នៅថ្ងៃទី២២ ខែកុម្ភៈលោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកតាមការណាត់។
ជាបឋម លោក Blinken បានជូនពរចំពោះភាពជោគជ័យនៃកីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំង។ លោក Wang Yi បានអបអរសាទរដល់អត្តពលិកអាមេរិកដែលទទួលបានលទ្ធផលដ៏ល្អក្នុងការប្រកួតកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង ហើយបានថ្លែងថា អត្តពលិកចិននិងអាមេរិកមានទំនាក់ទំនងមិត្តភាពល្អប្រសើរ លើកទឹកចិត្តដល់គ្នាទៅវិញទៅមក និងលើកកម្ពស់សមត្ថភាពជាមួយគ្នា ដែលបានបង្ហាញនូវស្មារតីអូឡាំពិកយ៉ាងពេញលេញ។
លោក Wang Yi បានថ្លែងថា អ្វីដែលសំខាន់បំផុតនៃការក្តាប់ជាប់និងជំរុញទំនាក់ទំនងចិន-អាមេរិកគឺត្រូវអនុវត្តឱ្យបានល្អនូវគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ។ប្រទេសចិនមានឆន្ទៈក្នុងការគ្រប់គ្រងការខ្វែងគំនិតប្រកបដោយប្រសិទ្ធភាព និងធ្វើឱ្យទំនាក់ទំនងចិន-អាមេរិកមានស្ថិរភាព ស្របតាមគោលការណ៍ទាំងបីស្តីពីការគោរពគ្នាទៅវិញទៅមក ការរួមរស់នៅដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដែលបានលើកឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិន ។
ជាការឆ្លើយតប លោក Blinken បានថ្លែងថា ដូចជាការលើកឡើងរបស់លោកប្រធានាធិបតី Biden ជាច្រើនលើកមកហើយថា សហរដ្ឋអាមេរិកមិនស្វែងរកការធ្វើសង្រ្គាមត្រជាក់ថ្មីទេ មិនស្វែងរកការផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រងរបស់ចិនទេ ហើយក៏ប្រឆាំងនឹងសកម្មភាពចង់ឱ្យ " តៃវ៉ាន់ឯករាជ្យ" និងគ្មានចេតនាបង្កអរិភាពជាមួយប្រទេសចិននោះទេ។