ជុំវិញផែនការរបស់សហរដ្ឋអាមេរិកដែលលក់អាវុធទៅឱ្យតៃវ៉ាន់ក្នុងទំហំទឹកប្រាក់សរុបចំនួន ១០០ លានដុល្លារអាមេរិក លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទកាសែតជាប្រចាំកាលពីថ្ងៃទី ២១ ខែកុម្ភៈថា ដើម្បីការពារអធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ប្រទេសចិន អនុលោមតាមបទប្បញ្ញត្តិពាក់ព័ន្ធនៃច្បាប់ប្រឆាំងទណ្ឌកម្មបរទេសរបស់ចិន រដ្ឋាភិបាលចិនបានសម្រេចចិត្តដាក់ទណ្ឌកម្មចំពោះក្រុមហ៊ុនយោធា Raytheon និង Lockheed Martin របស់សហរដ្ឋអាមេរិកដែលជាប់ពាក់ព័ន្ធនឹងការលក់អាវុធទៅឱ្យតៃវ៉ាន់ក្នុងរយៈពេលជាយូរមក ។
លោក Wang Wenbin បានបញ្ជាក់ថា សហរដ្ឋអាមេរិកលក់អាវុធទៅឱ្យតំបន់តៃវ៉ាន់របស់ប្រទេសចិន បានរំលោភយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនមួយ និងសេចក្តីថ្លែងការណ៍រួមចិន-អាមេរិកចំនួនបី ជាពិសេសសេចក្តីថ្លែងការណ៍ ១៧ សីហា ។ ប្រទេសចិននឹងបន្តចាត់រាល់វិធានការចាំបាច់ទាំងអស់ទៅតាមការវិវឌ្ឍនៃស្ថានការណ៍ ក្នុងន័យគាំពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខផ្ទាល់ខ្លួន។