កាលពីថ្ងៃទី ១៥ខែមីនា លោកXi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតជូនចំពោះលោក Serdar Berdimuhamedov ដើម្បីអបអរសាទរចំពោះលោកដែលបានជាប់ឆ្នោតជាប្រធានាធិបតីប្រទេសតួមេនីស្ថាន ។
លោក Xi Jinping បានលើកឡើងថា ចាប់តាំងពីប្រទេសតួមេនីស្ថានទទួលបានឯករាជ្យរយៈពេល៣០ ឆ្នាំមក កិច្ចកសាងប្រទេសជាតិនិងការស្តារភាពរុងរឿងរបស់ប្រជាជាតិឡើងវិញរបស់ប្រទេសតួមេនីស្ថានទទួលបានការវិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស។ ក្នុងនាមជាអ្នកជិតខាងដ៏មានមេត្រីភាពនិងជាដៃគូយុទ្ធសាស្ត្ររបស់តួមេនីស្ថាន ប្រទេសចិនសប្បាយចិត្តយ៉ាងខ្លាំងដោយបានមើលឃើញការរីកចម្រើននេះ។ លោកយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងតួមេនីស្ថាន និងមានឆន្ទៈរួមជាមួយលោកប្រធានាធិបតីBerdimuhamedov ធ្វើការខិតខំប្រឹងប្រែងដោយចាត់ទុកខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរជាចំណុចចាប់ផ្តើមថ្មី បន្តវេនបុព្វហេតុអតីតកាលនិងឆ្ពោះទៅកាន់អនាគត ដើម្បីរួមគ្នាចារទំព័រថ្មីនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងចិននិងតួមេនីស្ថាន។