យប់ថ្ងៃទី ៤ ខែកុម្ភៈ ពិធីបើកការប្រកួតកីឡាអូឡាំពិករដូវរងាលើកទី ២៤ បានរៀបចំធ្វើនៅកីឡដ្ឋានជាតិក្រុងប៉េកាំង ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញចូលរួមពិធីបើក ហើយបានប្រកាសបើកការប្រកួតកីឡាអូឡាំពិករដូវរងាលើកនេះជាផ្លូវការផងដែរ ។
ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងាដែលបានបើកធ្វើនៅទីក្រុងប៉េកាំងលើកនេះមិនត្រឹមតែស្របពេលនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៃឆ្នាំខាលតាមចន្ទគតិចិនប៉ុណ្ណោះទេ ថែមទាំងក៏ត្រូវជាថ្ងៃចូលដល់និទាឃរដូវដែលភាសាចិនហៅថា"lìchūn" នៃរដូវកាលទាំង២៤ តាមចន្ទគតិចិនផងដែរ ។ ថ្ងៃ"lìchūn" គឺជារដូវកាលដំបូងបង្អស់នៃរដូវកាលទាំង ២៤ តាមចន្ទគតិចិន ចាប់ពីថ្ងៃនេះតទៅ និទាឃរដូវនឹងចាប់ផ្តើមមកដល់ជាសន្សឹមៗ ផែនដីនឹងប្រែពីត្រជាក់មកជាកក់ក្ដៅ ហើយអ្វីៗទាំងអស់នឹងវិវឌ្ឍលូតលាស់យ៉ាងផុលផុសជាបន្តបន្ទាប់ ។ ក្នុងនាមជាទីក្រុងមុនគេបង្អស់ដែលបានរៀបចំការប្រកួតកីឡាអូឡាំពិកទាំងរដូវក្តៅនិងរដូវរងាដោយជោគជ័យនៅលើពិភពលោក ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងបានទាក់ទាញអត្តពលិកចំនួនជិត ៣០០០ នាក់ដែលមកពីប្រទេសនិងតំបន់ប្រហែល ៩០ ឱ្យចូលរួម ហើយវិញ្ញាសាប្រកួតនៅលើព្រិលទឹកកកដែលបានកំណត់និងបរិមាណមេដាយមាសនៃការប្រកួតលើកនេះក៏បានបំបែកកំណត់ត្រាខ្ពស់បំផុតក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងាកន្លងមកផងដែរ ។
សូមបញ្ជាក់ថា ខណៈពេលការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងរៀបចំធ្វើ ពិភពលោកបាននិងកំពុងប្រឈមនឹងការសាកល្បងជាច្រើន ដូចជា ពិភពលោកកំពុងប្រឈមនឹងស្ថានភាពបម្រែបម្រួលថ្មីដែលមិនធ្លាប់មានពីមុនមកក្នុងរយៈពេលមួយសតវត្សន៍កន្លងទៅនេះ និងជំងឺកូវីដ ១៩ ក៏បានរីករាលដាលយ៉ាងធ្ងន់ធ្ងរនៅទូទាំងពិភពលោក ពិភពលោកបានឈានចូលដំណាក់កាលមានភាពបម្រែបម្រួលយ៉ាងខ្លាំងក្លា ហើយមនុស្សជាតិកំពុងប្រឈមនឹងបញ្ហាជាច្រើន ។ គណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិបានដឹកនាំចលនាកីឡាអូឡាំពិកឱ្យឆ្ពោះទៅមុខដោយអង់អាចក្លាហាន ក៏ដូចជាបានដើរតួនាទីដ៏សំខាន់និងពិសេសក្នុងការជំរុញឱ្យពិភពលោករួមសុខរួមទុក្ខជាមួយគ្នានិងរួមគ្នាជម្នះឧបសគ្គ ព្រមទាំងសាមគ្គីគ្នាធ្វើកិច្ចសហប្រតិបតិ្តការ ។ ក្នុងបរិបទបែបនេះ គ្មានអ្វីគួរឱ្យសង្ស័យឡើយ បាវចនា"កាន់តែសាមគ្គីភាព"របស់ចលនាកីឡាអូឡាំពិកគឺជារបស់ដែលត្រូវការបំផុតក្នុងសម័យបច្ចុប្បន្ន ។
