អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាចាត់ទុក មហាសន្និបាតសភាទាំងពីរនៃប្រទេសចិន គឺជាតួអង្គសំខាន់របស់ពិភពលោក

2022-03-17 15:52:52 |ប្រភព:វិទ្យុមិត្តភាពកម្ពុជាចិន

  ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលបានលើកឡើងថា មហាសន្និបាតសភាទាំងពីរនៃប្រទេសចិន ដែលបាននិងកំពុងប្រព្រឹត្តទៅ នាដើមខែមីនា ២០២២នេះ ត្រូវបានពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំង ទាំងកិច្ចការផ្ទៃក្នុង និងគោលនយោបាយការបរទេសរបស់ប្រទេសចិន។

  ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងពេលផ្តល់កិច្ចសម្ភាសន៍ ជូនវិទ្យុមិត្តភាពកម្ពុជា-ចិន នាថ្ងៃទី៧ មីនា ២០២២ បានមានប្រសាសន៍ថា មិនត្រឹមតែរូបឯកឧត្តមផ្ទាល់ទេ គឺរាល់ពេលដែលសភាទាំងពីរជួបប្រជុំគ្នាម្តងៗ ពិភពលោកចាប់អារម្មណ៍ណាស់ ដោយចង់ដឹងថា តើសភាទាំងពីរសម្រេចលទ្ធផលអ្វីខ្លះ ជាពិសេស ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងការពារជាតិ ដែលឯកឧត្តមយល់ថា វិស័យទាំង៣នេះ មានសារៈសំខាន់ណាស់។

  ពិភពលោកក៏ចាប់អារម្មណ៍និងតាមដានលើការគ្រប់គ្រងរបស់ចិន ដោយឯកឧត្តមសង្កេតឃើញពីការប្រឹងប្រែងរបស់ប្រធានរដ្ឋចិន ស៊ី ជីនភីង ក្នុងការលុបបំបាត់អំពើពុករលួយ និង ជោគជ័យកាត់បន្ថយភាពក្រីក្រ ដែលពិភពលោកតាមដានយ៉ាងខ្លាំង ហើយរៀនសូត្រអំពីការប្រឹងប្រែងរបស់លោកប្រធានរដ្ឋចិន ។

  ក្រៅពីការចាប់អារម្មណ៍លើកិច្ចការផ្ទៃក្នុងរបស់ចិន ចំពោះការវិវឌ្ឍពិភពលោកវិញ ក៏ត្រូវបានពិភពលោកតាមដានយ៉ាងយកចិត្តទុកដាក់ដែរ។ សម្រាប់ការតាមដានរបស់ឯកឧត្តមផ្ទាល់ ឯកឧត្តមយល់ឃើញថា ការរីកចម្រើនរបស់ចិនគឺជាអំណោយផលរបស់ពិភពលោក ហើយប្រទេសចិនចង់ឲ្យពិភពលោក ស្ថិតក្នុងវឌ្ឍនភាព សន្តិភាព ការរួមសហប្រតិបត្តិការជាមួយគ្នា។

  ឯកឧត្តមវាយតម្លៃខ្ពស់អំពីគោលនយោបាយនៃសភាទាំងពីរ ដែលកំពុងប្រជុំ។ សម្រាប់គោលនយោបាយបរទេសនេះដែរ ឯកឧត្តមបានបន្តថា ពិភពលោកបានដឹងហើយថា ប្រទេសចិនតែងតែការពារសន្តិភាព និងកិច្ចសហប្រតិបត្តិការដែលមិនប្រកាន់ពណ៌សម្បុរ ដូច្នេះ អ្វីដែលឯកឧត្តមនឹងបន្តតាមដានមើល នៅក្នុងចរិតនយោបាយរបស់ចិន ថាតើធ្វើឲ្យមានការផ្លាស់ប្តូរដល់ពិភពលោក ជះឥទ្ធិពលដល់ពិភពលោកដូចម្តេច។ មហាសន្និបាតសភាទាំងពីរនេះ គឺជាកត្តាសំខាន់ណាស់ សម្រាប់តាមដាន អំពីឥរិយាបថរបស់ចិន ក្នុងកិច្ចការបរទេស ដូច្នេះ មហាសន្និបាតនេះ គឺជាតួអង្គសំខាន់មួយរបស់ពិភពលោក។

  គួរបញ្ជាក់ថា ប្រទេសចិនតែងតែរៀបចំ មហាសន្និបាតសភាទាំងពីរ ជារៀងរាល់ឆ្នាំ ដោយជាទូទៅ ធ្វើឡើងនៅក្នុងខែមីនា៕