ថ្ងៃទី ១៤ ខែកុម្ភៈ លោក Xi Jinping ប្រធានរដ្ឋចិននិងលោក Lopez ប្រធានាធិបតីម៉ិកស៊ិកបានផ្ញើសារលិខិតទៅវិញទៅមក ដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ។
លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងថា ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិននិងម៉ិកស៊ិកអស់រយៈពេលកន្លះសតវត្សមក ជាពិសេស ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ ២០១៣ នោះ ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីបានឈានចូលដំណាក់កាលអភិវឌ្ឍដោយល្បឿនលឿន ។ ទំនុកចិត្តខាងនយោបាយទៅវិញទៅមករវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ ហើយការផ្លាស់ប្តូរមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក៏ត្រូវបានពង្រឹងនិងពង្រីកជាបន្តបន្ទាប់ ។ ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងម៉ិកស៊ិក ហើយរីករាយធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយលោកប្រធានាធិបតី Lopez ដើម្បីចាត់ទុកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរជាឱកាសមួយក្នុងន័យពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក ជំរុញការអភិវឌ្ឍរួម និងបន្តបំពេញបន្ថែមអត្ថន័យនៃទំនាក់ទនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងម៉ិកស៊ិក ដើម្បីធ្វើឱ្យប្រជាជនរបស់ប្រទេសទាំងពីរក្លាយជាមិត្តល្អដែលអាចជឿទុកចិត្តគ្នាទៅវិញទៅមកនិងជាដៃគូល្អដែលចែករំលែកភាពរុងរឿងជាមួយគ្នាជានិច្ច ។
ចំណែកលោក Lopez បានថ្លែងថា បច្ចុប្បន្ននេះ ទំនាក់ទនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងម៉ិកស៊ិកនិងចិនបានវិវឌ្ឍរីកចម្រើនទៅតាមយុគស័យនិងបានពង្រឹងកាន់តែខ្លាំងឡើងៗ ដែលផ្តល់ផលប្រយោជន៍ជាបន្តបន្ទាប់ដល់ប្រជាជននៃប្រទេសទាំងពីរ ។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនងរវាងម៉ិកស៊ិកនិងចិននឹងបន្តមានស្ថិរភាពរឹងមាំថែមទៀតជាមិនខាន ៕