កាលពីថ្ងៃទី ២២ ខែកុម្ភៈ នៅទីក្រុងប៉េកាំង លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយលោកal-Thinni សហប្រធាននៃយន្តការចរចាអន្តររដ្ឋាភិបាលស្តីពីកំណែទម្រង់នៃក្រុមប្រឹក្សាសន្តិសុខនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ និងជាតំណាងប្រទេសកាតាប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិ និងលោកHerrmann តំណាងប្រទេសដាណឺម៉ាកប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិ។
ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានលើកឡើងថា ក្រុមប្រឹក្សាសន្តិសុខគឺជាស្នូលនៃយន្តការសន្តិសុខសមូហភាពអន្តរជាតិ។ ប្រទេសចិនតែងតែគាំទ្រដល់កំណែទម្រង់សមហេតុផលនិងចាំបាច់នៃក្រុមប្រឹក្សាសន្តិសុខ ហើយបាននិងកំពុងខិតខំប្រឹងប្រែងក្នុងលក្ខណៈស្ថាបនាចំពោះរឿងនេះ។
លោក Wang Yi បានថ្លែងទៀតថា កំណែទម្រង់របស់ក្រុមប្រឹក្សាសន្តិសុខគួរតែផ្តល់អាទិភាពដល់ការបង្កើនភាពជាតំណាងនិងសិទ្ធិបញ្ចេញមតិរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីធ្វើឱ្យប្រទេសកាន់តែច្រើន ជាពិសេសគឺប្រទេសតូចនិងមធ្យមមានឱកាសកាន់តែច្រើនសម្រាប់ចូលរួមក្នុងការសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ។ នេះគឺជាគោលបំណងដើមនិងជាទិសដៅសម្រាប់កំណែទម្រង់របស់ក្រុមប្រឹក្សាសន្តិសុខ។
ជាការឆ្លើយតប លោក al-Thinni និងលោកHerrmann បានថ្លែងថា កំណែទម្រង់នៃក្រុមប្រឹក្សាសន្តិសុខមានភាពស្មុគ្រស្មាញនិងរសើប ពោលត្រូវបន្តប្រកាន់ខ្ជាប់នូវការដឹកនាំដោយប្រទេសជាសមាជិក ហើយស្តាប់មតិយោបល់របស់ប្រទេសជាសមាជិកឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីខិតខំឆ្ពោះទៅរកការពង្រីកគំនិតឯកភាពគ្នានិងកាត់បន្ថយការខ្វែងគំនិត៕