ថ្ងៃទី៣ខែមីនា ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំជជែកដេញដោលជាបន្ទាន់អំពីបញ្ហាអ៊ុយក្រែន។ ថ្លែងក្នុងកិច្ចប្រជុំ លោកChenXuតំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅទីស្នាក់ការអង្គការសហប្រជាជាតិក្រុងហ្សឺណែវនិងអង្គការអន្តរជាតិផ្សេងទៀតនៅប្រទេសស្វ៊ីសបានអំពាវនាវឱ្យភាគីពាក់ព័ន្ធនានារក្សាការអត់ធ្មត់ ក្នុងន័យបន្ធូរបន្ថយស្ថានការណ៍តានតឹងនិងចៀសវាងកុំឱ្យជនស៊ីវិលស្លាប់និងរងរបួស ហើយដាស់តឿនឱ្យភាគីពាក់ព័ន្ធបញ្ឈប់ការធ្វើឱ្យបញ្ហាសិទ្ធិមនុស្សទៅជាបញ្ហានយោបាយ លុបបំបាត់ការបដិបក្ខគ្នានិងការដាក់សម្ពាធ ដើម្បីខំប្រឹងដោះស្រាយបញ្ហាតាមរយៈកិច្ចសន្ទនា។
លោកChenXuបានគូសបញ្ជាក់ថា ភាគីចិនគាំទ្រនិងលើកទឹកចិត្តចំពោះរាល់កិច្ចខិតខំប្រឹងប្រែងខាងផ្លូវទូតដែលមានអំណោយផលដល់ការដោះស្រាយវិបត្តិអ៊ុយក្រែនដោយសន្តិវិធី ស្វាគមន៍រុស្ស៊ីនិងអ៊ុយក្រែនធ្វើកិច្ចសន្ទនាឬការចរចាដោយផ្ទាល់។ ភាគីចិនប្រឆាំងការធ្វើឱ្យបញ្ហាសិទ្ធិមនុស្សក្លាយទៅជាបញ្ហានយោបាយ ប្រឆាំងការដាក់សម្ពាធទៅលើប្រទេសផ្សេងដោយយកបញ្ហាសិទ្ធិមនុស្សធ្វើជាលេស ប្រឆាំងការបង្កើតគណៈកម្មាធិការស៊ើបអង្កេតអន្តរជាតិឯករាជ្យអំពីបញ្ហាអ៊ុយក្រែន។ ការចាត់ប្រតិបត្តិការរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ វាត្រឹមតែនឹងធ្វើឱ្យទំនាស់មានភាពកាន់តែផុយស្រួយនិងបង្កើនភាពបដិបក្ខគ្នាតែប៉ុណ្ណោះ វាគ្មានអំណោយផលដល់ការដោះស្រាយបញ្ហាអ៊ុយក្រែនដោយសន្តិវិធីតាមវិធីការទូតនោះទេ។ភាគីចិននឹងបន្តដើរតួនាទីប្រកបដោយលក្ខណៈស្ថាបនាក្នុងការស្វែងរកសន្តិភាពនិងសម្រេចបានសន្តិភាព៕