លោក ​​​ស៊ី​ ជីន​ភីង​ ប្រធាន​រដ្ឋ​ចិន​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​តាម​ប្រព័ន្ធ​វីដេអូ​ជាមួយ​ថ្នាក់​ដឹក​នាំ​បារាំង​និង​អាល្លឺម៉ង់​

2022-03-09 16:33:47 |ប្រភព:CRI

  លោក ​​​ស៊ី​ ជីន​ភីង​ ប្រធាន​រដ្ឋ​ចិន​បានចូលរួម​​កិច្ច​ប្រជុំ​កំពូល​តាម​ប្រព័ន្ធ​វីដេអូ​ជាមួយ​លោក​Macronប្រធានាធិបតី​បារាំងនិង​លោក​Scholz នាយករដ្ឋមន្រ្តីអាល្លឺ​ម៉ង់នៅ​ទីក្រុង​ប៉េកាំង​​កាលពី​រសៀល​ថ្ងៃ​ទី​៨​ខែ​មីនា​។

  លោក ​​​ស៊ី​ ជីន​ភីង​ បាន​គូសបញ្ជាក់ថា​ ការ​អភិវឌ្ឍ​របស់​ប្រទេស​ចិន​នឹង​នាំ​មក​នូវចន្លោះ​កាន់​តែ​ធំ​ទូលាយ​ដល់​កិច្ចសហប្រតិបត្តិការណ៍​ចិន​-អឺរ៉ុប ភាគី​ទាំង​ពីរ​គួរ​តែ​បន្ត​ធ្វើ​ឱ្យ​ស៊ី​ជម្រៅ​នូវ​កិច្ចសហប្រតិបត្តិការ​ជាក់​ស្តែង​លើ​វិស័យនានា​ ប្រកាន់​ខ្ជាប់​នូវ​ពហុភាគីនិយម​ ជំរុញ​របៀប​វារៈដ៏​សំខាន់​ដែល​មានលក្ខណៈជាសកល​។

  ​​​​ជាការ​ឆ្លើយ​តប​ លោក​Macron និង​លោក​Scholz បានសម្តែង​ការ អបអរសាទរចំពោះ​ភាគី​ចិនដែល​បាន​រៀប​ចំព្រឹត្តិការណ៍​កីឡា​អូឡាំ​ពិក​រដូវ​រងា​ក្រុង​ប៉េកាំង​ដោយ​ជោគជ័យ​។​ បច្ចុប្បន្ន​ពិភពលោកកំពុង​​ប្រឈម​មុខ​នឹង​បញ្ហា​​ជា​ច្រើន​ ការ​ឆ្លើយ​តប​​នឹង​បញ្ហាដោយ​ខ្លួនឯងបាន​ត្រឹម​​តែធ្វើ​ឱ្យ​ស្ថានការណ៍​កាន់​តែ​អាក្រក់ទៅ​ៗ​ តែ​ប៉ុណ្ណោះ​។ ភាគី​អឺរុប​យក​ចិត្ត​ទុកដាក់ដល់​តួនាទី​ដ៏​សំខាន់​និង​វិជ្ជមាន​របស់​ប្រទេស​ចិន​ក្នុង​កិច្ចការ​ពិភពលោក​ ​រីករាយ​ធ្វើ​កិច្ចសហប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធជាមួយ​ភាគី​ចិន​​ រួម​គ្នា​ខិតខំ​ប្រឹងប្រែងដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​សំខាន់ៗ​​ដែល​មាន​លក្ខណៈជាសកល​​ដូចជា​បម្រែបម្រួលអាកាសធាតុ​និង​ សុខាភិបាលសាធារណៈ ជាដើម​ ព្រម​ទាំង​ជំរុញ​ឱ្យ​ទំនាក់​ទំនង​រវាង​អឺរ៉ុប​និង​ចិន​អភិវឌ្ឍទៅ​មុខ​ដោយ​ឥត​ឈប់ឈរ​ ។

  ថ្នាក់​ដឹក​នាំ​ទាំង​៣រូប​ក៏​បាន​ផ្តោត​សំខាន់​ទៅ​លើ​ការ​ផ្លាស់​ប្តូរ​មតិយោបល់​ស្តីពី​ស្ថានការណ៍​អ៊ុយក្រែន​នាពេល​បច្ចុប្បន្នផង​ដែរ​ ។

  លោក​Macron និង​លោក​Scholzបាន​ថ្លែងថា​​ អឺរ៉ុប​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិធ្ងន់​ធ្ងរ​បំផុត​គិត​​តាំង​ពី​សង្គ្រាម​លោក​លើក​ទី​២មក​​  ប្រទេស​បារាំង​និង​អាល្លឺម៉ង់​គាំ​ទ្រ​ការ​ដោះ​ស្រាយ​បញ្ហា​តាមការ​ចរចា។ អរគុណ​ចំពោះ​គំនិតផ្តួច​ផ្តើម​មនុស្សធម៌​ដែល​លើក​ឡើង​ដោយ​ភាគី​ចិន​បារាំង​និង​អាល្លឺម៉ង់​រីករាយ​រួម​ជាមួយ​ភាគី​ចិនដើម្បី​បង្កើន​ការ​ប្រាស្រ័យ​ទាក់​ទង់និង​ការ​សម្រប​សម្រួល​ ឱ្យ​មាន​ការ​ចរចាដោយ​សន្តិវិធី​ ចៀសវាង​ស្ថានការណ៍​កាន់​តែឡើង​កម្តៅ​ថែម​មួយ​កម្រិត​ទៀត​។

  លោក ​​​ស៊ី​ ជីន​ភីង​ បាន​គូសបញ្ជាក់ថា​ ភាគី​ចិន​ផ្តួចផ្តើមថាអធិបតេយ្យភាព​និង​​បូរណភាព​ទឹក​ដី​របស់​ប្រទេស​នានា​គួរតែ​ទទួល​បានការគោរព​ កម្មវិត្ថុនិង​គោល​ការណ៍​នៃ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​គួរតែ​ទទួល​ការ​គោរព​និង​ប្រតិបត្តិតាម​ ការយកចិត្តទុកដាក់ដ៏​សមរម្យ​ស្តីពី​សន្តិសុខ​​របស់​ប្រទេស​នានា​គួរតែ​ទទួល​បាន​ការ​ឱ្យ​តម្លៃ​ កិច្ច​ខិតខំប្រឹង​ប្រែង​ទាំង​អស់​ដែល​មាន​អំណោយ​ផល​ដល់​ការ​ដោះស្រាយ​វិបត្តិ​ដោយ​សន្តិវិធី​គួរតែ​ទទួល​បាន​ការ​គាំទ្រ។​ ពួ​កយើង​គួរតែ​រួម​គ្នា​គាំទ្រ​ការ​ចរចា​ដោយ​សន្តិវិធី​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន​ ត្រូវ​ចរចា​ឱ្យមាន​ផ្លែផ្កា​​និង​សន្តិភាព។​ ពួកយើងគួររួម​គ្នា​​អំពាវនាវ​ឱ្យ​រក្សា​ភាព​អត់​ធ្មត់ជាអតិបរមា ចៀសវាង​លេចចេញ​វិបត្តិ​មនុស្សធម៌ដោយ​​ទ្រង់​ទ្រាយ​ធំ​។

  ថ្នាក់​ដឹក​នាំ​ទាំង​៣រូបក៏​បាន​ផ្លាស់ប្តូរ​មតិយោបល់​ស្តីពី​បញ្ហា​អ៊ីរ៉ង់ផង​ដែរ​៕