កាលពីថ្ងៃទី ២៨ ខែមករា លោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានបង្ហោះរូបភាពវីដេអូឃ្លីប ដើម្បីជូនពរពិធីបុណ្យចូលឆ្នាំច្មីប្រពៃណីចិន ព្រមនិងជូនពរឱ្យព្រឹតិ្តការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងទទួលបានជោគជ័យ។
លោក Guterres បានថ្លែងអំណរគុណដល់ប្រទេសចិន និងប្រជាជនចិនដែលបានចូលរួមនិងគាំទ្រដល់ពហុភាគីនិយមនិងអង្គការសហប្រជាជាតិ។ លោកបានបង្ហាញពីជំនឿចិត្តយ៉ាងមុតមាំថា ប្រទេសចិននឹងបន្តផ្តល់ការគាំទ្រ និងធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញរបៀបវារៈរួមរបស់អង្គការសហប្រជាជាតិ និងសម្រេចបាននូវទស្សនាទានរួមរបស់អង្គការនេះស្តីពីសន្តិភាពនិងអនាគតប្រកបដោយចីរភាព។ដើម្បីសម្រេចបានគោលដៅទាំងនេះ យើងចាំបាច់ត្រូវតែចាត់វិធានការលម្អិតសម្រាប់ដោះស្រាយបញ្ហាជាក់ស្តែងដែលយើងជួបប្រទះ ដូចជាការប្រែប្រួលអាកាសធាតុ និងការរីករាលដាលនៃជំងឺកូវីដ-១៩ជាដើម។ ប្រជាជននៃបណ្តាប្រទេសនានាត្រូវពួតដៃគ្នាដើម្បីសម្រេចបាននូវការស្តារឡើងវិញ និងកសាងអនាគតដ៏ល្អបវរ។
ជាងនេះទៅទៀត លោក Guterres បានថ្លែងទៀតថា លោកនឹងចូលរួមពិធីបើកព្រឹតិ្តការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង។ ស្មារតីអូឡាំពិកគឺជានិមិត្តសញ្ញានៃសាមគ្គីភាពរបស់មនុស្សជាតិ លោកទន្ទឹងរង់ចាំចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាដែលនឹងបើកធ្វើប្រកបដោយសុវត្ថិភាព និងជោគជ័យ៕