គួររំលឹកថា ចាប់តាំងពីពាក្យស្លោក"ពិភពលោកតែមួយ សុបិនតែមួយ"ដែលបានផ្តួចផ្តើមកាលពីឆ្នាំ ២០០៨ ដល់ពាក្យស្លោក"រួមគ្នាឆ្ពោះទៅកាន់អនាគត"នៅឆ្នាំ ២០២២ ប្រទេសចិនបានចូលរួមយ៉ាងសកម្មក្នុងចលនាកីឡាអូឡាំពិក ប្រកាន់ខ្ជាប់ផ្សព្វផ្សាយស្មារតីអូឡាំពិក គឺជាអ្នកស្វែងរកនិងជាអ្នកអនុវត្តជាក់ស្តែងដ៏មុតមាំនៃឧត្តមគតិកីឡាអូឡាំពិក ។ ឆ្លងតាមរយៈការរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងា ប្រទេសចិនសម្រេចបានដោយជោគជ័យក្នុងការជំរុញឱ្យប្រជាជនចិនចំនួន ៣ រយលាននាក់ចូលរួមសកម្មភាពកីឡាលើព្រិលទឹកកក ក៏ដូចជាជំរុញដល់ការអភិវឌ្ឍក្នុងតំបន់ កិច្ចកសាងអេកូឡូស៊ី ការច្នៃប្រឌិតថ្មីបែបបៃតងនិងកែលម្អជីវភាពរស់នៅរបស់ប្រជាជន ហើយបានត្រួសត្រាយលំហរកាន់តែទូលំទូលាយសម្រាប់ការអភិវឌ្ឍនៃកីឡាព្រិលទឹកកកនៅទូទាំងពិភពលោក ។
តាមការពិត ឆ្លងកាត់ការរៀបចំការប្រកួតកីឡាអស់រយៈពេលជាង ៦ ឆ្នាំ និងពុះពារផលប៉ះពាល់ដែលបណ្តាលមកពីកត្តាគ្រប់ប្រភេទ ដូចជា ការីករាលដាលនៃជំងឺកូវីដ ១៩ ជាដើម ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងបានរៀបចំធ្វើតាមពេលកំណត់ ប្រការនេះក៏អាចឆ្លុះបញ្ចាំងពីកាតព្វកិច្ចនិងទំនួលខុសត្រូវរបស់ប្រទេសចិនក្នុងការជំរុញសាមគ្គីគ្នាជាសកលផងដែរ ។
ទាំងមានវត្តមានរបស់ថ្នាក់ដឹកនាំសំខាន់ៗអន្តរជាតិជាង ៣០ រូបក្នុងពិធីបើកការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងព្រមនិងសកម្មភាពពាក់ព័ន្ធនានា រហូតដល់អង្គការសហប្រជាជាតិបានដាក់លក់តែមប្រៃសណីយ៍អំពីការប្រកួតកីឡាអូឡាំពិករដូវរងាជាលើកដំបូង ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងបានក្លាយជាវេទិកាដ៏ល្អប្រសើរសម្រាប់សាមគ្គីពិភពលោកតាមរយៈស្មារតីកីឡា ហើយក៏បានក្លាយជាការអនុវត្តដ៏រស់រវើកសម្រាប់ជំរុញការបង្កើតសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិផងដែរ ។
ពិភពលោកមានការរំពឹងទុកចំពោះប្រទេសចិន ប្រទេសចិនក៏បានធ្វើត្រៀមលក្ខណៈរួចហើយដែរ ។ ជឿជាក់ថា ភ្លើងពិសិដ្ឋអូឡាំពិកដែលបានអុជនៅក្រុងប៉េកាំងនឹងបង្ហាញពីឆន្ទៈដ៏មុតមាំនិងកម្លាំងសាមគ្គីគ្នារបស់មនុស្សជាតិទាំងមូល ហើយនឹងបំផុសជំនឿចិត្តដើម្បីកសាងពិភពលោកប្រកបដោយសន្តិភាពនិងវិបុលភាព ៕