នៅថ្ងៃទី ១៦ ខែកុម្ភៈ អ្នកសារព័ត៌មានបានដំណឹងពីសន្និសីទសារព័ត៌មានក្រុងប៉េកាំងឆ្នាំ ២០២២ ថា ទីតាំងប្រកួតសំខាន់ៗចំនួនបីនិងកីឡដ្ឋានចំនួន ២៦ សម្រាប់រៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំងសម្រេចបាននូវការផ្គត់ផ្គង់ថាមពលបៃតង ១០០% នេះជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រអូឡាំពិក ។
ការរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាបែបបៃតងគឺជាទស្សនៈមួយក្នុងចំណោមទស្សនៈនៃការរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ។ នៅខែមករាឆ្នាំនេះ គណៈកម្មាធិការរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងបានប្រកាសពីផែនការនិរន្តរភាពដែលបានលើកឡើងនូវគោលដៅចំនួនបីគឺ "ឥទ្ធិពលជាវិជ្ជមានចំពោះបរិស្ថាន" "ការអភិវឌ្ឍថ្មីក្នុងតំបន់"និង"ជីវភាពរស់នៅកាន់តែប្រសើរឡើង" ។ ការផ្គត់ផ្គង់ថាមពលគឺជាមូលដ្ឋានគ្រឹះនិងការធានាដ៏សំខាន់សម្រាប់ការរៀបចំការប្រកួតកីឡាអូឡាំពិកដោយជោគជ័យ ហើយក៏ជាវិស័យសំខាន់នៃការគ្រប់គ្រងការបញ្ចេញកាបូនផងដែរ ។ អគ្គិសនីបៃតង ដូចជា ថាមពលខ្យល់និងថាមពលពន្លឺព្រះអាទិត្យនៅក្នុងតំបន់ Zhangbei នៃក្រុង Zhangjiakou ខេត្ត Hebei ត្រូវបានតភ្ជាប់ជាមួយបណ្តាញអគ្គិសនីនៃកីឡដ្ឋានទាំងអស់ដែលធ្វើឱ្យការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងអាចប្រើប្រាស់ថាមពលបៃតង ១០០ % ៕