កម្ពុជា-ចិនបើកកិច្ចប្រជុំជំរុញការនាំចេញអង្ករកម្ពុជាទៅចិន ៤០ម៉ឺនតោន

2022-03-07 12:49:24 |ប្រភព:វិទ្យុជាតិកម្ពុជា

  ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជាបានចេញផ្សាយថា នៅថ្ងៃទី៤ មីនា ២០២២នេះ មានកិច្ចប្រជុំរវាងក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុនសាជីវកម្មចិន COFCO ដើម្បីពិនិត្យមើលលើការងារនាំចេញអង្ករពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។

  ដោយធ្វើឡើងតាមប្រព័ន្ធអនឡាញ (Video Zoom) ក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម ដឹកដោយ ឯកឧត្តម ចាន់ សុខទី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃក្រុមហ៊ុនហ្រ្គីនត្រេដ និងលោកស្រី Lu Ying អគ្គនាយកក្រុមហ៊ុនសាជីវកម្មចិន COFCO និងចូលរួមតំណាងអោយសហព័ន្ធស្រូវអង្ករកម្ពុជា មានឧកញ៉ា ចាន់ សុឃាំង អនុប្រធានសហព័ន្ធ លោកស្រី គឹម ស្រីរ័ត្ន អនុប្រធានសហព័ន្ធ និង លោក ឡាយ ឈុនហួ អនុប្រធានសហព័ន្ធ។

  សហព័ន្ធបានឲ្យដឹងទៀតថា នៅក្នុងកិច្ចប្រជុំ មានការធ្វើបទបង្ហាញអំពីលទ្ធផលដែលសម្រេចបានលើការអនុវត្តបានទាំងស្រុងនូវអនុស្សរណៈយោគយល់លើកទី៥ ចំនួន ៤០ ម៉ឺនតោន ដែលបានបញ្ចប់ក្នុងខែតុលា ឆ្នាំ២០២១ និងបានធ្វើការចាប់ផ្តើមអនុវត្តន៍ការបញ្ជាទិញអង្ករតាមអនុស្សរណៈយោគយល់លើកទី៦ បានចាប់ពីខែវិច្ឆិកា ឆ្នាំ២០២១ ដែលលឿនជាងការរំពឹងទុកមួយខែ ដែលគិតត្រឹមចុងខែកុម្ភៈ ឆ្នាំ២០២២ បរិមាណអង្ករចំនួន ១១៣ ០០០ តោន បានធ្វើការចុះកិច្ចសន្យាបញ្ជាទិញរួចរាល់ ហើយចំនួន ៨៦ ០០០តោន ក៏ធ្វើការបានប្រគល់ជូនអ្នកបញ្ជាទិញរួចរាល់ផងដែរ។

  សម្រាប់ខែមករា និង ខែកុម្ភៈ ឆ្នាំ២០២២ បរិមាណអង្ករចំនួន ៥២ ០៥៧ តោន ក្នុងចំណោមបរិមាណអង្ករសរុបដែលបាននាំចេញទៅកាន់ទីផ្សារប្រទេសចិនត្រូវបានទិញតាមរយៈក្រុមហ៊ុនសាជីវកម្ម COFCO ដែលបរិមាណនេះមានកំណើនចំនួន ៥៦% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១។

  នៅក្នុងកិច្ចប្រជុំនេះដែរ ភាគីទាំងពីរបានធ្វើការចែករំលែកព័ត៌មានអំពីការរីកចម្រើន ជាពិសេសការពេញនិយម និងចាប់ផ្តើមមានតម្រូវការខ្ពស់លើអង្ករក្រអូបប្រភេទសែនក្រអូប និងបានពិភាក្សាលើការប្រឈមមួយចំនួនដែលត្រូវដោះស្រាយរួមគ្នាក្នុងគោលបំណងជំរុញឱ្យការអនុវត្តលើអនុស្សរណៈយោគយល់ចំនួន ៤០ម៉ឺនតោន ដែលបានចុះហត្ថលេខានៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ដែលបានសម្រេចតាមផែនការ៕