់ទន្លេឡានឆាង-មេគង្គក្លាយជាទីទួលនៃការការពារអេកូ-បរិស្ថាន ជាកន្លែងល្បីឈ្មោះសម្រាប់ការថែរក្សាសុខភាព និងជាទីដៅទេសចរណ៍ដ៏មានឥទ្ធិពលលើពិភពលោក ។
៩-កិច្ចសហប្រតិបត្តិការនៃការលើកស្ទួយជីវភាពរស់នៅប្រជាជនផ្តល់ផលប្រយោជន៍ដល់ប្រជាជនរាប់ពាន់រាប់ម៉ឺនគ្រួសារ ដើម្បីធានាឱ្យប្រជាជននៃប្រទេសនានាមានការរស់នៅប្រកបដោយសុភមង្គល
នៅឆ្នាំ ២០២១ ប្រទេសចិន និងប្រទេសទន្លេមេគង្គបង្កើនកិច្ចសហប្រតិបត្តិការក្នុងការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន ខិតខំប្រឹងប្រែងដើម្បីជំរុញឱ្យសមិទ្ធផលសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ដល់ប្រជាជនកាន់តែច្រើន ព្រមទាំងធ្វើឱ្យប្រជាជននៃបណ្តាប្រទេសនានាមានការរស់នៅកាន់តែមានភាពល្អប្រសើរ និងសុភមង្គល ។ ពហុកីឡាដ្ឋានជាតិ មរតកតេជោ ដែលប្រទេសចិនផ្តល់ជំនួយសាងសង់ដល់ប្រទេសកម្ពុជានោះ បានត្រូវប្រគល់ទៅឱ្យភាគីកម្ពុជាជាផ្លូវការ និងបានក្លាយទៅជានិមិត្តសញ្ញាដ៏សំខាន់មួយទៀតនៃចំណងមិត្តភាពចិន-កម្ពុជា ។ គម្រោងផ្គត់ផ្គង់ទឹកតាមទីជនបទកម្ពុជាដំណាក់កាលទី ២ ដែលប្រទេសចិនផ្តល់ជំនួយដល់កម្ពុជានោះ បានចាប់ដំណើរការប្រើប្រាស់ជាផ្លូវការ ដែលបានដោះស្រាយបញ្ហាកង្វះខាតទឹកស្អាត និងអនាម័យធនធានទឹកនៅតាមតំបន់ជនបទនៃប្រទេសកម្ពុជា ។ គម្រោងបំភ្លឺកណ្តាលក្រុងវៀងចន្ទន៍ដែលប្រទេសចិនផ្តល់ជំនួយសាងសង់ដល់ប្រទេសឡាវនោះ បានបញ្ចប់ការសាងសង់ជាស្ថាពរ ហើយក្លាយជាកន្លែងដែលអ្នកក្រុងវៀងចន្ទន៍និយមចូលចិត្តទៅដើរលេងនៅពេលយប់ ។ គម្រោងជួសជុលពហុកីឡាដ្ឋានជាតិប្រទេសមីយ៉ាន់ម៉ា ដែលប្រទេសចិនផ្តល់ជំនួយដល់ប្រទេសមីយ៉ាន់ម៉ានោះ ក៏ត្រូវប្រគល់ឱ្យភាគីមីយ៉ាន់ម៉ារួចហើយ ចំណែកគម្រោងជួសជុល និងសាងសង់បន្ថែមនូវមជ្ឈមណ្ឌលបណ្តុះបណ្តាលឧស្សាហកម្ម Mandalay ដែលជាជំនួយរបស់ប្រទេសចិននោះ ក៏បានចាប់ដំណើរការអនុវត្តជាផ្លូវការដែរ ។ ប្រទេសចិន និងវៀតណាមបានរៀបចំកិច្ចប្រជុំសន្ទនាតាមអនឡាញអំពីបទពិសោធន៍នៃការកាត់បន្ថយភាពក្រីក្រ ដើម្បីជួយឱ្យខេត្តក្រុងតាមតំបន់ព្រំដែននៃប្រទេសទាំងពីរសម្រេចបានការអភិវឌ្ឍន៍ដោយចីរភាព ។ ប្រទេសចិន និងប្រទេសទន្លេមេគង្គខិតខំយ៉ាងសកម្មដើម្បីធ្វើកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងគ្រោះមហន្តរាយ រៀបចំសិក្ខាសាលាស្តីពីបច្ចេកទេសព្យាករណ៍គ្រោះមហន្តរាយច្រើនប្រភេទនៅប្រទេសទន្លេឡានឆាង-មេគង្គ” ។ ប្រទេសចិនបានបង្កើតកិច្ចសហប្រតិបត្តិការជាមួយប្រទេសឡាវ និងកម្ពុជាជាដើម ក្នុងការការពារ និងការសង្គ្រោះបន្ទាន់ក្នុងគ្រោះមហន្តរាយគ្រប់ប្រភេទ ជំរុញឱ្យកិច្ចសហប្រតិបត្តិការនៃការគ្រប់គ្រងគ្រោះមហន្តរាយទទួលបាននូវសមិទ្ធផលកាន់តែច្រើន ផ្តល់កិច្ចធានាដល់បណ្តាប្រទេសនានាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងការកែលម្អជីវភាពរស់នៅរបស់ប្រជាជន ។ កម្មវិធីសប្បុរសធម៌“បរិយាកាសអានសៀវភៅ ឡានឆាង-មេគង្គ”បានបង្កើត“បន្ទប់សៀវភៅ ឡានឆាង-មេគង្គ”នៅប្រទេសកម្ពុជា និងថៃ ដោយផ្តល់ជំនួយជាសៀវភៅដល់ប្រទេសពាក់ព័ន្ធ ហើយបានធ្វើឱ្យសិស្សនិស្សិតក្នុងប្រទេសទាំងនោះមានចក្ខុវិស័យអន្តរជាតិកាន់តែវែងឆ្ងាយ ។
១០-ការផ្លាស់ប្តូរវប្បធម៌ទទួលបានសមិទ្ធផលគួរជាទីចាប់អារម្មណ៍ ការតភ្ជាប់ដួងចិត្តប្រជាជនមានមូលដ្ឋានគ្រឹះកាន់តែរឹងមាំ
ប្រទេសចិន និងប្រទេសទន្លេមេគង្គមានវប្បធម៌ស្រដៀងគ្នា ចំណងមិត្តភាពរវាងប្រជាជននៃប្រទេសផ្សេងៗមានប្រវត្តិសាស្ត្រយូរលង់មកហើយ ។ នៅឆ្នាំ ២០២១ ប្រឈមនឹងការរាតត្បាតនៃជំងឺកូវីដ ១៩ ប្រទេសទាំង ៦ មិនដែលបញ្ឈប់ដំណើរនៃការផ្លាស់ប្តូរវប្បធម៌នៅឡើយ បែរជាបានបញ្ចេញនូវល្បឿនអភិវឌ្ឍន៍កាន់តែលឿន និងកម្លាំងរស់រវើកកាន់តែខ្លាំងគួរជាទីស្ញប់ស្ញែង ។
ឆ្នាំ ២០២១ ជាខួបលើកទី ៥ នៃការចាប់ដំណើរការនូវកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ។ ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន បានចុះផ្សាយនូវអត្ថបទលើកាសែតប្រជាជន ដេលី ដែលមានចំណងជើងថា “ខិតខំប្រឹងប្រែងរយៈពេល ៥ ឆ្នាំ បន្តបើកក្តោងឈានដំណើរទៅកាន់អនាគត” ហើយបានអញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី ៥ ឆ្នាំនៃការបង្កើតកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ និងពិធីបដិសណ្ឋារកិច្ច“សប្តាហ៍ឡានឆាង-មេគង្គ”ឆ្នាំ ២០២១ ។ រដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសទន្លេមេគង្គបានចុះផ្សាយអត្ថបទ ឬផ្ញើសារលិខិតអបអរសាទរ ដោយវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ និងការរួមវិភាគទានរបស់កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងតំបន់ ព្រមទាំងបានសម្តែងថានឹងបន្តរួមសហការគ្នាជាមួយភាគីចិន ជំរុញការកសាងយន្តការផ្សេងៗ ជំរុញឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែង និងផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជន ។ រដ្ឋាភិបាល និងរដ្ឋបាលមូលដ្ឋាននៃប្រទេសទាំង ៦ បានរួមគ្នារៀបចំកម្មវិធីអបអរសាទរជិត ៦០ កម្មវិធី រួមមានសន្និសីទ វេទិកា ការផ្សាយអត្ថបទ ការចាក់បញ្ចាំងភាពយន្ត ការស្តារតំបន់ជនបទ និងការប្រកួតច្នៃប្រឌិត និងបង្កើតមុខជំនួញរបស់យុវជនជាដើម ។
សន្និសីទសម្ព័ន្ធទីក្រុងទេសចរណ៍ ឡានឆាង-មេគង្គ និងវេទិកាវប្បធម៌-ទេសចរណ៍អភិបាលក្រុង ឡានឆាង-មេគង្គ បានរៀបចំនៅក្រុងឈុងឈីង ។ ភាគីនានាបានពិគ្រោះពិភាក្សាអំពីវិធានការនៃការស្តារឡើងវិញនូវឧស្សាហកម្មវប្បធម៌ និងទេសរណ៍ក្រោយពីផ្ទុះជំងឺកូវីដ ១៩ ។ កិច្ចប្រជុំសន្ទនារវាងទីក្រុងល្បីខាងប្រវត្តិសាស្ត្រ និងវប្បធម៌ប្រទេសឡានឆាង-មេគង្គផ្តោតការយកចិត្តទុកដាក់ទៅលើប្រវត្តិសាស្ត្រដ៏យូរអង្វែង និងការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ននៃទីក្រុងប្រវត្តិសាស្ត្រ និងវប្បធម៌ល្បីល្បាញរបស់ប្រទេសទាំង ៦ ប្រមូលផ្តុំនូវចំណុចឯកភាពគ្នាសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ រួមគ្នាកំណត់ផែនការអភិវឌ្ឍន៍នាពេលអនាគត ។ កម្មវិធីយកបទសម្ភាសន៍ដំណើរម៉ឺនយោជន៍ឆ្នាំ ២០២១ សម្រាប់អ្នកសារព័ត៌មានចិន និងបរទេស “រួមគ្នាផឹកទឹកទន្លេតែមួយ ចែករំលែកមនោសញ្ចេតនាឡានឆាង-មេគង្គ”បានប្រារឰនៅខេត្តឈីងហៃ និង Xizang ដែលបានបង្ហាញពីសមិទ្ធផលនៃការថែរក្សាអេកូ-បរិស្ថានតាមកំណាត់ខាងលើនៃទន្លេឡានឆាង និងការកាត់បន្ថយភាពក្រីក្រ ហើយបានជំរុញការផ្លាស់ប្តូរផ្នែកវប្បធម៌រវាងបណ្តាប្រទេសនានាតាមបណ្តោយទន្លេឡានឆាង-មេគង្គ ។ ការប្រកួតឌីហ្សែន Poster អំពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គបានរៀបចំដោយជោគជ័យ ដែលបានទាក់ទាញបេក្ខជនបេក្ខនារីដ៏ឆ្នើមមកពីប្រទេសផ្សេងៗ ។ កម្មវិធី“សប្តាហ៍ទូរទស្សន៍ឡានឆាង-មេគង្គឆ្នាំ ២០២១”បានប្រារឰនៅក្រុងគុនមីង ដែលបានចាក់បញ្ចាំងនូវកម្មវិធីទូរទស្សន៍ដ៏ល្អប្រណីតរបស់ប្រទេសទាំង ៦ ដើម្បីផ្សព្វផ្សាយអំពីវប្បធម៌ឡានឆាង-មេគង្គ ដែលមានភាពស្មើគ្នា ជួយគ្នាដោយចិត្តស្មោះ និងរាប់អានគ្នាដូចគ្រួសារតែមួយ” ។