លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទកាសែតជាប្រចាំនាថ្ងៃទី១៤ ខែកុម្ភៈថា “យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក ” ធ្វើឡើងដោយចេតនាអាក្រក់ដែលយក “ការគំរាមកំហែងពីចិន” ធ្វើជាលេស។
តាមការផ្សាយព័ត៌មានបានឱ្យដឹងថា សេតវិមានអាមេរិកបានប្រកាសរបាយការណ៍អំពី “យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក របស់អាមេរិក”នៅពេលកន្លងទៅនេះ ដោយមានខ្លឹមសារជាច្រើនផ្តោតលើ “ការគំរាមកំហែងពីចិន” ។ ទាក់ទិននឹងរឿងនេះ លោក Wang Wenbin បានថ្លែងថា ៖ “យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក ” ដែលអាមេរិកលើកឡើង គឺការនិយាយផ្សេងធ្វើផ្សឹង។ អាមេរិកអះអាងថាចង់ជំរុញសេរីភាពនិងភាពបើកទូលាយក្នុងតំបន់ តែតាមពិតជាការកសាងទំនាក់ទំនងភាពជាដៃគូសន្តិភាពបីភាគីនិងយន្តការបួនភាគី ដើម្បីបង្កើតរង្វង់តូចបែបបំបិទអ្នកដទៃ។ អាមេរិកអះអាងថាចង់ពង្រឹងសន្តិភាពក្នុងតំបន់ តែតាមពិតបានបង្កើតហានិភ័យរីកសាយភាយអាវុធនុយគ្លេអ៊ែរយ៉ាងធ្ងន់ធ្ងរ ដែលបានបំផ្លាញសន្តិសុខនិងស្ថិរភាពក្នុងតំបន់។ អាមេរិកអះអាងថាចង់ជំរុញភាពរុងរឿងក្នុងតំបន់ តែតាមពិតបានដើរញុះញង់ឱ្យប្រទេសក្នុងតំបន់បដិបក្ខគ្នា។ គំនិតធ្វើសង្គ្រាមត្រជាក់ឡើងវិញនិងធ្វើនយោបាយជាក្រុម វាគ្មានអត្ថន័យថ្មីអីនោះទេ វាបានត្រឹមតែនាំមកនូវភាពបែកបាក់ដល់តំបន់អាស៊ីប៉ាស៊ីហ្វិកតែប៉ុណ្ណោះ ដែលប្រទេសក្នុងតំបន់ចាំបាច់ត្រូវរក្សាភាពប្រុងប្រយ័ត្ននិងប្រឆាំង៕