តាមការផ្សាយដំណឹងបានឱ្យដឹងថា នៅថ្ងៃទី ១០ ខែមីនាតាមម៉ោងក្នុងតំបន់ រដ្ឋមន្រ្តីការបរទេសនៃរុស្ស៊ី អ៊ុយក្រែននិងតួកគីបានធ្វើកិច្ចជំនួបថ្នាក់រដ្ឋមន្ត្រីនៅប្រទេសតួកគី។
ទាក់ទិននឹងកិច្ចជំនួបលើកនេះ លោក Zhao Lijian អ្នកនាំពាក្យនៃក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទកាសែតជាប្រចាំនាថ្ងៃទី ១០ ខែមីនាថា យើងបានកត់សម្គាល់ថាកិច្ចជំនួបលើកនេះជាកិច្ចជំនួបថ្នាក់រដ្ឋមន្រ្តីការបរទេស ដែលជាកិច្ចជំនួបថ្នាក់ខ្ពស់បំផុតមួយលើកតាំងពីរុស្ស៊ីនិងអ៊ុយក្រែនកើតមានការប៉ះទង្គិចគ្នាមក។ រំពឹងថាភាគីពាក់ព័ន្ធនានាឈរលើគោលការណ៍គោរពគ្នា ដើរស្របតាមទិសដៅរួម ធ្វើការចរចាយ៉ាងយកចិត្តទុកដាក់ ធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយវិបត្តិដោយសន្តិវិធី។ ភាគីចិនសូមស្វាគមន៍ចំពោះរាល់កិច្ចខិតខំប្រឹងប្រែងផ្លូវទូតណាដែលធ្វើឡើងដើម្បីសន្តិភាពរវាងរុស្ស៊ីនិងអ៊ុយក្រែន ក្នុងនោះ រួមទាំងកិច្ចជំនួបថ្នាក់រដ្ឋមន្ត្រីរវាងតួកគី រុស្ស៊ីនិងអ៊ុយក្រែនលើកនេះផង៕