កិច្ចប្រជុំបន្ទាប់បន្សំនៃមហាសន្និបាតបរិស្ថានលើកទី៥នៃអង្គការសហប្រជាជាតិបានបើកធ្វើកាលពីថ្ងៃទី២៨ខែកុម្ភៈនៅក្រុងណៃរ៉ូប៊ី រដ្ឋធានីកេនយ៉ា តំណាងជាង២ពាន់នាក់ដែលមកពីរដ្ឋជាសមាជិកចំនួនជិត២រយបានចូលរួមកិច្ចប្រជុំលើកនេះ ។ បញ្ហាសំខាន់បំផុតដែលលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំលើកនេះគឺការបំពុលខាងប្លាស្ទីក ។
លោក Espen Barth Eide ប្រធានមហាសន្និបាតនិងជារដ្ឋមន្ត្រីក្រសួងបរិស្ថានរបស់ន័រវែសបានលើកឡើងក្នុងសុន្ទរកថាថ្លែងក្នុងពិធីសម្ពោធបើកថា ពិភពលោកប្រឈមមុខនឹងការគំរាមកំហែងពីវិបត្តិបរិស្ថានជាសកលបីធំៗ គឺ បម្រែបម្រួលអាកាសធាតុ ការបាត់បង់ជីវចម្រុះនិងការបំពុលនិងកាកសំណល់ ទូទាំងពិភពលោកកំពុងស្តារឡើងវិញជាបណ្តើរៗពីការរីករាលដាលនៃជំងឺកូវីដ១៩ ប៉ុន្តែប្រឈមមុខនឹងបញ្ហាបរិស្ថាន យើងនៅតែមានភារកិច្ចដ៏ធ្ងន់និងវែងឆ្ងាយដដែល ។
លោកស្រី H.E Monica De Greiff ឯកអគ្គរដ្ឋទូតកូឡុំប៊ីប្រចាំនៅកេនយ៉ានិងជាតំណាងប្រចាំជាអចិន្ត្រៃយ៍នៅកម្មវិធីបរិស្ថាននៃអង្គការសហប្រជាជាតិបានតំណាងឱ្យ “ក្រុមប្រទេស៧៧បូកប្រទេសចិន”លើកឡើងថា ក្រុមប្រទេស៧៧និងចិនបានឆ្លើយតបនឹងបញ្ហាបរិស្ថានយ៉ាងសកម្មជាប់រហូតមក រួមមានទាំងបញ្ហាបំពុលខាងប្លាស្ទីក បញ្ហាបំពុលក្នុងសមុទ្រ បញ្ហារហោឋានកម្មនិងបញ្ហាបម្រែបម្រួលអាកាសធាតុជាដើម ដើម្បីខិតខំប្រឹងប្រែងកសាងពិភពលោកមួយដែលកាន់តែល្អបវរនិងមនុស្សនិងធម្មជាតិវិវឌ្ឍរីកចម្រើនដោយចុះសម្រុងគ្នា ។