លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោក Imran Khan នាយករដ្ឋមន្រ្តីប៉ាគីស្ថានដែលអញ្ជើញមកប្រទេសចិនដើម្បីចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង២០២២នៅវិមានសភាប្រជាជននៅព្រឹកថ្ងៃទី៦ខែកុម្ភៈ។
ក្នុងកិច្ចជំនួប លោក Xi Jinping បានថ្លែងថា ប្រទេសចិនរីករាយរួមជាមួយប្រទេសប៉ាគីស្ថានក្នុងការពន្លឿនការកសាងសហគមន៍រួមវាសនារវាងចិននិងប៉ាគីស្ថានដែលមានភាពកាន់តែជិតស្និទ្ធក្នុងយុគសម័យថ្មី ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ផ្តល់កម្លាំងចលករដល់កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងរួមចំណែកកម្លាំងដល់សន្តិភាពពិភពលោក ។ ប្រទេសចិនគាំទ្រយ៉ាងមុតមាំដល់ប៉ាគីស្ថានក្នុងការការពារឯករាជ្យភាព អធិបតេយ្យភាពនិងសេចក្តីថ្លៃថ្នូជាតិ វាយបង្ក្រាបភេរវកម្មនិយម ព្រមទាំងមានឆន្ទៈរួមជាមួយប៉ាគីស្ថានតភ្ជាប់យុទ្ធសាស្រ្តអភិវឌ្ឍន៍ ជំរុញការកសាងរបៀងសេដ្ឋកិច្ចរវាងចិននិងប៉ាគីស្ថានឱ្យអភិវឌ្ឍយ៉ាងស៊ីជម្រៅ។
លោក Imran Khan បានសម្តែងការអបអរសាទរចំពោះប្រទេសចិនដែលបានប្រារព្ធធ្វើពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងដ៏អស្ចារ្យដោយជោគជ័យ ព្រមនិងសូមថ្លែងអំណរគុណដល់ប្រទេសចិនដែលបានផ្តល់ជំនួយដ៏មានតម្លៃដល់ប្រទេសប៉ាគីស្ថានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ប៉ាគីស្ថានរីករាយជំរុញយ៉ាងសកម្មនូវការកសាងដំណាក់កាលទី២នៃរបៀងសេដ្ឋកិច្ចរវាងចិននិងប៉ាគីស្ថាន បង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនលើវិស័យឧស្សាហកម្ម កសិកម្ម ព័ត៌មានវិទ្យានិងវិស័យផ្សេងទៀត ដើម្បីជួយដល់ប៉ាគីស្ថានក្នុងការលើកកម្ពស់កម្រិតនៃការអភិវឌ្ឍសេដ្ឋកិច្ច៕