លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានថ្លែងក្នុងសន្និសីទកាសែតនៃកិច្ចប្រជុំលើកទី៥នៃមហាសនិ្នបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣ដែលបានធ្វើនៅថ្ងៃទី ៧ ខែមីនាថា ប្រទេសចិននិងអាស៊ានបាននិងកំពុងបោះជំហានតាមមាគ៌ាដ៏ភ្លឺស្វាងមួយ ដែលប្រទេសជិតខាងស្និទ្ធស្នាលនិងគោរពរាប់អានគ្នា និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ បានបង្កើតជាគំរូនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ដែលសម្បូរដោយភាពរស់រវើកនិងសក្តានុពលដ៏ធំធេង។ ទំនាក់ទំនងរវាងចិននិងអាស៊ាននឹងកាន់តែល្អប្រសើរឡើងថែមទៀត។
ពេលឆ្លើយតបនឹងសំណួរអំពីទំនាក់ទំនងចិន-អាស៊ាន លោក Wang Yi បានថ្លែងថា សម្លឹងទៅអនាគត ភាគីចិនមានឆន្ទៈរួមជាមួយបណ្តាប្រទេសអាស៊ាន បន្តបង្កើតសមិទ្ធផលជាផ្លែផ្កាថ្មីៗកាន់តែច្រើនក្នុងការកសាងសហគមន៍រួមវាសនាចិន-អាស៊ានដែលកាន់តែជិតស្និទ្ធ ដើម្បីរួមចំណែកកាន់តែច្រើនដល់ការផ្តល់ផលប្រយោជន៍ជូនប្រជាជនទ្វេភាគី។
លោក Wang Yi បានគូសបញ្ជាក់ទៀតថា ភាគីចិននឹងបន្តចាត់ទុកអាស៊ានជាទិសដៅអាទិភាពនៃកិច្ចការទូតរបស់ចិន គាំពារយ៉ាងម៉ឺងម៉ាត់នូវឋានៈជាស្នូលនៃអាស៊ានក្នុងក្របខ័ណ្ឌសហប្រតិបត្តិការក្នុងតំបន់ គាំពារឋានៈគ្មានសព្វាវុធនុយគ្លេអ៊ែរនៃអាស៊ីអាគ្នេយ៍ គាំពារសន្តិសុខនិងស្ថិរភាពក្នុងតំបន់ គាំទ្រដំណោះស្រាយបញ្ហាក្តៅក្នុងតំបន់តាមបែបផែនអាស៊ាន ប្រឆាំងនឹងការបង្កើតភាពអបគមន៍និងអរិភាពក្នុងតំបន់៕